អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អវត្តមានក្នុងពិធីស្បថចូលកាន់តំណែងគណៈរដ្ឋមន្រ្តី ព្រោះជាប់ចត្តាឡីស័ក
30, Aug 2021 , 10:22 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប បានខកខានចូលរួមពិធីស្បថចូលកាន់តំណែងរបស់សមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី៣០ ខែសីហា ស្របពេលលោកកំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ-១៩ ។

 
ពិធីស្បថចូលកាន់តំណែងរបស់សមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី ត្រូវបានប្រព្រឹត្តឡើងដោយ មិនមានវត្តមានរបស់ប្រមុខរដ្ឋាភិបាល និងសមាជិកគណៈរដ្ឋមន្រ្តីមួយចំនួន ដោយសារតែជំងឺកូវីដ-១៩។ តាមសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃទី៣០ ខែសីហា លោកនាយករដ្ឋមន្រ្តី មិនមានវត្តមានក្នុងពិធីស្បថចូលកាន់តំណែងរបស់រដ្ឋមន្រ្តីសហព័ន្ធ និងអនុរដ្ឋមន្រ្តី នៅពីមុខមហាក្សត្រម៉ាឡេស៊ីឡើយ។ 
 
ការអាកខានរបស់លោក យ៉ាកុប ក្នុងពិធីដ៏សំខាន់បែបនេះ ដោយសារលោកមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ក៏បានបង្ហាញផងដែរថា លោកនាយករដ្ឋមន្រ្តីនឹងចូលរួមទិវាឯករាជ្យជាតិ នៅថ្ងៃទី៣១ ខែសីហា តាមប្រព័ន្ធវីដេអូផងដែរ។ 
 
មិនត្រឹមតែលោកយ៉ាកុបដែលអវត្តមានក្នុងពិធីស្បថចូលកាន់តំណែង សមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីមួយចំនួនទៀត ក៏អវត្តមានក្នុងពិធីស្បថចូលកាន់តំណែងដែរ។ លោករដ្ឋមន្រ្តីសហករណ៍ និងការអភិវឌ្ឍសហគ្រិន Noh Omar មិនបានចូលរួមឡើយ ព្រោះជាប់ចត្តាឡីស័ក ខណៈពេលអនុរដ្ឋមន្រ្តីអប់រំ បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។ 
 
សូមបញ្ជាក់ថា សមាជិកគណរដ្ឋមន្រ្តីថ្មី ត្រូវបានលោក យ៉ាកុប ប្រកាសនៅថ្ងៃទី២៧ ខែសីហាកន្លងទៅ ដោយមានសមាជិករដ្ឋមន្រ្តីចំនួន ៣១រូប និងអនុរដ្ឋមន្រ្តីចំនួន ៣៨រូប។ ដូចរដ្ឋាភិបាល លោក មូហ៊ីឌីន យ៉ាស៊ីន នាពេលដំបូងដែរ គណៈរដ្ឋមន្រ្តីថ្មីម៉ាឡេស៊ី មិនមានឧបនាយករដ្ឋមន្រ្តីឡើយ និងមានទេសរដ្ឋមន្រ្តីត្រឹមតែ ៤រូបប៉ុណ្ណោះ៕ 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com