អន្តរជាតិ
ចិន លុបចោលការប្រឡងសម្រាប់ក្មេងៗអាយុ៦ឆ្នាំដើម្បីបន្ថយសម្ពាធលើកុមារ
30, Aug 2021 , 5:37 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី៣០ ខែសីហា បានហាមឃាត់លើការប្រឡងសំណេរសម្រាប់ក្រុមកុមារដែលមានអាយុ៦ឆ្នាំ និង៧ឆ្នាំ។ នេះជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំដើម្បីជួយកាត់បន្ថយភាពតានតឹងរបស់សិស្ស និងឪពុកម្តាយនៅចិនដែលត្រូវបានដឹងថា ​មានការប្រកួតប្រជែងតឹងតែងបំផុត។​


ជាទូទៅ សិស្សក្មេងៗ ត្រូវឆ្លងកាត់ការប្រឡងចាប់តាំងពីថ្នាក់ទី១ឡើងទៅ។ ពេលបញ្ចប់ថ្នាក់វិទ្យាល័យ សិស្សចិន ក៏ត្រូវប្រឡងចូលថ្នាក់សកលវិទ្យាល័យយ៉ាងតឹងរ៉ឹងបំផុតដែលត្រូវស្គាល់ជាទូទៅថា «​Gaokao» ដែលជាកំណត់លើផ្លូវជីវិតរបស់សិស្សានុសិស្សទាំងនោះបាន។
 
«ការប្រឡងញឹកញាប់ពេកធ្វើឱ្យសិស្សជាច្រើន មានបន្ទុកលើសលប់ និងស្ថិតក្រោមសម្ពាធជាខ្លាំង»។​សេចក្តីណែនាំថ្មីរបស់ក្រសួងអប់រំចិនបញ្ជាក់បែបនេះនៅថ្ងៃទី៣០ ខែសីហា មុនបន្តថា ការដាក់សម្ពាធដល់សិស្សតាំងពីក្មេង បានប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយ។ 
 
ការកាត់បន្ថយការប្រឡង ជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធអប់រំថ្មីរបស់រដ្ឋាភិបាលចិន។ ការប្រឡងដែលរក្សាទុកមានការប្រឡងឆមាស ការប្រឡងពាក់កណ្តាលឆមាស និងប្រឡងសាកល្បងនៅកម្រិតថ្នាក់អនុវិទ្យាល័យជាដើម។
 
ក្នុងកំណែទម្រង់ថ្មីនេះ កាលពីចុងខែកក្កដា ចិន ក៏បានបញ្ជាឱ្យ​ក្រុមហ៊ុនបង្រៀនគួរឯកជនទាំងអស់ងាកទៅរកការបង្រៀនដោយមិនមានកម្រៃ និងហាមឃាត់ទីភ្នាក់ងារបង្រៀនពីការបង្រៀនមុខវិជ្ជាសំខាន់ៗនៅចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។ ចំណាត់ការនេះ ធ្វើឱ្យប៉ះពាល់ប្រាក់ចំណូលរបស់វិស័យឯកជនចំនួន១០០ពាន់លានដុល្លារ។
 
វិធានការលើក្រុមហ៊ុនបង្រៀនឯកជននេះ ក៏មានគោលដៅកាត់បន្ថយវិសមភាពក្នុងវិស័យអប់រំ។ ការចំណាយថ្លៃសិក្សាក្រៅម៉ោង ក្លាយជាបន្ទុកមួយលើគ្រួសារជាច្រើន ព្រោះត្រូវចំណាយលុយប្រហែល១៥,៤០០ដុល្លាក្នុងមួយឆ្នាំលើការជួលគ្រូមកបង្រៀននៅផ្ទះដើម្បីឱ្យកូនរបស់ពួកគេមានឱកាសចូលរៀននៅសាលាកំពូលៗ។
 
ជាមួយគ្នានេះ ​កាលពីចុងសប្តាហ៍មុន អាជ្ញាធរក្រុងប៉េកាំងក៏បានប្រកាសឱ្យគ្រូទាំងអស់ត្រូវតែផ្លាស់ប្តូរសាលាបង្រៀនរៀងរាល់៦ឆ្នាំម្តងដើម្បីបង្ការការប្រមូលម្តុំគ្រូមានទេពកោសល្យនៅតាមសាលាមួយចំនួន។
 
កាលពីដើមឆ្នាំ២០២១​ ក្រសួងអប់រំចិន ក៏បានហាមឃាត់ការដាក់កិច្ចការផ្ទះជាការសរសេរសំណេរសម្រាប់សិស្សថ្នាក់ទី១ និងទី២ និងកំណត់ការដាក់កិច្ចការផ្ទះដល់សិស្សអនុវិទ្យាល័យមិនឱ្យលើសពី១ម៉ោងកន្លះក្នុងមួយយប់ឡើយ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com