អន្តរជាតិ
អាម៉េរិក កម្ទេចឡានដែលសង្ស័យផ្ទុកគ្រាប់បែកអត្តឃាតតម្រង់អាកាសយានដ្ឋានកាប៊ុល
30, Aug 2021 , 11:20 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្នុងប្រតិបត្តិការតាមផ្លូវអាកាស កងកម្លាំងអាម៉េរិកបានកម្ទេចរថយន្តមួយគ្រឿងដែលសង្ស័យថា ជារថយន្តផ្ទុកគ្រាប់បែកអត្តឃាតសំដៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទីដែលមនុស្សរាប់ពាន់ប្រមូលផ្ដុំជាមួយក្ដីសង្ឃឹមចាកចេញពីប្រទេស។ មន្រ្តីអាម៉េរិកបញ្ជាក់បែបនេះនៅ ថ្ងៃទី២៩ ខែសីហា។ នេះជាលើកទីពីរដែលអាម៉េរិកបើកការវាយប្រហារគោលដៅនៅអាហ្វហ្កានីស្ថានក្រោយព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកកាលពីសប្ដាហ៍មុន។


កងទ័ពអាកាសអាម៉េរិក បានបញ្ជូនដ្រូនទៅកម្ទេចរថយន្តមួយគ្រឿងក្នុងទីក្រុងកាប៊ុល ដោយសម្លាប់ជនសង្ស័យម្នាក់ដែលប្រុងវាយប្រហារអាកាសយានដ្ឋាន Hamid Karzai ។ ប្រតិបត្តិការនេះ ទំនងជាបានបំបែកផែនការរបស់ក្រុមភេរវកម្មដែលដាក់គោលដៅអាកាសយានដ្ឋានដូចកាលពីថ្ងៃទី២៦ ខែសីហា ដែលសម្លាប់ទាហានអាម៉េរិក១៣នាក់ និងប្រជាជនអាហ្វហ្កានីស្ថានរាប់រយនាក់។
 
ចំពោះការវាយប្រហារនៅថ្ងៃទី២៩ មន្ត្រីអាម៉េរិកម្នាក់និយាយថា ក្រោយការវាយប្រហារដោយដ្រូន ក៏ មានការផ្ទុះមួយដែលអាចបបញ្ជាក់ថា ឡាននោះបានកំពុងដឹកគ្រឿងផ្ទុះ។ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សាក្សីម្នាក់ថា ការផ្ទុះដ៏ធំមួយបានអង្រួនតំបន់នៅភាគខាងជើងនៃអាកាសយានដ្ឋាន Hamid Karzai ហើយទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយវីដេអូពីផ្សែងខ្មៅហុយឡើងលើមេឃទៀតផង។
 
«យើងដឹងថា មានការផ្ទុះជាបន្តបន្ទាប់យ៉ាងខ្លាំងបន្ទាប់ពីការវាយប្រហារទៅលើរថយន្តខាងលើដែល នេះបង្ហាញថារថយន្តមានផ្ទុកសារធាតុផ្ទុះមួយចំនួនធំដែលអាចបណ្តាលឱ្យមាន មនុស្សស្លាប់ និងរង របួស»។​ ទីបញ្ជាការតំបន់កណ្តាលអាម៉េរិកលើបានអះអាងបែបនេះមុន បន្ថែមថា ​មិនទាន់មាន របាយការណ៍ច្បាស់លាស់ទេថា មានអ្វីកើតឡើង និងប៉ះពាល់នរណាខ្លះ ហើយពួកគេកំពុងស៊ើប អង្កេតបន្ថែម។
 
គួររំលឹកថា នៅថ្ងៃទី២៨ ខែសីហាលោកបៃឌិនបានព្រមានថា​ ស្ថានភាពនៅទីក្រុងកាប៊ុលមាន គ្រោះថ្នាក់ខ្លាំងណាស់ ហើយអាម៉េរិកនឹងបើកការវាយប្រហារបន្ថែមទៀតនៅទីក្រុងនេះដើម្បីទប់ទល់ និងសងសឹកក្រុមជ្រុលនិយមរដ្ឋឥស្លាម ISIS-K ៕
 
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com