រថយន្ត
អន្តរជាតិ
តូយ៉ូតាផ្អាកដំណើរការរថយន្តស្វ័យប្រវត្តិនៅប៉ារ៉ាឡាំពិក ក្រោយក្រោយករណីបុកអត្តពលិកម្នាក់
× ក្រុមហ៊ុនតូយ៉ូតា បានប្រកាសផ្អាកដំណើរការបណ្តោះអាសន្នរថយន្តដែលបើកបរខ្លួន (Self-driving) ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្រុងតូក្យូ ក្រោយមានករណីបង្កគ្រោះថ្នាក់លើអត្តពលិកពិការភ្នែកម្នាក់ ដែលបានដើរឆ្លងកាត់ផ្លូវ។
កីឡាករយូដូជប៉ុន Aramitsu Kitazono បង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក វិញ្ញាសាទម្ងន់៨១គីឡូក្រាម ក្រោយរូបគេត្រូវបានរថយន្តស្វ័យប្រវត្តិ «e-Palette» បុក ដែលបណ្តាលឲ្យមានស្នាមរបួស និងជាំជាច្រើនកន្លែង។
ក្នុងវីដេអូតាម Youtube លោក Akio Toyoda ប្រធានប្រតិបត្តិក្រុមហ៊ុន Toyota បានសុំទោសចំពោះហេតុការណ៍ដែលបានកើតឡើង ហើយស្នើជួបកីឡាករដោយផ្ទាល់។ «ច្បាស់ណាស់ រថយន្តខ្លាំងជាងមនុស្ស ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់»។
Advertisement
តូយ៉ូតា បានសម្រេចព្យួរដំណើរការរថយន្តស្វ័យប្រវត្តិភ្លាមៗ ហើយក្រុមហ៊ុនអះអាងពីកិច្ចសហប្រតិបត្តិការជាមួយប៉ូលិសដើម្បីស្វែងរកមូលហេតុចម្បង និងសន្យាព្យាយាមទប់ស្កាត់មិនឲ្យមានករណីនេះ កើតឡើងសារជាថ្មី។
លោក Yoshiyasu Endo ដែលជាគ្រូបង្វឹក បានថ្លែងប្រាប់សារព័ត៌មាន Japan Times ថា កីឡាករ Kitazono អាចដើរវិញបាន បន្ទាប់ពីទទួលការព្យាបាលនៅមណ្ឌលសុខាភិបាល។ «គាត់ក៏ចង់ថែរក្សាខ្លួនឲ្យល្អផងដែរ។ យើងមានអារម្មណ៍សោកស្តាយណាស់ ប៉ុន្តែខ្ញុំគិតថា គាត់ច្បាស់ជាខកចិត្តខ្លាំងជាងអ្នកណាទាំងអស់»៕
© រក្សាសិទ្ធិដោយ thmeythmey.com