អន្តរជាតិ
របាយការណ៍ IAEA៖ កូរ៉េខាងជើងទំនងចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ
30, Aug 2021 , 9:29 pm        
រូបភាព
មជ្ឈមណ្ឌស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង។ រូបថត Kyodo
មជ្ឈមណ្ឌស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង។ រូបថត Kyodo
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបញ្ចេញរបាយការណ៍មួយដែលបង្ហាញថា កូរ៉េខាង ជើងទំនងជាបានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រដ៏សំខាន់របស់ខ្លួនឡើងវិញតាំងពីខែកក្កដាមក។ រ៉េអាក់ទ័រនេះ ត្រូវបានចម្រាញ់សារធាតុសម្រាប់បង្កើតអាវុធនុយក្លេអ៊ែរ។


របាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារ IAEA ដែលចុះថ្ងៃទី២៧ ខែសីហា បង្ហាញថា រ៉េអាក់ទ័រកម្លាំង៥ មេហ្កាវ៉ាត់នៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ភាគខាងជើងទីក្រុងព្យុងយ៉ាង កំពុងដំណើរការ។ រ៉េអាក់ទ័រនេះ ផលិតសារធាតុភ្លុយតូញ៉ូម (Plutonium) ដែលជាសារធាតុផ្សំសំខាន់មួយក្នុងចំណោម សារធាតុផ្សំសំខាន់ពីរដែលត្រូវបានប្រើដើម្បីបង្កើតអាវុធនុយក្លេអ៊ែរ។ សារធាតុសំខាន់មួយទៀតនោះ ជាអ៊ុយរ៉ាញ៉ូម (Uranium) ។ 
 
«ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២១ មានការរកឃើញដូចជាការបញ្ចេញទឹកត្រជាក់ពីរ៉េអាក់ទ័រ នុយក្លេអ៊ែរ ស្របគ្នានឹងប្រតិបត្តិការរបស់រ៉េអាក់ទ័រផងដែរ»។ ទីភ្នាក់ងារ IAEA បាន បញ្ជាក់បែបនេះក្នុង របាយការណ៍ដែលទើបចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា។ ការបញ្ចេញទឹកត្រជាក់បង្ហាញ ថា រ៉េអាក់ទ័រកំពុងប្រតិបត្តិការ។
 
បន្ថែមពីនេះ របាយការណ៍ខាងលើបានចង្អុលបង្ហាញពីប្រតិបត្តិការមជ្ឈមណ្ឌលនុយក្លេអ៊ែរ  Yongbyon ដែលបានផ្ដើមពីពាក់កណ្តាលខែកុម្ភៈ ដល់ដើមខែកក្កដា ឆ្នាំ២០២១ ។ ទីភ្នាក់ងារ IAEA អះអាងថា រយៈពេលនៃប្រតិបត្តិការមជ្ឈមណ្ឌលនេះស្របទៅនឹងយុទ្ធនាការដែលបានប្រកាសដោយ កូរ៉េខាងជើងអំពីការបញ្ចេញប្រេងឥន្ធនៈពីរ៉េអាក់ទ័រ។ ប្រេងឥន្ធនៈនេះ មានផ្ទុកសារធាតុភ្លុយតូញ៉ូម ដែលនឹងត្រូវចម្រាញ់យកចេញដោយមជ្ឈមណ្ឌលនុយក្លេអ៊ែរខាងលើផ្ទាល់។ 
 
ទន្ទឹមនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ចាត់ទុកសកម្មភាពបែបនេះរបស់កូរ៉េខាងជើង ជាការព្រួយបារម្ភធ្ងន់ធ្ងរ។ ទំហំប្រតិបត្តិកររ៉េអាក់ទ័រដល់ទៅ៥មេហ្កាវ៉ាត់ និងដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែរឡើងវិញនេះ ជារឿងដែលអាចបង្កឱ្យមានបញ្ហាយ៉ាងធំ។
 
សូមបញ្ជាក់ថា IAEA មិនអាចចូលទៅកាន់មជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ឬ ទីតាំងផ្សេងទៀត នៅកូរ៉េខាងជើងឡើយ ចាប់តាំងពីប្រទេសនេះបណ្តេញអ្នកត្រួតពិនិត្យ IAEA ចេញកាលពីឆ្នាំ ២០០៩។ ទីភ្នាក់ងារនេះ បញ្ជាក់ថា ខ្លួនប្រើរូបភាពផ្កាយរណប និងព័ត៌មានមកពីប្រភពផ្សេងៗដើម្បី តាមដានការវិវត្តនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
 
Yongbyon ដែលកូរ៉េខាងជើងចាត់ទុកជាបេះដូងនៃកម្មវិធីនុយក្លេអ៊ែរ និងការស្រាវជ្រាវរបស់ខ្លួន ជាមជ្ឈមណ្ឌលដែលអង្គការអន្តរជាតិព្រួយបារម្ភអស់ជាច្រើនទសវត្សរ៍មកហើយ។ យ៉ាងណាមិញ របាយការណ៍ទាក់ទងពីចំនួនសារធាតុភ្លុយតូញ៉ូម និងអ៊ុយរ៉ាញ៉ូម ដែលមជ្ឈមណ្ឌលនេះបានផលិត មិនមាននោះឡើយ ហើយទីតាំងដែលរក្សាទុកសារធាតុទាំងនោះក៏មិនដឹងនៅឯណាច្បាស់ឡើយ៕
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com