ជាតិ
កម្ពុជា នឹងទទួលជនភៀសខ្លួនអាហ្វហ្កានីស្ថាន៣០០នាក់ ឱ្យស្នាក់នៅបណ្តោះអាសន្ន រូបថត៖ហ្វេសប៊ុកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន៣០០នាក់ ឱ្យស្នាក់នៅបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣ តបតាមការស្នើសុំរបស់អង្គការ អន្តរជាតិមួយប្រចាំកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fresh News។
ផ្អែកតាមការយល់ព្រមពីប្រមុខរដ្ឋាភិបាលកម្ពុជា ជនភៀសខ្លួនទាំងនោះ នឹងត្រូវផ្តល់ទិដ្ឋាការនៅពេលមកដល់ កម្ពុជា ហើយជនភៀសខ្លួនទាំងអស់ ក៏ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័កតាមគោលការណ៍ដែលដាក់ដោយរដ្ឋាភិបាលកម្ពុជា។ ជនភៀសខ្លួនអាហ្វហ្កានីស្ថាន អាចប្រើប្រាស់អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរបាន។
សារព័ត៌មានថ្មីៗ នៅមិនទាន់អាចសុំការពន្យល់បន្ថែមពីក្រសួងការប្រទេសកម្ពុជានៅឡើយមកទល់ពេលនេះ ជុំវិញការមកដល់ និងរយៈពេលនៃការស្នាក់នៅរបស់ជនភៀសខ្លួនអាហ្វហ្កានីស្ថានបាននៅឡើយទេ។ តែយ៉ាងណាក៏ដោយ បើយោងតាមសំណើរបស់អង្គការអន្តរជាតិប្រចាំកម្ពុជា មកកាន់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហានេះ ជនភៀសខ្លួនដែលនឹងមកកាន់ប្រទេសកម្ពុជានោះ គឺជាបុគ្គលិកអង្គការខ្លួន ប្រចាំប្រទេសអាហ្វហ្កានីស្ថាន និងក្រុមគ្រួសារ៕
© រក្សាសិទ្ធិដោយ thmeythmey.com