ភ្នំពេញ៖ លោក ម៉ុក សាខន ដែលមានដើមកំណើតពីខេត្តបាត់ដំបង បានយកការតែងកំណាព្យ ដើម្បីបំបាត់សេចក្ដីអផ្សុកក្នុងអារម្មណ៍។ កំណាព្យដែលលោកតែងភាគច្រើន បរិយាយអំពីការលើកតម្កើងសម្បតិវប្បធម៌ អរិយធម៌ជាតិ អក្សរសាស្ត្រជាតិ សម្បត្តិធម្មជាតិ ការអប់រំផ្លូវចិត្ត និងការបណ្ដុះគុណធម៌របស់មនុស្សជាដើម។
មិនត្រឹមតែតែងកំណាព្យ ដើម្បីគ្រាន់ជាការកំដរភាពអផ្សុករបស់ខ្លួនប៉ុណ្ណោះឡើយ ប៉ុន្តែលោក ម៉ុក សាខ ខំសម្រិតសម្រាំងខ្លឹមសារក្នុងពាក្យកាព្យរបស់លោក ឱ្យបានជាគុណប្រយោជន៍សម្រាប់អ្នកអានគ្រប់រូប ទុកជាការគិតពិចារណា។ កំណាព្យមួយរបស់លោក និយាយពី”សក្ដិ ស័ក សាក់” បានស្ដែងឱ្យឃើញពីជីវិតរបស់នាយទាហ៊ានមួយរូប៖ អាសូរនាយចៀនទាហានចាស់ យូរណាស់ច្បាស់ជាក់ពាក់ត្រឹមដោយ(១) ជីវភាពទន់ពន់ខ្សត់ខ្សោយ ជាបោយកោយកាយបាយលោកធំ។ កំណាព្យនេះជាបទពាក្យ៧។
រីឯកំណាព្យដែលមានចំណងជើងថា “ស្រណោះដីខ្មែរ” បានប្រែភាសាឱ្យខេមរា មានចិត្តស្នេហាជាតិ៖ នឹកស្រណោះ កោះដែន ផែនដីខ្មែរ សាសន៍ពូកែ ថែគង់ ពង្សាវតា វប្បធម៌ ប្រពៃ នៃខេមរា កេរដូនតា ថ្លាថ្លៃ ច្នៃសំភី។ ក្រាញតបត ប្រយុទ្ធ មុតមោះខ្លាំង ទល់ទប់ច្បាំង ខ្មាំងដាប ក្រាបវក់វី ពុំសោកស្ដាយ ខ្វាយខ្វល់ ដល់ជីវី ស៊ូពលី ជីវិត ឥតអាល័យ។ ឈាមហូរស្រក់ ដក់ច្រាល ក្រាលពារា សមគ្គា ពារពុះ លុះត្រាក្ស័យ កម្ចាត់មារ វាហ៊ាន ឈ្លានប្រល័យ សាងស្នាដៃ ក្រៃឮ រន្ទឺលោក។ នេះជាបទពាក្យប្រាំបីចួន៣។ នៅមានកំណាព្យជាច្រើនទៀត ដែលកវី ម៉ុក សាខន និពន្ធឡើយ ដើម្បីស្ដែងឱ្យឃើញពីតថភាពសង្គម។
អះអាងថាលោកមិនមែនជាករី ដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេង បុរសដែលមានវ័យ៦៦ឆ្នាំរូបនេះ ក៏បានយករឿង “កុលាបប៉ៃលិន” ផ្កាស្រពោន” និងរឿង “សូផាត” ទៅតែងជាកំណាព្យផងដែរ។ លោកថាការយករឿងប្រលោមលោក របស់អ្នកនិពន្ធរៀមច្បង មកចងក្រងជាកំណាព្យ ក៏ព្រោះលោកបានឃើញពីគុណតម្លៃនៃរឿងទុំទាវ ដែលបានតែងជាពាក្យកាព្យរួចមកហើយនោះ មានរសជាតិប្រសើរប្លែកពីពាក្យរាយ ដោយបានអន្ទងចិត្តរបស់លោក ឱ្យដឹតដាមបំភ្លេចមិនបាន។
