អន្តរជាតិ
អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្ដើមផ្ដល់ទិដ្ឋាការដល់អ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩ រួច រូបថត Xinhua
× អេមីរ៉ាតអារ៉ាប់រួម ប្រកាសថា ខ្លួននឹងចាប់ផ្ដើមផ្ដល់ទិដ្ឋាការដល់ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ស្របពេលករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះបណ្ដើរៗ។ ប្រទេសនៅតំបន់ឈូងសមុទ្រពែរ្សមួយនេះ នឹងបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មដ៏ធំនៅខែក្រោយផងដែរ។
ចាប់ពីថ្ងៃទី៣០ ខែសីហា អេមីរ៉ាតអារ៉ាប់រួម នឹងចេញទិដ្ឋាការសម្រាប់អ្នកដំណើរទាំងអស់ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការ WAM នៅថ្ងៃទី២៨ ខែសីហា។ អ្នកដំណើរទាំងនោះ ត្រូវចាក់វ៉ាក់សាំងណាមួយដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមានវ៉ាក់សាំង Pfizer-BioNTech, Moderna, Johnson & Johnson, Sinopharm និង Sinovac ។
ទីភ្នាក់ងារព័ត៌មានដដែល រាយការណ៍ថា ការសម្រេចចិត្តបើកទ្វារទទួលភ្ញៀវទេសចរជាថ្មីនេះ ធ្វើឡើងដើម្បីសម្រេចឱ្យបានការងើបឡើងវិញប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រទេសផងដែរ។ អ្នកដំណើរមកពីគ្រប់ប្រទេស សុទ្ធតែអាចស្នើសុំទិដ្ឋការបាន រាប់អ្នកដែលមកពីប្រទេសក្នុងបញ្ជីហាមឃាត់ផងដែរ ដរាបណាពួកគេចាក់វ៉ាក់សាំងរួចរាល់។ អ្នកដំណើរដែលទៅដល់ទឹកដីអេមីរ៉ាតអារ៉ាប់រួមក្រោមទិដ្ឋាការទេសចរណ៍ ត្រូវធ្វើតាម PCR សិនផងដែរ
ករណីឆ្លងនៅប្រទេសជាប់ឈូងសមុទ្រពែរ្សនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានមកនេះ។ កាលពីសប្ដាហ៍មុន ប្រទេសនេះកត់ត្រាករណីឆ្លងប្រចាំថ្ងៃក្រោមមួយពាន់ករណីទៅហើយ។ បើទោះស្ថានភាពហាក់ធូរស្រាលក្ដី រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បន្តអនុវត្តវិធានការតឹងរ៉ឹងដូចជាការពាក់ម៉ាស និងគម្លាតសុវត្ថិភាពជាដើម។
នៅខែក្រោយ ពិព័រណ៍ពាណិជ្ជកម្មពិភពលោក Expo 2020 នឹងចាប់ផ្ដើមនៅឌូបៃ ក្រោយត្រូវបានពន្យារពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩ ។ ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថា នឹងទាក់ទាញមនុស្សរាប់ម៉ឺននាក់។
មកទល់ពេលនេះ អេមីរ៉ាតអារ៉ាប់រួម មានករណីឆ្លងសរុបជាង៧១ម៉ឺននាក់ និងស្លាប់ជាង២ពាន់នាក់។ ប្រទេសនេះ ក៏មានកំណត់ផ្ដល់វ៉ាក់សាំងខ្ពស់ផងដែរ ដោយប្រជាជនប្រមាណ៨៦ភាគរយ ទទួលបានវ៉ាក់សាំងមួយដូស និងជាង៧៥ភាគរយ ទទួលបានពីរដូស៕
© រក្សាសិទ្ធិដោយ thmeythmey.com