COVID-19
អន្តរជាតិ
ចារកិច្ចអាម៉េរិក ក៏មិនអាចកំណត់ប្រភពជំងឺកូវីដ-១៩ ដែរ ព្រោះខ្វះព័ត៌មានពីចិន
28, Aug 2021 , 10:05 am        
រូបភាព
រូបថត៖ National Institute of Allergy and Infectious Diseases (NIAID)
រូបថត៖ National Institute of Allergy and Infectious Diseases (NIAID)
ក្រុមចារកិច្ចអាម៉េរិក មិនអាចកំណត់ប្រភពដើមជំងឺកូវីដ-១៩ ដែលចម្លងលើមនុស្សជាង២រយលាននាក់ក្នុងពេលជិត២ឆ្នាំមកនេះបានឡើយ ដោយសារមិនមានព័ត៌មានគ្រប់គ្រាន់។ នេះបើតាមរបាយការណ៍ចារកិច្ចសង្ខេបដែលចេញនៅថ្ងៃទី២៧ ខែសីហា។ ចារកិច្ចអាម៉េរិកអះអាងថា មានតែការចូលរួមរបស់ចិនប៉ុណ្ណោះ ទើបប្រសា្ននេះអាចដោះស្រាយបាន។ លោកប្រធានាធិបតី ចូ បៃឌិន ប្ដេជ្ញារកប្រភពជំងឺនេះឱ្យឃើញ។

 
ការិយាល័យនាយកចារកិច្ចជាតិរបស់អាម៉េរិក បានបញ្ចេញជាសាធារណៈរបាយការណ៍សង្ខេបលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនលើប្រភពជំងឺកូវីដ-១៩ ។ របាយការណ៍សង្ខេបដែលចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា មិនមានព័ត៌មានសម្ងាត់ឡើយ ដោយព័ត៌មានសំខាន់ៗ និងរសើបៗត្រូវដាក់ជូនប្រធានាធិបតី ចូ បៃឌិន ដែលបញ្ជាឱ្យស៊ើបអង្កេតប៉ុណ្ណោះ។ លោក បៃឌិន ទទួលបានរបាយការណ៍សម្ងាត់រួចហើយកាលពីដើមសប្ដាហ៍នេះ។
 
មិនខុសពីរបាយការណ៍ដែលស៊ើបអង្កេតរួមគ្នាដោយអង្គការសហប្រជាជាតិ និងចិនឡើយ របាយការណ៍របស់ចារកិច្ចអាម៉េរិក ក៏មិនអាចកំណត់ប្រភពដើមជំងឺកូវីដ-១៩ បានដែរ។ ក្នុងរបាយការណ៍សង្ខេបរបស់ខ្លួន សហគមន៍ចារកិច្ចអាម៉េរិកបញ្ជាក់ថា លុះត្រាមានការចូលរួមរបស់ចិន ទើបដំណើរការស្វែងរកប្រភពពិតប្រាកដនៃជំងឺកូវីដ-១៩ ដែលសម្លាប់ជីវិតមនុស្សជាង៤,៦លាននាក់ អាចសម្រេចទៅបាន។
 
លោក បៃឌិន ក្នុងសេចក្ដីថ្លែងការណ៍ដោយឡែកមួយ ក៏ប្ដេជ្ញាចិត្តជំរុញឱ្យចិនផ្ដល់ចម្លើយចំពោះការសង្ស័យដែលមាន។ មេដឹកនាំអាមេរិកអះអាងថា ព័ត៌មានសំខាន់ៗពីប្រភពនៃជំងឺនេះមាននៅចិនឯណោះ ប៉ុន្តែតាំងពីដើមទីមក រដ្ឋាភិបាលចិនបានរារាំងអ្នកស៊ើបអង្កេតអន្តរជាតិ និងសមាជិកសហគមន៍សុខាភិបាលពិភពលោកពីការទទួលបានព័ត៌មានទាំងនោះ។
 
របាយការណ៍របស់អាម៉េរិកសន្និដ្ឋានចុងក្រោយថា​ អ្នកជំនាញមិនអាចផ្ដល់ការការពន្យល់ជាក់លាក់ណាមួយឡើយដោយគ្មានព័ត៌មានពីចិនដូចជាសំណាក និងទិន្នន័យពីករណីឆ្លងដំបូងៗ។ ជំងឺកូវីដ-១៩ ផ្ទុះឡើងដំបូងនៅទីក្រុងវូហាននៅចុងឆ្នាំ២០១៩ មុនបន្តរាលដាលទៅកាន់ប្រទេសនានាលើពិភពលោក។ សម្មតិកម្មវីរុសបង្កជំងឺនេះបែកធ្លាយចេញពីមន្ទីរពិសោធន៍វូហាន ជាចំណុចដែលបន្តក្ដៅគគុកដដែល។
 
អ្វីគួរកត់សម្គាល់នោះ សហគមន៍ចារកិច្ចអាម៉េរិកដែលមានស្ថាប័នចំណុះជាច្រើន ក៏ខ្វែងគំនិតគ្នាលើសម្មតិកម្មនេះដែរ។ អង្គភាពខ្លះជឿថា កូរ៉ូណាវីរុស លេចចេញពីប្រភពធម្មជាតិ ហើយចម្លងទៅកាន់សត្វណាមួយ។ ប៉ុន្តែរបាយការណ៍សង្ខេបខាងលើបញ្ជាក់ថា ចំណុចនេះមានភាគរយទាប។ ចំណែកអង្គភាពខ្លះដាក់ការសង្ស័យថា មនុស្សដំបូងដែលមានជំងឺនេះ អាចឆ្លងមកពីប្រភពដែលទាក់ទងឧប្ទវហេតុនៅមន្ទីរពិសោធន៍ដូចជាអំឡុងពេលធ្វើពិសោធន៍ ការចាប់កាន់សត្វ ឬសំណាកវីរុសជាដើម៕
 
 
 

Tag:
 អាមេរិក
  កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com