ជាតិ
រថយន្ត
រថយន្តធុនធ្ងន់ដែលបើកយឺតនៅគន្លងផ្លូវខាងឆ្វេង ប្រឈមការពិន័យ
30, Aug 2021 , 8:29 pm        
រូបភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណាផាកពិន័យលើអ្នកបើកបររថយន្តធុនធ្ងន់ ដែលបើកយឺត នៅលើគន្លងផ្លូវខាងឆ្វេង ដែលធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរណ៍នៅលើដងផ្លូវ។ លោក ស៊ុន ចាន់ថុន រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ដូច្នេះនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហានេះ ដែលជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ក្រសួង។

 
លោករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះ៖«ត្រូវតែគោរពច្បាប់ គឺប្រកាន់ស្តាំ! យើងបើកយឺត ត្រូវនៅខាងស្តាំ ទុកឱ្យគេបើកតាមល្បឿនកំណត់នេះ គេបើកខាងឆ្វេង ជាពិសេសឡានធំហ្នឹងត្រូវបើកខាងស្តាំ កុំបើកខាងឆ្វេងឱ្យសោះ។ ហេតុនេះ កំពុងតែច្បាប់យើងនេះ កំពុងធ្វើវិសោធនកម្មច្បាប់ ហើយអាចមានការផាកពិន័យ ចំពោះរថយន្តធុនធ្ងន់ដែលបើកយឺត ហើយបើកនៅគន្លងខាងឆ្វេង! កំពុងតែពិចារណាលើការផាកពិន័យនេះ»។
 
សូមទស្សនាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងវីដេអូខាងក្រោមនេះ៖
 
 
ក្រៅពីបង្ហើបពីគម្រោងផាកពិន័យលើយានយន្តធុនធ្ងន់ដែលបើកខុសគន្លងនេះ លោក ស៊ុន ចាន់ថុល ក៏ទទូចឱ្យម្ចាស់រថយន្តដឹកទំនិញនេះ កុំដឹកទំនិញលើសច្បាប់កំណត់ដែលបង្កឱ្យផ្លូវខូចខាតមុនអាយុកាល។ រដ្ឋមន្ត្រីក្រសួងសាធារណការ គូសបញ្ជាក់ជាថ្មី ជុំវិញការបន្តរឹតបន្តឹង លើយានយន្តដែលល្មើសច្បាប់នេះ។
 



សូមជម្រាបថា កម្មវិធី MPWT LIVE SHOW ជាកម្មវិធីចែករំលែកព័ត៌មានទៅសាធារណជន និងដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជាមតិយោបល់ ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួង។ 
 
សម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួន៥លើក លើប្រធានបទខុសៗគ្នា រួមមាន ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក៕
 
 

Tag:
 ស៊ុន ចាន់ថុល
 រថយន្តធុនធ្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com