ជាតិ
លោកសុវណ្ណ ភីឡុង អ្នកថតរូបម្នាក់ដែលបានចូលរួម ផ្សព្វផ្សាយទេសចរណ៍ធម្មជាតិកម្ពុជា
29, Aug 2021 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក សុវណ្ណ ភីឡុង ជាអ្នកជំនាញថតរូបម្នាក់តាំងពីឆ្នាំ២០១១។ មានបទពិសោធក្នុងវិស័យនេះ១ទសវត្សន៍មកហើយ លោក ភីឡុង យល់ថាអ្នកថតរូប ចូលរួមយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជា។ ប៉ុន្តែអ្នកថតរូបត្រូវមានបច្ចេកទេសក្នុងការថត ព្រោះរូបទាំងនោះ មិនមែនកើតឡើងដោយភាពចៃដន្យទេ។


ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោកអ្នក ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក សុវណ្ណ ភីឡុង អ្នកជំនាញថតរូបដូចតទៅ៖


រូបថត អាចបង្ហាញពីអនុស្សាវរីយ៍អារម្មណ៍
 
និងជីវិត។ រូបថតធម្មជាតិរបស់អ្នកជំនាញ បានរួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ ដែលលាក់សម្រស់របស់ខ្លួនឱ្យប្រជាជនស្គាល់កាន់តែច្រើន។ អ្នកជំនាញថតរូបវ័យ៣៥ឆ្នាំរូបនេះ យល់ថា រូបថតមួយសន្លឹក អាចទាក់ទាញអារម្មណ៍របស់ទេសចរឱ្យស្គាល់ពីតម្លៃនៃសម្បត្តិធម្មជាតិរបស់កម្ពុជា។
 
លោក សុវណ្ណ ភីឡុង បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖ «ដូចជាខ្នងផ្សាជាដើម ឥឡូវនេះមានភាពល្បីល្បាញ ដោយសារអ្នកថតរូបគាត់បានផ្ដិតយក ធម្មជាតិទាំងអស់នោះ ធ្វើឱ្យអ្នកគ្រប់គ្នាចង់ទៅមើលធម្មជាតិទាំងអស់នោះ ដែលលាក់បាំងក្នុងព្រៃ។ កាលពីមុនមានតែប្រជាជននៅទីនោះទេដែលស្គាល់។ អ៊ីចឹងពេលអ្នកថតរូបបានទៅដល់ គាត់បានផ្តិតរូបយកទាំងនេះ ធ្វើឱ្យគេដឹងថាកម្ពុជា មានកន្លែងស្អាតដែលគេ មិនទាន់បានទៅដល់ »។
 
រូបថតស្រស់ស្អាតអាចផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ប៉ុន្តែអ្នកថតត្រូវមានបច្ចេកទេសក្នុងការថតរូប ព្រោះរូបភាពដែលទាក់ទាញ គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ។ អ្នកថតរូបតំបន់ទេសចរណ៍ មួយចំនួនបានលះបង់ពេលវេលា និងឆ្លងកាត់ឧបសគ្គ ចូលព្រៃ និងកន្លែងគ្រោះថ្នាក់មួយចំនួន ដើម្បីផ្ដិតយកសម្រស់ធម្មជាតិ យកមកផ្សព្វផ្សាយ ដើម្បីឱ្យទេសចរបានឃើញ និងទៅកម្សាន្ត។


 
ជាមួយគ្នានេះដែរអ្នកជំនាញថតរូប បានចែករំលែកពីបច្ចេកទេសថតរូបសម្រាប់អ្នកចង់ថតរូបនៅតំបន់ទេសចរណ៍ ដូច្នេះ៖ « យើងមិនចាំបាច់មានកាមេរ៉ាថ្លៃ ឬទូរស័ព្ទថ្លៃទេ ប៉ុន្តែយើងត្រូវមានចំណេះដឹងមុខងារកាមេរ៉ាខ្លះៗ។ ម្យ៉ាងទៀត ដើម្បីឱ្យបានរូបភាពល្អ គឺគំនិតនៃការថតរូប។ ពេលយើងចង់ថតអ្វីមួយ យើងត្រូវគិតសាច់រឿង ដែលបង្ហាញដល់អ្នកមើល »។
 
បន្ថែមពីនេះ លោក សុវណ្ណ ភីឡុង ក៏បានស្នើដល់អ្នកថតរូបនៅតំបន់ទេសចរណ៍ កុំកែរូបភាពខុសពីការពិតខ្លាំងពេក។ ត្រង់ចំណុចនេះលោកពន្យល់ថា អ្នកថតរូប ច្នៃរូបតាមអ្វីដែលខ្លួនចង់បាន ប៉ុន្តែត្រូវបែងចែកឱ្យច្បាស់ថា រូបភាពណាជាសិល្បៈ រូបភាពណាជាកាត់ត ដើម្បីកុំឱ្យអ្នកមើលភាន់ច្រឡំ៕
 
 




 
 

Tag:
 ThmeyThmey25
  សម្ភាស
  វីដេអូ
  សុវណ្ណ ភីឡុង
  អ្នកជំនាញថតរូប
© រក្សាសិទ្ធិដោយ thmeythmey.com