COVID-19
ជាតិ
រដ្ឋគ្រោងរៀបចំមន្ទីរពិសោធន៍នៅសៀមរាប ឱ្យ​វិភាគរកកូវីដ-១៩ ​បំប្លែងថ្មីប្រភេទ Delta ​
28, Aug 2021 , 11:10 am        
រូបភាព
 មន្ទីរពិសោធន៍វិទ្យាសាស្រ្ដថ្នាក់តំបន់សៀមរាប ស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថតនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១។
មន្ទីរពិសោធន៍វិទ្យាសាស្រ្ដថ្នាក់តំបន់សៀមរាប ស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថតនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១។
សៀមរាប៖ មន្ទីរពិសោធន៍តេស្តជំងឺកូវីដ-១៩ ថ្នាក់តំបន់នៅសៀមរាប ត្រូវបានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៣ សីហាកន្លងទៅ។ បច្ចុប្បន្ន មន្ទីរពិសោធន៍នេះ មានសមត្ថភាពអាចតេស្តមេរោគកូវីដ១៩ ជិត១ពាន់សំណាកក្នុងមួយថ្ងៃ ហើយមិនយូរប៉ុន្មាន ស្ថាប័ននេះ ​នឹងវិវត្តន៍ខ្លួនដើម្បីតេស្ដរកមេរោគបំលែងថ្មី ដោយរំពឹងថា នឹងចំណេញពេលវេលាច្រើនជាងមុន។

 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នមន្ទីរពិសោធន៍ ដែលទើបដាក់ឱ្យដំណើរការក្នុងមន្ទីរពេទ្យបង្អែកខេត្ត មានម៉ាស៊ីនតេស្ដមេរោគបំលែងថ្មី ប្រភេទ ដែលតា ហើយ ដែលជាជំនួយពីគណៈកម្មការ បុមអាតូម៉ិច អន្ដរជាតិ ដែលមានសមត្ថភាពដូចម៉ាស៊ីននៅភ្នំពេញដែរ។ យ៉ាងណាលោកបញ្ជាក់ថា មន្ទីរសុខាភិបាល ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដំឡើង និងប្រើប្រាស់ម៉ាស៊ីននេះ បានទេក្នុងកាលៈទេសៈនេះនៅឡើយ​។
 


លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខត្តសៀមរាប


លោកបន្តថា៖« ដែលតា ជាជំហានទី២ មានម៉ាស៊ីនហើយ តែយើងរត់មិនទាន់រួច...ម៉ាស៊ីនមានហើយ តែនៅខ្វះប្រតិករ ដូចទឹកថ្នាំជាដើម មិនទាន់មានលទ្ធភាពទេ»។

 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦ ខែសីហា ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា សរុប ១៧៨នាក់។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា ក្នុងចំណោមនោះភាគច្រើនឆ្លងក្នុងសហគមន៍។ យ៉ាងណា លោកថា អាចគ្រប់គ្រងស្ថានការណ៍បាន ដ្បិតថា អ្នកជំងឺទាំងអស់ សុទ្ធតែអ្នកដែលត្រូវបាននៃមកធ្វើចត្តាឡីស័ក មុនរកឃើញមេរោគបំលែងថ្មី។
 
បន្ថែមពីនេះ លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ទៀតថា ស្ថានការណ៍ក្នុងខេត្តសៀមរាប ហាក់មានការធូរស្រាលខ្លាំងនារយៈពេលចុងក្រោយនេះ អ្នកឆ្លងថ្មីធ្លាក់ចុះ រីឯអ្នកជាសះស្បើយមានកាន់តែច្រើនជាប្រចាំថ្ងៃ ហើយការតេស្ដតាមសហគមន៍ដែលធ្លាប់ផ្ទុះខ្លាំង មានអ្នកវិជ្ជមានតិចបំផុត តួយ៉ាងនៅស្រុកសូទ្រនិគមជាដើម តេស្ដច្រើនរយនាក់ រកឃើញវិជ្ជមានត្រឹម៥ករណីប៉ុណ្ណោះ។
 
គិតត្រឹមថ្ងៃទី២៦ ខែ សីហា ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៧,៥៥៦នាក់ ស្លាប់ ៧៩នាក់ ជាសះស្បើយ ៦,៦២៩នាក់ និងនៅសល់៨៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
 
មន្ទីរពិសោធន៍វិទ្យាសាស្រ្ដតេស្ដមេរោគកូវីដ១៩ ក្នុងខេត្តសៀមរាប ជាមន្ទីរពិសោធន៍មួយក្នុងចំណោម៣ ដែលក្រសួងសុខាភិបាលប្រកាសបានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០២០ ក្នុងនោះមានមន្ទីរពិសោធន៍ថ្នាក់តំបន់នៃខេត្តព្រះសីហនុ បាត់ដំបង។ ក្រសួងបញ្ជាក់ថា ការសាងសង់មន្ទីរពិសោធន៍នេះ ដើម្បីបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ និងទាន់ពេលវេលា។ តាមក្រសួងដដែល មន្ទីរពិសោធន៍ថ្នាក់តំបន់នៅសៀមរាប ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ ចំណាយថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ៕
 
 

Tag:
 មន្ទីរពិសោធន៍សៀមរាប
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com