ជាតិ
សត្វស្លាបកម្រ៤ប្រភេទ បានបង្ហាញខ្លួនក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី
28, Aug 2021 , 10:37 am        
រូបភាព
ដោយ:
សត្វក្រៀល ត្រយងយក្ស ត្រដក់តូចនិងសត្វកុកពាក់អំបោះ ជាសត្វប្រភេទកម្រ ដែលថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរីនាពេលកន្លងមក។ នេះបើតាមក្រសួងបរិស្ថាន។


សត្វស្លាបកម្រ ៤ប្រភេទមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីដែលថតបានដោយក្រុមអ្នកអភិរក្សសត្វស្លាប និងម៉ាស៊ីនថតស្វ័យប្រវត្តិរបស់អង្គការWCS។ សត្វកម្រទាំង៤ប្រភេទ រួមមាន សត្វកុកពាក់អំបោះ ថតបាននៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២១, សត្វត្រយងយក្ស ដែលកំពុងបញ្ចុកចំណីកូនក្នុងសម្បុក ថតបានក្នុងអំឡុងខែឧសភាឆ្នាំ២០២១, សត្វត្រដក់តូច ត្រូវថតបានដោយ ម៉ាស៊ីនថតស្វាយប្រវត្តិនៅថ្ងៃទី១៣ខែសីហា ឆ្នាំ២០២១ និងសត្វក្រៀលថតបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
 
លោក នេត្រ ភក្ត្រាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថាវត្តមានរបស់សត្វព្រៃនិងសត្វកម្រនៅក្នុងព្រៃធម្មជាតិ ពិតជាធនធានធម្មជាតិដ៏សំខាន់ដែលមនុស្សគ្រប់គា្នគួរថែរក្សាការពារ និងអភិរក្ស។ ជាមួយគ្នានេះ ត្រូវធ្វើយ៉ាងណាឱ្យសត្វទាំងនោះនៅមានក្នុងព្រៃធម្មជាតិបន្ត ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងជាសញ្ញាបញ្ជាក់ថាកម្ពុជា អាចរក្សាវត្តមានប្រភេទសត្វកម្រមិនឱ្យដាច់ពូជ។


រូបភាពដោយ WCS 

លោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួលនិងស្រាវជ្រាវសត្វព្រៃអង្គការ WCS បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្រុមការងាររបស់លោកនិងសហគមន៍ តែងតែធ្វើការនៅក្នុងព្រៃ និងទីវាល ដើម្បីស្វែងរកសម្បុកសត្វនិងជម្រករបស់សត្វកម្រប្រភេទទាំងនេះ ដើម្បីថែរក្សា និងអភិរក្សពីការបរបាញ់ឬរំខានពីជនខិលខូចមួយចំនួន។ តាមរយៈការថែរក្សា និងអភិរក្ស ក្រុមការងារទទួលបានជោគជ័យលើការងារមួយចំនួនដូចជាសកម្មភាពយាម និងរក្សាសម្បុកពងកូនរបស់សត្វត្រយក្ស។ ក្រៅពីភាពជោគជ័យថ្មីនេះក្រុមការងារនារបស់លោក វ៉ាន់ឌឿនក៏បរាជ័យលើសកម្មភាពការអភិរក្សពងរបស់សត្វក្រៀលមួយសម្បុក មានពងពីរ នៅក្នុងដែនជម្រកសត្វស្រែពកផងដែរ។
 


រូបភាពដោយ WCS

អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃអង្គការWCSរូបនេះបញ្ជាក់ថា ការចូលរួមសិក្សានិងស្វែងយល់ពីអត្ថប្រយោជន៍របស់ប្រភេទសត្វកម្រពីពលរដ្ឋមូលដ្ឋាន និងសាធារណជនទូទៅពិតជាមានសារសំខាន់សម្រាប់ការអភិរក្សប្រភេទសត្វទាំងនោះនៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។
 
សត្វស្លាបកម្រទាំងនេះមានតិចតួចណាស់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្តែង សត្វក្រៀល ដែលជាប្រភេទសត្វស្លាបកំពុងរងគ្រោះនិងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះដែលក្រុមស្រាវជ្រាវប្រទះឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា។ បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សនិងក្រុមស្រាវជ្រាវកំពុងខិតខំការពារសម្បុកពងកូនរបស់សត្វស្លាបទាំងនេះក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន៕
 

រូបភាពដោយ WCS

រូបភាពដោយ WCS


Tag:
 មណ្ឌលគិរី
  សត្វស្លាបកម្រ
© រក្សាសិទ្ធិដោយ thmeythmey.com