ជាតិ
ទេសចរជាង២ម៉ឺននាក់ បានដើរលេងនៅខេត្តកំពត នាសប្តាហ៍មុន
31, Aug 2021 , 7:59 pm        
រូបភាព
ដោយ:
ការបើកឡើងវិញនៅរមណីយដ្ឋានទេសចរណ៍ក្នុងកំពត បានទាញទេសចរប្រមាណ ២ម៉ឺននាក់ឱ្យទៅកម្សាន្តនៅខេត្តនេះ ក្នុងរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី ២៣-២៩សីហា។ ដ្បិតរមណីយដ្ឋានដំណើរការវិញ ប៉ុន្តែតាមតំបន់ទាំងនោះ មិនមានការកកស្ទះមនុស្សច្រើន ដែលនាំឱ្យមានហានិភ័យជំងឺកូវីដ-១៩នោះទេ។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។


សប្តាហ៍ទី៤នៃខែសីហា ខេត្តកំពត ទទួលបានភ្ញៀវទេសចរសរុប ២១ ០៦៧នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន ១២០នាក់។ ទិន្នន័យនេះ មានការកើនឡើងរហូតដល់ ១៦៤ភាគរយ បើធៀបនឹងសប្តាហ៍ទី៣ក្នុងខែសីហាដដែល។
 
បើតាមលោក សយ ស៊ីណុល ភ្ញៀវទេសចរក្នុងសប្តាហ៍ទី៤ នេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែកំណើននេះ មិនបានបង្ករឱ្យមានហានិភ័យជំងឺកូវីដ-១៩នោះទេ។ «ភ្ញៀវទេសចរភាគច្រើន មានការយល់ដឹងពីការអនុវត្តវិធានការ ៣កុំ និង៣ការពារ។ តាមរមណីយដ្ឋាន ទេសចរមានការចូលរួមអនុវត្តវិធានសុវត្ថិភាព និងមិនការប្រមូលផ្ដុំនោះទេ»។ នេះជាការបញ្ជាក់បន្ថែម របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
 
សូមជម្រាបដែរថា ភ្ញៀវទេសចរ ដែលមានបំណងទៅកម្សាន្តនៅខេត្តកំពត អាចដើរកម្សាន្តជាធម្មតាបាន ព្រោះរមណីយដ្ឋានទាំងអស់ បើកដំណើរការទទួលភ្ញៀវទេសចរវិញហើយ។ ប៉ុន្តែទេសចរ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានសុវត្ថិភាព ដើម្បីការពារការរីកដាលនៃជំងឺកូវីដ-១៩៕
 
 
 
 

Tag:
 ThmeyThmey25
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com