ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​ សម្រេចឲ្យបើកសាលារៀន ដែលគ្មានហានិភ័យឆ្លងកូវីដ-១៩
31, Aug 2021 , 9:57 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យបើកសាលារៀន នៅកន្លែងណា ដែលគ្មានហានិភ័យឆ្លងជំងឺកូវីដ-១៩ឡើងវិញ។​ នេះបើតាមសារសំឡេងរបស់សម្តេច ហ៊ុន​ សែន ដែលចែកចាយតាមក្រុមតេឡេក្រាមនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។​

 
នាយករដ្ឋមន្ត្រីកម្ពុជា​ បានលើកឡើងបែបនេះ ដោយសំអាងលើកំណើននៃការចាក់វ៉ាក់សំាងកូវីដ-១៩លើកុមារ​ និងយុវជនដែលមានអាយុ១២ ទៅ១៧ឆ្នាំមានសន្ទុះខ្លាំង ដែលមានជាង១,៥លាននាក់ ក្នុងចំណោមកុមារ និងយុវជនសរុប២លាននាក់។​
 

 
«ដោយសង្កេតឃើញនៅតាមសាលារៀនជនបទ ដែលពុំមានការឆ្លង យើងមានលទ្ធភាពបើកសាលារៀននោះ ដោយពុំមានរង់ចំាថាទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្តមួយត្រូវតែបើក ឬស្រុកមួយត្រូវតែបើកទាំងអស់នោះទេ។ យើងគួរជ្រើសរើសនៅតាមភូមិ ឬឃុំដែលពុំមាននូវការកើតជំងឺឆ្លងនេះ។ ហើយកុមារាកុមារីរបស់យើងបានចូលសិក្សា ដោយរក្សាគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចំាបាច់នានា ដើម្បីឲ្យកុមារាកុមារីបានចូលរៀន។​ នៅពេលដែលកុមារាកុមារី យុវជន បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ គឺយើងអាចឈានដល់ការបើកសាលារៀន»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សា ជាមួយអភិបាលរាជធានីខេត្ត ក្នុងការពិនិត្យ និងជ្រើសរើសសាលារៀន ដែលស្ថិតនៅក្នុងតំបន់គ្មានហានិភ័យឆ្លងជំងឺកូវីដ-១៩ ។​ 
 
ចំពោះសាលារៀនដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលមានហានិភ័យឆ្លង សម្តេច ហ៊ុន សែន បានស្នើឲ្យក្រសួងអប់រំបន្តការបង្រៀន និងរៀនតាមអនឡាញដដែល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ «ដោយសារតែនៅទីក្រុង និងទីប្រជុំជនមានលទ្ធភាពច្រើន មានអ៊ីនធឺណិតអាចរៀនសូត្របាន យើងអាចគួបផ្សំគ្នារវាងកន្លែងដែលឆ្លងតិច»។ នេះជាការរៀបរាប់របស់សម្តេច ហ៊ុន សែន។​ 
 
ប្រមុខរដ្ឋមន្ត្រីកម្ពុជា មានក្តីព្រួយបារម្ភថា បើកាលណាសាលារៀននៅតែបន្តបិទទៀត នោះនឹងធ្វើឲ្យកុមារភ្លេចការសិក្សា និងឈានដល់ការបោះបង់ការសិក្សា។ នាយករដ្ឋមន្ត្រីបានសង្កេតឃើញថា បើទោះបីកុមារបន្តរៀន តាមអនឡាញក៏ពិតមែន ប៉ុន្តែកុមារនៅតាមជនបទ និងក្រីក្រ ពុំមានលទ្ធភាពសិក្សាឲ្យបានគ្រប់គ្រាន់ឡើយ៕ 
 

Tag:
 សាលារៀន
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com