អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខការទូតចិនប្រាប់សមភាគីអាម៉េរិកថា ពិភពលោកគួរជួយតម្រង់ផ្លូវក្រុមតាលីបង់
30, Aug 2021 , 1:35 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៩ ខែសីហា បានសន្ទនាពីស្ថានការណ៍នៅអាហ្វហ្កានីស្ថាន។ បើតាមការប្រកាសរបស់ក្រសួងការបរទេសចិន ក្នុងកិច្ចសន្ទនានេះ លោក វ៉ាង យី ប្រាប់សមភាគីអាម៉េរិក​​ថា សហគមន៍អន្តរជាតិគួរតែចូលរួមជាមួយមេដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្កានីស្ថាន និងផ្តល់ការណែនាំជាវិជ្ជមានពួកគេក្នុងការដឹកនាំប្រទេស។



ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន លោក វ៉ាង យី នៅតែបង្ហាញជំហរវិជ្ជមានចំពោះការផ្លាស់ប្ដូរអំណាចនៅអាហ្វហ្កានីស្ថាន និងចង់ឃើញសហគមន៍អន្តរជាតិជួយតម្រែតម្រង់ក្រុមតាលីបង់ដែលក្ដោបក្ដាប់អំណាច ជាជាងការដាក់សម្ពាធណាមួយ។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទ លោក វ៉ាង ប្រាប់ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ថា ទីក្រុងវ៉ាស៊ីនតោនថគួរតែធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីផ្តល់ជំនួយសេដ្ឋកិច្ច និងជំនួយមនុស្សធម៌នានាដល់អាហ្វហ្កានីស្ថាន ដើម្បីជួយឱ្យរបបថ្មីនេះឱ្យដំណើរការមុខងាររដ្ឋាភិបាលបានជាធម្មតា រក្សាស្ថិរភាពសង្គម និងបញ្ចប់បញ្ហាសេដ្ឋកិច្ចផ្សេង ដែលប៉ះពាល់ការរស់នៅប្រជាជន។

«ស្របគ្នានឹងការគោរពអធិបតេយ្យភាពអាហ្វហ្កានីស្ថាន អាមេរិកគួរតែចាត់វិធានការជាក់ស្តែងដើម្បីជួយអាហ្វហ្កានីស្ថានប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាបញ្ឈប់អំពើហិង្សានានាជាជាងលេងស្តង់ដារពីរជាមួយអាហ្វហ្កានីស្ថាន ឬប្រយុទ្ធប្រឆាំងភេរវកម្មដោយជ្រើសរើស»។ រដ្ឋមន្ត្រីការបរទេសចិនឡើងលើកបែបនេះក្នុងកិច្ចជំនួបតាមទូរស័ព្ទ មុនព្រមានថា ការដកថយទ័ពប្រញាប់ប្រញាល់បស់អាម៉េរិក នឹងបើកដៃឱ្យក្រុមភេរវករប្រមូលផ្តុំហើយត្រលប់មកវិញកាន់តែខ្លាំងផងដែរ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្លីងខិន និង លោក វ៉ាង ​បានជជែកពីសារសំខាន់នៃវត្តមានសហគមន៍អន្តរជាតិដើម្បីជំរុញឱ្យក្រុមតាលីបង់ទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តជាសាធារណៈកន្លងមកទាក់ទងនឹងការអនុញ្ញាតឱ្យឆ្លងកាត់ប្រកបដោយសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរសម្រាប់ជនជាតិអាហ្វហ្កានីស្ថាន និងជនបរទេស។

ក្រៅពីបញ្ហាអាហ្វហ្កានីស្ថាន រដ្ឋមន្រ្តីការបរទេសទាំងពីរនេះក៏បានពិភាក្សាអំពីទំនាក់ទំនងអាមេរិក-ចិនផងដែរ។ បើតាមក្រសួងការបរទេសចិន លោក វ៉ាង អះអាងថា ទំនាក់ទំនងថ្មីៗ រវាងប្រទេសទាំងពីរលើវិបត្តិអាហ្វហ្កានីស្ថាន និងការប្រែប្រួលអាកាសធាតុបានបង្ហាញឱ្យឃើញថា ការសន្ទនានិងកិច្ចសហប្រតិបត្តិការគឺប្រសើរជាងការប្រឈមមុខដាក់គ្នា។ ប៉ុន្តែអ្នកការទូតចិនរំឭកថា ចិននឹងពិចារណាពីរបៀបសហការជាមួយភាគីអាមេរិកដោយផ្អែកលើអាកប្បកិរិយារបស់អាមេរិកចំពោះចិន។

គួរបញ្ជាក់ថា ចិនមិនបានទទួលស្គាល់ក្រុមតាលីបង់ជាមេដឹកនាំថ្មីរបស់អាហ្វហ្កានីស្ថាននៅឡើយទេ។ ប៉ុន្តែលោក វ៉ាង យី កាលពីខែមុនបានទទួលលោក Mullah Baradar ប្រធានការិយាល័យនយោបាយរបស់ក្រុមនេះមកកាន់ទឹកដីចិន ហើយបានអំពាវនាវឱ្យពិភពលោក គាំទ្រអាហ្វហ្កានីស្ថានក្នុងពេលដែលផ្លាស់ប្តូររដ្ឋាភិបាលថ្មីជាជាងដាក់សម្ពាធបន្ថែម៕

Tag:
 អាម៉េរិក
  ចិន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com