លោក ម៉ុក សាខន ពន្យល់៖«ខ្ញុំបានឃើញរឿងទុំទាវ មានជាពាក្យកាព្យ ខ្ញុំអានហើយជក់ចិត្តដិតអារម្មណ៍ ព្រោះអ្នកនិពន្ធមានសិល្ប៍វិធីនៃការតែងបានពីរោះរណ្ដំ។ ម្យ៉ាងទៀតខ្ញុំចង់បណ្ដុះឱ្យក្មេងជំនាន់ក្រោយ ចង់អានកំណាព្យ និងយកចិត្តទុកដាក់រក្សាក្បួនកាព្យខ្មែរ។ ជួនខ្ញុំតែងកំណាព្យពីទេសភាព ឬការជួបជុំមិត្តដើរលេង។ ជួនតែងពីសម្បតិវប្បធម៌អរិយធម៌ជាតិ អក្សរសាស្ត្រជាតិ សម្បត្តិធម្មជាតិ ការអប់រំផ្លូវចិត្ត និងការបណ្ដុះគុណធម៌ជាដើម។ ប៉ុន្ដែពុំមានទម្រង់កាព្យច្រើននោះទេ ភាគច្រើនគឺបទកាកគតិ បទពាក្យ៧ បទពាក្យ៨ និងពាក្យ៩។ ស្នាដៃកំណាព្យរបស់រៀមច្បងគ្រប់រូប សុទ្ធតែជាទីពេញចិត្តរបស់ខ្ញុំទាំងអស់ រួមទាំងខ្ញុំតែងខ្លួនឯងផង»។
បុរសដែលបច្ចុប្បន្នមានទីលំនៅក្នុងសង្កាត់ផ្សារដើមគ រាជធានីភ្នំពេញរូបនេះ ចូលចិត្តវិស័យសិល្បៈ តាំងតែពីក្មេង ពិសេសខាងផ្នែកចម្រៀង។ លោក សាខន ដែលមានកូន៥នាក់នោះ សារភាពថា លោកបានប្រឡងផ្នែកចម្រៀងដែរ ប៉ុន្តែមិនជាប់ ព្រោះតែសំឡេងរបស់លោកមិនពីរោះ។
ដោយដក់ចិត្តស្រឡាញ់ផ្នែកចម្រៀងខ្លាំង តែបែរជាមិនអាចដើរតាមផ្លូវដែលលោកប្រាថ្នាបាន លោក ម៉ុក សាខន ក៏បានទម្លាយរឿងរបស់ខ្លួន តាមរយៈស្នាដៃកំណាព្យមួយ ដែលមានចំណងជើងថា “មិនដូចរៀមច្បង”។
តាមពិតទៅកំណាព្យនោះ លោកតាក់តែងឡើង ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅថ្ងៃទី២៣ ខែសីហា។ ទោះជាយ៉ាងណា ខ្លឹមសារនៃពាក្យកាព្យនោះ ក៏បានស្ដែងពីការសោកស្ដាយចំពោះខ្លួនឯង ដែលលោកពុំមានវាសនា ប្រាស្រ័យក្នុងវិស័យសិល្បៈចម្រៀងផងដែរ។
នេះគឺជា កំណាព្យ ដែលមានចំណងជើងថា “មិនដូចរៀមច្បង” ដោយស្រង់តែឃ្លាខ្លះមកបង្ហាញតែប៉ុណ្ណោះ៖ ១ បើកស្ដាប់ចម្រៀងផ្ទៀងផ្ទាប់សោតា ទឹកដមវាចាមហាកវី ស៊ីនស៊ីសាមុតវិសុទ្ធសម្ដី កេរ្ដិ៍ឈ្មោះល្បាញល្បីពេញផ្ទៃរដ្ឋ។ ២ ខ្ញុំក្មេងជាន់ក្រោយខ្សត់ខ្សោយអក្ខរៈ វិស័យសិល្បៈឆ្លាក់ជាប់ចិន្តា ចង់ល្បីដូចលោកខ្វះជោគវាសនា សំឡេងស្អកស្អាហាមិនសក្ដិសម។ ៣ ខំច្រៀងខំស្ដាប់ខំត្រាប់ខំត្រង សំឡេងរៀមច្បងចងមន្តសណ្ដំ ដក់ដាមដិតជ្រៅនៅក្នុងអារម្មណ៍ នេះពិតជាចំសមស្ដេចសំនៀង។ ...............៥ ដូច្នេះបងប្អូនកូនខ្មែរគ្រប់គ្នា រួមសមគ្គាការពារសិល្បៈ ឱ្យរីកចម្រើនកើនទៅឥតអាក់ បង្ហាញលក្ខណៈអារ្យធម៌ខ្មែរ។
កវីដែលមិនមានសាច់ញាតិជាប់ឧបនិស្ស័យក្នុងវិស័យសិល្បៈទាល់តែសោះ រួមទាំងកូនទាំងអស់របស់លោកផងនោះ បានចាប់ផ្ដើមរៀនតែងកំណាព្យនៅអាយុ១៧ឆ្នាំ។ ចេះតែងកំណាព្យពីគ្រូភាសាខ្មែរមួយរូប រួមទាំងមើលសៀវភៅក្បួនតែងកំណាព្យនានា និងអានគ្រប់កំណាព្យរបស់រៀមច្បងទាំងឡាយផង បានធ្វើឱ្យឧត្តមសេនីយ៍ត្រី ម៉ុក សាខន អាចនិពន្ធចម្រៀងបានជាច្រើនបទ។ ទោះជាយ៉ាងណា លោកមិនបានចាំច្បាស់ឡើយ ថាលោកនិពន្ធបានប៉ុន្មានបទ។
