អន្តរជាតិ
នូវែលសេឡង់ កត់ត្រាករណីស្លាប់ដំបូងដែលទាក់ទងវ៉ាក់សាំង Pfizer
30, Aug 2021 , 3:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
នូវែលសេឡង់ បានកត់ត្រាពីការស្លាប់ដំបូងរបស់ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការកូវីដ-១៩  របស់ក្រុមហ៊ុន Pfizer ។ ក្រសួងសុខាភិបាលនូវែលសេឡង់បានប្រកាសបែបនេះនៅថ្ងៃទី ៣០ ខែសីហា។  អ្នកស្លាប់ រលាកសាច់ដុំបេះដូងក្រោយចាក់វ៉ាក់សាំងនេះ ហើយក៏ស្លាប់តែម្ដង។


«នេះគឺជាករណីដំបូងនៅនូវែលសេឡង់ដែលរកឃើញមានអ្នកស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង Pfizer និងដែលជាប់ពាន់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផ្ទាល់។» ក្រសួងសុខាភិបាលបានលើកឡើងបែបនេះនៅក្នុងសេចក្តីប្រកាសថ្ងៃទី៣០​ ខែសីហា។
 
ក្នុងសេចក្ដីប្រកាសដដែល ក្រសួងសុខាភិបាលនូវែលសេឡង់ បញ្ជាក់ថា ក្រោយត្រួតពិនិត្យករណីនេះ ក្រសួងសន្មតថា ការស្លាប់របស់ស្ត្រីនេះ គឺដោយសារជំងឺរលាកសាច់ដុំបេះដូង ដែលជាផលប៉ះពាល់ដ៏កម្រក្រោយចាក់វ៉ាក់សាំងក្រុមហ៊ុនអាមេរិក Pfizer ហើយ។ រលាកសាច់ដុំបេះដូង ជាករណីមួយដែលអាចបង្អាក់សមត្ថភាពរបស់សរីរាង្គក្នុងការបូមឈាម និងអាចបណ្តាលឱ្យមានការផ្លាស់ប្តូរមិនប្រក្រតីនៃចង្វាក់បេះដូង។
 
យ៉ាងណាមិញ ក្រសួងសុខាភិបាលនូវែលសេឡង់ នៅតែអះអាងថា អត្ថប្រយោជន៍ជាវិជ្ជមាននៃវ៉ាក់សាំង Pfizer​ មានលើសពីហានិភ័យរបស់វ៉ាក់សាំង។​
 
ទាក់ទងបញ្ហានេះ ក្រុមហ៊ុន Pfizer ទទួលស្គាល់ថា ករណីជំងឺរលាកសាច់ដុំបេះដូងបន្ទាប់ពីការចាក់វ៉ាក់សាំង ពិតជាមានមែន។ ប៉ុន្តែផលប៉ះពាល់បែបនេះគឺកម្រមានណាស់។ ក្រុមហ៊ុននេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «យើងបានតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ទាំងអស់នេះ និងប្រមូលព័ត៌មានពាក់ព័ន្ធដើម្បីចែករំលែកជាមួយអាជ្ញាធរត្រួតពិនិត្យទូទាំងពិភពលោក»។ 
 
គួរបញ្ជាក់ថា នូវែលសេឡង់បានអនុម័តប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer-BioNTech, Janssen និង AstraZeneca ជាបណ្តោះអាសន្ន ប៉ុន្តែមានតែវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer ប៉ុណ្ណោះដែលត្រូវបានអនុម័តឱ្យដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។
 
ប្រទេសនេះបានរាយការណ៍ករណីថ្មីចំនួន៥៣នៅថ្ងៃទី៣០ ខែសីហា ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់៥៦២ករណី គិតចាប់តាំងពីការផ្ទុះឡើងវីរុសបំប្លែងថ្មីដែលតា។ ករណីឆ្លងសរុបទូទាំង​ប្រទេសមានជាង៣៥០០នាក់ និងស្លាប់២៦នាក់៕
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com