អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
29, Aug 2021 , 9:19 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន បានកើតឡើង។ ក្នុងសប្តាហ៍ថ្មីនេះ ទស្សនៈកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក នៅតំបន់អាស៊ីគ្នេយ៍ និងបញ្ហានៅអាហ្វហ្កានីស្ថាន បានក្លាយជាប្រធានបទដ៏សំខាន់ ដែលមនុស្ស និងអ្នកជំនាញភូមិសាស្រ្តនយោបាយជាច្រើនកំពុងតាមដាន។ ស្របគ្នានេះ ជំងឺកូវីដ-១៩ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏នៅតែជាបញ្ហាសម្រាប់ពិភពលោកផងដែរ។ 

 
ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំសប្តាហ៍៖
 
ថ្ងៃទី២៣ ខែសីហា
 
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ Medigen ដែលអភិវឌ្ឍក្នុងស្រុកមុនគេ ដើម្បីបង្ហាញពីទំនុកចិត្ត និងសុវត្ថិភាពរបស់វ៉ាក់សាំង។ តៃវ៉ាន់ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងនេះជាផ្លូវការ ទោះជាមានការការរិះគន់ថា យុទ្ធនាការរបស់រដ្ឋាភិបាលប្រញាប់ប្រញាល់ពេកក្ដី។
 
វៀតណាម បានពង្រាយកម្លាំងយោធាពេញទីក្រុងហូជីមិញដើម្បីរឹតបន្តឹងវិធានការបិទខ្ទប់ក្នុងទីក្រុងធំជាងគេរបស់ប្រទេស។ ការអនុវត្តវិធានការនេះធ្វើឡើង ស្របពេលសន្ទុះករណីឆ្លងជំងឺកូវីដ-១៩ មិនថមថយសោះ ក្រោយពីការបិទខ្ទប់អស់ពេលជាង១ខែកន្លងទៅ។
 
ថ្ងៃទី២៤ ខែសីហា
 
អនុប្រធានាធិបតីអាម៉េរិក អ្នកស្រីកាម៉ាឡា ហារីស បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងឈរជាមួយសម្ព័ន្ធមិត្តខ្លួន ស្របពេលក្រុងប៉េកាំង បន្តសម្លុត និងបង្ខិតបង្ខំប្រទេសដទៃ ដែលជាផ្នែកមួយនៃការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ មេដឹកនាំអាម៉េរិករូបនេះ ក៏បានចាត់ទុក ការទាមទាររបស់ចិននៅក្នុងដែនសមុទ្រមួយនេះ ជាការបំពានសណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងប្រទេសផ្សេងដែរ។
 
នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ អះអាងថា វៀតណាម នឹងមិនចាប់ដៃប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។ លោក ឈិញ អះអាងបែបនេះនាជំនួបជាមួយអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ ដែលធ្វើឡើងមុនទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស នៅវៀតណាម។
 
ថ្ងៃទី២៥ ខែសីហា
 
អាម៉េរិក នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសបន្ថែម និងផ្តល់ជំនួយផ្សេងទៀតដល់វៀតណាម ដែលកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងថ្មី ហើយអត្រាចំនួនអ្នកចាក់វ៉ាក់សាំងទាប។ អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានប្រកាសបែបនេះ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។
 
អនុប្រធានាធិបតីអាម៉េរិក អ្នកស្រី កាម៉ាឡា ហារីស នៅថ្ងៃទី២៥ ខែសីហា បានអំពាវនាវឱ្យវៀតណាម ចូលរួមជាមួយខ្លួន ដើម្បីជំទាស់នឹងការសម្លុតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។ មេដឹកនាំអាម៉េរិក រូបនេះ ក៏បានគាំទ្រការបញ្ជូននាវាល្បាតសមុទ្ររបស់អាម៉េរិកឱ្យមកវៀតណាម ដើម្បីការពារផលប្រយោជន៍សន្តិសុខ នៅក្នុងដែនទឹកជម្លោះផងដែរ។
 
ថ្ងៃទី២៦ ខែសីហា 
 
ការបំផ្ទុះមួយ បានកើតឡើងនៅខាងក្រៅអាកាសយានដ្ឋានក្នុងក្រុងកាប៊ុល ស្របពេលអាម៉េរិក និងបណ្តាប្រទេសជាច្រើនទៀត កំពុងជម្លៀសប្រជាជនចេញ។ នេះបើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណអាម៉េរិក។ មនុស្សយ៉ាងហោចណាស់  ១១នាក់ បានបាត់បង់ជីវិត នៅក្នុងការបំផ្ទុះមួយនេះ។
 
ជប៉ុន នឹងឈប់ប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន១,៦៣លានដូស បន្ទាប់ពីមានការរាយការណ៍ពីការរកឃើញមានសារធាតុបង្កជំងឺក្នុងវ៉ាក់សាំង។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលជប៉ុន និងក្រុមហ៊ុនចែកចាយ។
 
ថ្ងៃទី២៧ ខែសីហា
 
មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទះឃ្លាំងអាវុធមួយនៅភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាន ហើយ៤នាក់ទៀតត្រូវបានសង្ស័យថា បាត់បង់ជីវិតផងដែរ។
 
ក្រុមចារកិច្ចអាម៉េរិក មិនអាចកំណត់ប្រភពដើមជំងឺកូវីដ-១៩ ដែលចម្លងលើមនុស្សជាង២រយលាននាក់ក្នុងពេលជិត២ឆ្នាំមកនេះបានឡើយ ដោយសារមិនមានព័ត៌មានគ្រប់គ្រាន់។ ចារកិច្ចអាម៉េរិកអះអាងថា មានតែការចូលរួមរបស់ចិនប៉ុណ្ណោះ ទើបប្រសា្ននេះអាចដោះស្រាយបាន។
 
ថ្ងៃទី២៨ ខែសីហា
 
យោធាអាម៉េរិក បានអះអាងពីការសម្លាប់អ្នករៀបផែនការម្នាក់របស់ក្រុមរដ្ឋឥស្លាម (ISIS) ក្នុងប្រតិបត្តិការតាមផ្លូវអាកាសមួយនៅថ្ងៃទី២៧ ខែសីហានៅភាគខាងកើតអាហ្វហ្កានីស្ថាន។ ប្រតិបត្តិការនេះ ជាការឆ្លើយទៅនឹងការបំផ្ទុះគ្រាប់បែកនៅក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុលដែលសម្លាប់យោធាអាម៉េរិក និងប្រជាជនអាហ្វហ្កានីស្ថានជាច្រើននាក់។
 
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសថា ជើងហោះហើរយោធាចុងក្រោយរបស់ខ្លួនបាន ចាកចេញពីទីក្រុងកាប៊ុលល្ងាចថ្ងៃទី២៨ ខែសីហាហើយ។ ចំណែកក្រុមតាលីបង់ បានប្រកាសថា ការរៀបចំរដ្ឋាភិបាលថ្មី នឹងធ្វើឡើងក្នុង ពេលខ្លីខាងមុខនេះ៕ 
 

Tag:
 អាម៉េរិក
  ចិន
  អាហ្វហ្កានីស្ថាន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com