ជាតិ
ការចែក និងដាំកូនឈើក្នុងតំបន់អង្គរឆ្នាំនេះ ថយចុះជិតពាក់កណ្តាល
28, Aug 2021 , 10:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ នៅរដូវវស្សាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានចែកកូនឈើដល់ប្រជាពលរដ្ឋមូលដ្ឋាន ព្រះសង្ឃ និងសាធារណជនជាង៥ម៉ឺនដើម។ ចំនួននេះ ធ្លាក់ចុះជិតពាក់កណ្ដាលបើធៀបទៅនឹងឆ្នាំ២០២០។ នេះបើតាម លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន ។


លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថានបានប្រាប់សារព័ត៌ថ្មីៗ២៥ថា មូលហេតុដែលអាជ្ញាធរជាតិអប្សរាចែកកូនឈើក្នុងរដូវវស្សានេះតិច ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនធំអាក់ខានមិនបានមកយកកូនឈើទៅដាំ។ 


 
«ឆ្នាំនេះដើមរដូវប្រាំងចូលមកលឿនជាងឆ្នាំមុន។ ដូច្នេះពួកយើងបានចែកកូនមុនមួយខែ គឺចាប់ផ្ដើមពីខែ៥មក ប៉ុន្ដែជាទូទៅគេត្រូវចាប់ផ្ដើមនៅចន្លោះខែមិថុនា ដល់ពាក់កណ្ដាលខែកញ្ញាជារៀងរាល់ឆ្នាំ។ ដ្បិតថាយើងចែកមុនមួយខែ និងមានកូនឈើខ្លះ បានចែកចាប់ពីខែមករាក្តី តែចំនួនកូនឈើដែលបានចែកទៅនៅថយចុះច្រើន»។ នេះជាការពន្យល់របស់លោក ជូ រ៉ាឌីណា។ 
 
បើតាមលោក ឌីណា ក្នុងឆ្នាំនេះមិនត្រឹមតែសកម្មភាពនៃការចែកកូនឈើជូនប្រជាពលរដ្ឋថយចុះទេ ប៉ុន្តែចំនួនកូនឈើដែលត្រូវដាំក្នុងឧទ្យានអង្គរក៏ធ្លាក់ចុះដែរ។ លោកឌីណា បញ្ជាក់ដូច្នវ៖ «ឆ្នាំនេះសកម្មភាពនៃការចុះដាំកូនឈើ មានសភាពស្ងប់ស្ងាត់ កម្មវិធីដាំកូនឈើក្នុងឧទ្យានអង្គរមិនអាចរៀបចំបាន។ ដូច្នេះឆ្នាំនេះ ក្រុមការងារកូនឈើដោយផ្ទាល់ នៅក្នុងឧទ្យាអង្គរបាន២ម៉ឺនដើមប៉ុណ្ណោះ»។ 
 
អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថានរូបនេះ បញ្ជាក់ថាពេញមួយឆ្នាំ នៃរដូវរស្សា២០២០ កូនឈើ១០ម៉ឺនដើម ត្រូវបានចែកជូនទៅប្រជាពលរដ្ឋ និងសាធារណជន។ គិតខែកក្កដា ឆ្នាំនេះវិញ ក្រុមការងារអាជ្ញាធរជាតិអប្សរា ទើបចែកកូនឈើចំនួន៥ម៉ឺនដើមប៉ុណ្ណោះដល់សាធារណជន៕


 
 

Tag:
 អាជ្ញាធរជាតិអប្សរា
  កូនឈើ
  ឧទ្យានជាតិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com