ជាតិ
ម្ហូបខ្មែរ ៥មុខត្រូវបានចុះផ្សាយលើ ទស្សនាវដ្តីទេសចរណ៍អង់គ្លេស Wanderlust
29, Aug 2021 , 5:19 pm        
រូបភាព
អត្ថបទ «រសជាតិនៃម្ហូបបុរាណខ្មែរ » ដែលចុះផ្សាយ ដោយ Wanderlust Magazine។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ។
អត្ថបទ «រសជាតិនៃម្ហូបបុរាណខ្មែរ » ដែលចុះផ្សាយ ដោយ Wanderlust Magazine។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ។
ដោយ:
ភ្នំពេញ៖ ទស្សនាវដ្ដីដែលសរសេរពីដំណើរកម្សាន្តនិងតំបន់ទេសចរណ៍ពិភពលោក Wanderlust Magazine បានចុះផ្សាយពីម្ហូបខ្មែរចំនួន៥មុខ ដែលទេសចរគួរសាកល្បងបរិភោគ ពេលមកកម្សាន្តនៅកម្ពុជា។ ម្ហូបទាំង៥មុខនោះរួមមាន ឆាក្ដាមម្រេចខ្ចី នំបញ្ចុក ហហ្មុក បបរ  និង ញាំបង្គាជាមួយក្រូចថ្លុង។


ទស្សនាវដ្ដីទេសចរណ៍របស់អង់គ្លេស Wanderlust Magazine លេខ២១៦ បានចុះផ្សាយពីម្ហូបខ្មែរ ដែលទេសចរគួរសាកល្បងពេលមកទស្សនាកម្ពុជា។ Wanderlust Magazine បានដាក់ចំណងជើងក្នុងអត្ថបទនោះថា «រសជាតិនៃម្ហូបបុរាណខ្មែរ»។  
 
អត្ថបទ «រសជាតិនៃម្ហូបបុរាណខ្មែរ»  មានការសរសេររៀបរាប់ថា កម្ពុជាជាប្រទេសមួយដែលសម្បូរដោយធនធានធម្មជាតិ ព្រោះសក្តានុពលនៃទន្លេ រួមបញ្ចូលនឹងវប្បធម៌ ធ្វើឱ្យកម្ពុជាមានម្ហូប ដែលគួរឱ្យទាក់ទាញជាច្រើនប្រភេទ។ ជាមួយគ្នានេះដែរ ម្ហូបនៅតាមតំបន់នីមួយៗរបស់កម្ពុជា គឺមានរសជាតិ និងភាពទាក់ទាញផ្សេងៗពីគ្នា ដែលទេសចរគួរសាកល្បង។ 


ក្ដាមឆាម្រេចខ្ចី 

Wanderlust Magazine បានសរសេរទៀតថា ភ្ញៀវទេសចរមកកម្ពុជាគួរតែសាកល្បងម្ហូប៥មុខដែលល្បីក្នុងប្រទេសនេះ។ ម្ហូបទីមួយគឺឆាក្ដាមម្រេចខ្ចី។ ក្ដាមក្នុង ខេត្តកែប និងកំពត គឺមានភាពល្បីល្បាញណាស់។ ទេសចរអាចភ្លក់រស់ជាតិក្ដាម រួមផ្សំជាមួយម្រេចខ្ចីស្រស់ ដែលមានរសជាតិប្លែក នៅក្នុងខេត្តកែបបាន។ ម្ហូបទីពីរវិញគឺ នំបញ្ចុក ដែលមានការរួមបញ្ចូលគ្នារវាង សម្លរការីសាច់មាន់ និងបន្លែជាច្រើនមុខទៀតធ្វើឱ្យម្ហូបនេះមានរសជាតិឆ្ងាញ់។ ទេសចរអាចរកម្ហូបនេះ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី។
 
ចំណែកម្ហូបទីបី គឺហហ្មុក ។ ហហ្មុងគឺជាម្ហូប តំណាងឱ្យប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នារវាងគ្រឿងការី ត្រីស្រស់ អប់ដោយស្លឹកចេក បានធ្វើឱ្យហហ្មុកជាម្ហូបដែលទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា។ ទេសចរអាចរកម្ហូបនេះបាននៅតាមភោជនីយដ្ឋាន ក្នុងរាជធានីភ្នំពេញ។ ម្ហួបទី៤ គឺជាអាហារពេលព្រឹកដ៏ពេញនិយមក្នុងប្រទេសកម្ពុជា នោះគឺបបរស។ ទេសចរអាចបរិភោគបបរសរ ជាមួយជ្រក់ និងត្រីងៀតបាន។ បបរសរមានលក់នៅតាមផ្សារនានាក្នុងប្រទេសកម្ពុជា ដែលមានតម្លៃប្រហែល ៥០០០រៀលប៉ុណ្ណោះ។


ញាំបង្គាជាមួយផ្លែក្រូចថ្លុង 

ដោយឡែកម្ហូបទី៥ ដែលទេសចរ មិនគួររំលងនោះគឺ ញាំបង្គាជាមួយក្រូចថ្លុង។ ម្ហូបនេះគឺពេញនិយមបំផុតក្នុងខេត្តក្រចេះ ព្រោះជាខេត្តជាប់ទន្លេមេគង្គ ដែលសម្បូរដោយធនធានពីទន្លេ និងក្រូចថ្លុង ដែលជាផ្លែឈើប្រចាំខេត្តនេះ។ ទេសចរអាចសម្រាកនៅផ្ទះស្នាក់របស់ប្រជាជន ក្នុងកោះទ្រង់ និង ភ្លក់ញាំបង្គាក្រូចថ្លុង ដែលជាម្ហូបប្រចាំតំបន់នេះផងដែរ ។
 
ក្រៅពីអត្តបទ «រសជាតិនៃម្ហូបបុរាណខ្មែរ» កន្លងមក ទស្សនាវដ្ដីទេសចរណ៍របស់អង់គ្លេង Wanderlust Magazineនេះ ក៏បានចុះផ្សាយពីតំបន់ទេសចរណ៍ និងកញ្ចប់ដំណើរកម្សាន្តផ្សេងៗក្នុងប្រទេសកម្ពុជាជាច្រើន ដូចជា រឿង៥យ៉ាងដែលគួរធ្វើកម្ពុជា, កម្ពុជាកំណប់ទ្រព្យ និងទស្សនាអង្គរដោយជិះកង់៕ 
 


នំបញ្ចុក

ហហ្មុក


Tag:
 Wanderlust Magazine
  ម្ហូបខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com