«ក្នុងឆ្នាំ១៩៨៩-១៩៩០ ដោយសារជីវភាពដុនដាបពេក ខ្ញុំក៏សម្រេចចិត្តចូលបកប្រែរឿងថៃ ក្រោយសម្រាកពីការងាររដ្ឋ។ ទន្ទឹមនោះក៏មានគេទាក់ទងខ្ញុំ ឱ្យជួយតែងទំនុកច្រៀងឱ្យក្រុមហ៊ុនមួយ។ ដោយត្រូវនឹងចំណូលចិត្ត ខ្ញុំចាប់ផ្ដើមការងារនោះ រហូតដល់ឆ្នាំ២០០១។ ជួនខ្ញុំតែងកាឡៃទំនុកច្រៀងរបស់រៀមច្បងចាស់ៗ ដើម្បីទុកច្រៀងលេងខ្លួនឯងពេលទំនេរឬអផ្សុក។ ខ្ញុំបាននិពន្ធបទចម្រៀង”មិនក្បត់សន្យា” ឆ្លើយឆ្លងជាមួយបទ “សន្យាមុនគេ” គ្រាន់តែទុកច្រៀងលេងប៉ុណ្ណោះ»។ នេះជាការពន្យល់របស់លោក ម៉ុក សាខន។
គិតមកដល់ឆ្នាំ២០២១នេះ បុរសដែលមានឪពុកជាមន្ត្រីរាជកា និងម្ដាយជាស្រ្តីមេផ្ទះរូបនេះ ពុំទាន់បានតែងកំណាព្យ ដែលជាសាច់រឿងនិពន្ធដោយខ្លួនឯងឡើយ។
លោក សាខន ថាផលលំបាករបស់លោក ក្នុងការតែងកំណាព្យ គឺត្រង់ទម្រង់បទកាព្យប្លែកៗ និងការជ្រើសពាក្យមកប្រើប្រាស់ឱ្យមានន័យ។ យ៉ាងណាក៏ដោយ កវីរូបនេះពន្យល់ថា ដើម្បីចេះពាក្យច្រើនហើយប្លែកៗ គ្មានអ្វីក្រៅពីការព្យាយាមអាន សរសេរ និងយល់ច្បាស់ពីអត្ថន័យនៃពាក្យនោះទេ។ រូបទី៣
លោក សាខន បញ្ជាក់បន្ថែម៖«ដើម្បីកុំឱ្យមានកំហុសចំពោះការតែងកាព្យ ត្រូវយល់ឱ្យច្បាស់ពីបំណងដែលខ្លួនចង់តែង(សាច់រឿង) ត្រូវដឹងពីទម្រង់ រង្វាស់កាព្យ រង្វាស់ចុងចួនតាមទម្រង់កាព្យ។ ត្រូវចៀសវាងការឃ្លាតចាកឬល្អៀងការចាប់ចួន ប្រសិនបើមានឱ្យតិចបំផុត។ ត្រូវរៀបគម្រោងរឿងជាមុន ប្រៀបដូចតែងសេចក្ដីដែរ។ ពិនិត្យខ្លឹមសារដែលចង់និយាយ និងពិនិត្យអក្ខរាវិរុទ្ធឱ្យច្បាស់។ ពាក្យព្រះចន្ទ យើងអាចប្រើពាក្យបានច្រើនហើយប្លែកៗដូចជា ចន្ទ្រា, ព្រះនិសា, និសាករ, សសាង្ក, សសិ, សសិន, សោមៈ, សីតរង្សី ជាដើម»។
កវី ម៉ុក សាខន ក៏មើលឃើញមិនខុសពីអ្នកនិពន្ធ និងកវីដទៃទៀតដែរ ពីគុណតម្លៃនៃអក្សរសិល្ប៍ តាមរយៈប្រលោមលោក និងកំណាព្យ ដែលតែងឡើងដើម្បីឆ្លុះបញ្ចាំងពីតថភាពសង្គម បណ្ដាលចិត្តអ្នកអានឱ្យស្រឡាញ់ជាតិ អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ និងប្រពៃណី។ ចង់ឱ្យអ្នកស្ដាប់អ្នកមើល ចេះថ្លឹងការខុសត្រូវ ល្អឬអាក្រក់ និងក្នុងបំណងបណ្ដុះស្មារតីរួបរួមជាតិជាដើម៕