អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩ របស់ Sinopharm ពីរដូសនៅសិង្ហបុរី មានតម្លៃចាប់ពី៩៨ដុល្លារ
28, Aug 2021 , 8:59 pm        
រូបភាព
ដបផ្ទុកវ៉ាក់សាំង Sinopharm ។ រូបថត Xinhua
ដបផ្ទុកវ៉ាក់សាំង Sinopharm ។ រូបថត Xinhua
សិង្ហបុរី នឹងចាប់ផ្ដើមផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដល់ប្រជាជនទូទៅចាប់ពីថ្ងៃទី៣០ ខែសីហាតទៅ ដោយការចាក់ពីរដូសមានតម្លៃ៩៨ដុល្លារអាម៉េរិកឡើងទៅ។ មិនខុសពីវ៉ាក់សាំង Sinovac ឡើយ វ៉ាក់សាំង Sinopharm មិនស្ថិតក្នុងកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់សិង្ហបុរីឡើយ តែការចាក់អាចធ្វើបានសម្រាប់អ្នកដែលត្រូវការ។

 
ប្រជាជនសិង្ហបុរី ដែលចង់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm អាចកក់សេវាកម្មនៅតាមមន្ទីរពេទ្យ និងគ្លីនិកសុខភាពឯកជនដែលទទួលបានការអនុញ្ញាតពីរដ្ឋ។ ការកក់កន្លែងចាក់វ៉ាក់សាំង ចាប់ផ្ដើមពីថ្ងៃទី២៨ ខែសីហា ហើយការចាក់ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែសីហា។
 
ចំពោះតម្លៃវិញ សារព័ត៌មាន The Strait Times រាយការណ៍ថា នៅទីតាំងខ្លះ ការចាក់ពីរដូសមានតម្លៃ៩៨ដុល្លាររាប់បញ្ចូលពន្ធ ហើយទីតាំងខ្លះមានតម្លៃ៩៩ដុល្លារ។ គម្លាតដូសទី១ និងទី២ មានរយៈពេល៣សប្ដាហ៍ទៅ៤សប្ដាហ៍ ហើយអាចចាក់ពីមនុស្សអាយុ១៨ឆ្នាំឡើង។ លទ្ធផលសាកល្បងកន្លងបង្ហាញថា វ៉ាក់សាំងSinopharm មានប្រសិទ្ធភាពមិនឱ្យឆ្លង៧៩ភាគរយ។
 
វ៉ាក់សាំងរបស់ Sinopharm ជាវ៉ាក់សាំងទី៤ ដែលត្រូវបានប្រើប្រាស់នៅសិង្ហបុរី។ ការនាំចូលវ៉ាក់សាំងនេះ ធ្វើឡើងក្រោមកម្មវិធីពិសេសដូចវ៉ាក់សាំង Sinovac ។ វ៉ាក់សាំងទាំងពីរ សុទ្ធតែមិនរាប់បញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់សិង្ហបុរី ខុសពីវ៉ាក់សាំងរបស់ Comirnaty របស់ Pfizer-BioNTech និង Moderna ។ លើសពីនោះ ក្នុងករណីមានបញ្ហាក្រោយចាក់ អ្នកទទួលវ៉ាក់សាំង ក៏មិនអាចទទួលបានការគាំទ្រពីរដ្ឋដែរ។
 
វ៉ាក់សាំងទាំងពីររបស់ចិន និយមប្រើក្នុងចំណោមអ្នកដែលមិនទុកចិត្ត ឬអាចមានបញ្ហាពេលចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យានាំសារ mRNA ដូចជាវ៉ាក់សាំងរបស់ Pfizer-BioNTech និង Moderna ជាដើម។
 
គិតត្រឹមថ្ងៃទី២៦ ខែសីហា សិង្ហបុរីមានអ្នកចាក់វ៉ាក់សាំងពេញលេញ៧៩ភាគរយហើយក្នុងចំណោមប្រជាជនសរុប៕
 
 
 
 

Tag:
 Sinopharm
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com