ជាតិ
ប្រធាននាយកដ្ឋានអភិរក្សជលផល ស្នើឱ្យអ្នកនេសាទលែងក្តាមសមុទ្រដែលមានពងចូលសមុទ្រវិញ
29, Aug 2021 , 6:59 pm        
រូបភាព
រូបថត៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)
រូបថត៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)
ដោយ:
ភ្នំពេញ៖ក្ដាមសមុទ្រញីមួយក្បាល អាចផលិតពងបានប្រមាណ ១លានពងដែលអាចផ្ដល់ទិន្នផលក្ដាមយ៉ាងតិចណាស់ ១ពាន់ក្បាល។ ប៉ុន្តែក្ដាមពងទាំងនោះបែរជាត្រូវអ្នកនេសាទយកមកលក់លើទីផ្សារទៅវិញ។ ជុំវិញបញ្ហានេះ លោក អ៊ុក វិបុលប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានអំពាវនាវឱ្យអ្នកនេសាទលែងក្ដាមមានពងចូលសមុទ្រវិញ។ បន្ថែមពីការអំពាវនាវលោកក៏កំពុងពិចារណាស្នើឱ្យមានការបង្កើតច្បាប់បញ្ឈប់ការនេសាទក្ដាមពងដើម្បីនិរន្តរភាពទិន្នផលក្ដាម។


ក្ដាមញី ជាប្រភេទសត្វបង្កើតពងពេញមួយឆ្នាំ ជាពិសេសនៅចន្លោះខែ ឧសភា ដល់ខែកក្កដា ព្រោះ ភ្លៀងធ្លាក់ដំបូងគឺធ្វើឱ្យស្មៅសមុទ្រដែលជាជម្រកក្ដាមមានការលូតលាស់ល្អ។ដ្បិតក្ដាមបង្កើតពងពេញមួយឆ្នាំ ប៉ុន្តែក្ដាមនៅតែប្រឈមនឹងកង្វះខាតក្នុងពេលអនាគតដោយសារក្ដាមពងត្រូវបានអ្នកនេសាទ យកមកលក់លើទីផ្សារហើយក៏ទទួលបានគាំទ្រពីអ្នកបរិភោគផងដែរ។
 
ក្ដាមពងមានទីផ្សារព្រោះអ្នកបរិភោគយល់ថាវាមានរសជាតិឆ្ងាញ់ជាងក្ដាមធម្មតា ឬក្ដាមឈ្មោល។ ប៉ុន្តែក្ដាមពងត្រូវបានបែកចែកជាពីរ គឺក្ដាមពងក្នុងខ្លួននិងក្ដាមពងក្រៅខ្លួន ហើយរសជាតិក៏ខុសគ្នាដែរ។ លោក អ៊ុក វិបុល បានបញ្ជាក់ថាការបរិភោគក្ដាមដែលមានពងនៅក្រៅខ្លួន គឺមិនឆ្ងាញ់នោះទេហើយថែមទាំងប៉ះពាល់ដល់ការបង្កបង្កើតពូជក្ដាមថែមទៀត។ ជុំវិញបញ្ហានេះលោក អ៊ុក វិបុល បានប្រាប់សារព័ត៌មានThmeyThmey ថាការនេសាទក្ដាមពង យកមកលក់ មានហានិភ័យខ្ពស់ក្នុងការបាត់បង់ពូជក្ដាម។ « ក្ដាមមួយមានពងចន្លោះពី១លាន ទៅ១លានកន្លះដែលអាចផ្ដល់ទិន្នផលក្ដាមយ៉ាងហោចណាស់ក៏បានក្ដាម ១ពាន់ក្បាលដែរ។


លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល។

បើយើងនៅបន្តនេសាទក្ដាមពង ហើយបរិភោគយើងនឹងធ្វើឱ្យប៉ះពាល់ទិន្នផលក្ដាមយ៉ាងខ្លាំង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធាននាយកដ្ឋានអភិរក្សជលផលរូបនេះ។
ការនេសាទក្ដាមពងនៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះដែរ លោក វិបុលបានអំពាវនាវឱ្យអ្នកនេសាទ លែងក្ដាមដែលមានពងត្រឡប់ចូលសមុទ្រវិញដើម្បីរក្សានិរន្តរភាពក្ដាមទៅពេលអនាគត។ ក្រៅពីការអំពាវនាវលោកក៏លើកឡើងពីវិធានការពីរបន្ថែម។ ទីមួយគឺឱ្យអ្នកនេសាទចូលរួមក្នុងសមាជិកធនាគារក្ដាមដើម្បីយកពងក្ដាមចិញ្ចឹមបន្ត និង វិធានការទីពីរគឺបង្កើតច្បាប់អនុវត្តលើអ្នកមិនគោរពតាមការណែនាំ។លោក អ៊ុក វិបុល បញ្ជាក់យ៉ាងដូច្នេះថា៖« យើងបន្តធ្វើធនាគារក្ដាមនៅតាមសហគមន៍។
 
ប្រជាពលរដ្ឋចាប់បានក្ដាមពងត្រូវលែងពងក្ដាមនោះក្នុងទ្រុងរួចពួកគាត់អាចយកក្ដាមនោះទៅលក់បាន។ ជាការលើកទឹកចិត្ត ប្រជាពលរដ្ឋដែលលែងក្ដាមពងវិញយើងឱ្យគាត់ខ្ចីថវិកា ពីធនាគារក្ដាម ដើម្បីពង្រីកមុខរបរ។ វិធានការទីពីរយើងកំពុងពិចារណាបង្កើតច្បាប់តែម្ដង។ យើងកំពុងស្នើទៅថ្នាក់លើ ដើម្បីបង្កើតច្បាប់អប់រំ ផ្សព្វផ្សាយ បញ្ឈប់ការនេសាទក្ដាមដែលមានពង »។ 
 
សូមជម្រាបថាបច្ចុប្បន្នធនាគារក្ដាមត្រូវបានធ្វើឡើងក្នុងសហគមន៍ជាច្រើននៅក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុងដោយអ្នកនេសាទប្រមាណ៧០ភាគរយ ទៅ ៨០ភាគរយ បានចូលរួមជាសមាជិកក្នុងធនាគារក្ដាមនេះ។ដូច្នេះអ្នកនេសាទប្រមាណ ៣០ភាគរយប៉ុណ្ណោះ ដែលនៅបន្ត នេសាទក្ដាមពងយកមកលក់នៅលើទីផ្សារ៕ 
 


 
 

Tag:
 ThmeyThmey
  ក្ដាមពង
© រក្សាសិទ្ធិដោយ thmeythmey.com