ជាតិ
សង្គមជាតិ
បើកសាលារៀនឡើងវិញ៖ ក្រសួងអប់រំ កំណត់ឲ្យមួយថ្នាក់ មានសិស្សតិចជាង១៥នាក់ 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
×![]()
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យសាលារៀនគ្រប់កម្រិត នៅតាមបណ្តាខេត្តដែលគ្មានហានិភ័យ ឬមានកម្រិតឆ្លងជំងឺកូវីដ-១៩ទាប រៀបចំឲ្យមានសិស្សតិចជាង១៥នាក់ ក្នុងមួយថ្នាក់។ លោក ហង់ជួន ណារ៉ុន ទើបទទួលបានការអនុញ្ញាតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើករណីនេះ។
លោក ហង់ជួន ណារ៉ុន បានណែនាំឲ្យមន្ទីរអប់រំទាំងអស់ ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានីខេត្ត ក្នុងការជ្រើសរើស និងវាយតម្លៃលើសាលាមេត្តយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ ដោយត្រូវបង្កើតគណៈកម្មការគ្រប់គ្រង និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)។ ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន បានប្រាប់ឲ្យគ្រឹះស្ថានសិក្សានីមួយៗ ត្រូវបែងចែកគ្រូបង្រៀនក្នុងថ្នាក់ផ្សេង និងគ្រូបង្រៀននៅតាមបណ្ដុំផ្សេង។
«សាលារៀននីមួយៗដែលស្ថិតក្នុងតំបន់គ្មានហានិភ័យឆ្លង ឬតំបន់ដែលមានហានិភ័យឆ្លងទាប ឬតំបន់ដែលមានកុមារ និងសិស្សានុសិស្សចាក់វ៉ាក់សាំងច្រើន បែងចែកវេន ឬបណ្តុំតាមចម្រុះថ្នាក់ ដែលរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្របណាមួយ»។ នេះបើតាមរដ្ឋមន្ត្រីអប់រំ។
សម្រាប់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំឲ្យសិស្សានុសិស្ស និងគ្រូបន្តរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ឬតាមបណ្តុំតូចៗនៅតាមផ្ទះ។ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏ស្នើឲ្យឪពុកម្តាយ ឬអាណាព្យាបាលបន្តលើកទឹកចិត្ត និងយកចិត្តទុកដាក់ក្នុងការបង្រៀនកូនផងដែរ។
ក្នុងដំណើរការបើកសាលារៀនឡើងវិញនេះ លោក ហង់ជួន ណារ៉ុន ពុំអនុញ្ញាតឲ្យអាជីវករលក់ដូរនំចំណី អាហារ និងសកម្មភាពហាត់កីឡានៅតាមសាលារៀនឡើយ។ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានស្នើឲ្យគ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរបន្តបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការទៅឲ្យសិស្ស៕
Tag:
សាលារៀន
ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com