អន្តរជាតិ
ទីបំផុត អាម៉េរិកដកទ័ពចេញពីអាហ្វហ្កានីស្ថានអស់ហើយក្រោយសង្គ្រាម២០ឆ្នាំ
× ជើងយន្តហោះយោធាចុងក្រោយរបស់អាម៉េរិក បានចាកចេញពីទីក្រុងកាប៊ុលហើយនៅយប់ឈានចូលថ្ងៃទី៣១ ខែសីហា។ នេះ ជាការបញ្ចប់សង្គ្រាម២០ឆ្នាំនៅអាហ្វហ្កានីស្ថានជាផ្លូវការរបស់អាម៉េរិក។ ក្នុង រយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ អាម៉េរិក និងសម្ព័នមិត្តញាប់ដៃញាប់ជើងដើម្បីបញ្ចប់យុទ្ធនាការ ជម្លៀសកងទ័ព និងប្រជាជនរៀងៗខ្លួន ក៏ដូចជាពលរដ្ឋអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ដែលជួយពួកគេកន្លងមក។
ដូចការសន្យា មិនមានកងទ័ពអាម៉េរិកនៅលើទឹកដីអាហ្វហ្កានីស្ថានទៀតឡើយត្រឹមថ្ងៃទី៣១ ខែសីហា។ យន្តហោះដឹកយោធាអាម៉េរិកចុងក្រោយ បានហោះចេញពីអាកាសយានដ្ឋាន Hamid Karzai ដើម្បីបញ្ចប់បេសកកម្មយោធា២០ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងភេវកម្ម។ ឧត្តមសេនីយ៍ទោ Chris Donahue មេបញ្ជាការកងពលតូចឆត្រយោងលេខ៨២ ជាទាហានអាម៉េរិកចុងក្រោយបង្អស់ដែលចាកចេញពីអាហ្វហ្កានីស្ថាន។
ឧត្តមសេនីយ៍ទោ Chris Donahue ជាទាហានអាម៉េរិកចុងក្រោយបង្អស់ដែលចាកចេញពីអាហ្វហ្កានីស្ថាន។ រូបថតក្រសួងការពារជាតិអាម៉េរិក
អាម៉េរិក ចាប់ផ្ដើមបេសកកម្មយោធារបស់ខ្លួននៅអាហ្វហ្កានីស្ថានក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយបានផ្ដួលរំលំក្រុមតាលីបង់ដែលគ្រប់ប្រទេសនេះ។ នៅខែឧសភា ឆ្នាំ២០១១ មេក្លោងក្រុមអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន ត្រូវបានសម្លាប់នៅប៉ាគីស្ថាន។ ១០ឆ្នាំក្រោយ ពោលគឺនៅខែឧសភា ឆ្នាំ២០២១ ប្រធានាធិបតី ចូ បៃឌិន ក៏ប្រកាសដកទ័ពចេញពីអាហ្វហ្កានីស្ថានដើម្បីបញ្ចប់សង្រ្គាម២០ឆ្នាំ។
ការដកទ័ពរបស់អាម៉េរិក និងការជម្លៀសមនុស្សជួបឧបសគ្គខ្លាំង ក្រោយក្រុមតាលីបង់បែរជាដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុលយ៉ាងរហ័សនៅពាក់កណ្ដាលខែសីហា។ អាម៉េរិកបានជម្លៀសមនុស្សជាង១១ម៉ឺននាក់នាក់ចេញពីទីក្រុងកាប៊ុលក្នុងនោះមានទាំងពលរដ្ឋអាម៉េរិក ជនបរទេស និងប្រជាជនអាហ្វហ្កានីស្ថាន និងក្រុមគ្រួសាររបស់ពួកគេ។ មនុស្សជាច្រើនទៀតដែលមិនអាចចូលដល់អាកាសយានដ្ឋាន មិនមានឱកាសចាកចេញឡើយ។
យន្តហោះយោធាអាម៉េរិកដឹកឧទ្ធម្ភាគចក្រចេញពីអាហ្វហ្កានីស្ថាន។ រូបថត Xinhua
អាម៉េរិក សម្ព័ន្ធមិត្ត និងអង្គការអន្តរជាតិ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពចំពោះប្រជាជនដែលនៅ សេសសល់នៅអាហ្វហ្កានីស្ថាន។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលដែលបញ្ជាក់ពីការបញ្ចប់បេសកកម្មនេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានធានាដល់ប្រជាជនដែលមានសិទ្ធិចាកចេញ អាច ធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថានបានដោយសុវត្ថិភាព។ លោកក៏សង្ឃឹមថា តាលីបង់នឹងគោរព ពាក្យសម្ពីរបស់ខ្លួនដែលបើកផ្លូវដល់ពួកគេផងដែរ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តសេចក្តីសម្រេចមួយនៅថ្ងៃទី៣០ ខែសីហា ទាមទារឱ្យពួកតាលីបង់គោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឱ្យប្រជាជនចាកចេញពីអាហ្វហ្កានីស្ថានដោយសេរីផងដែរ៕
Tag:
អាម៉េរិក
អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com