កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ៖ ប្រវត្តិសាស្រ្តត្រូវបានកត់ត្រាពីអតីតកាល ហើយប្រវត្តិសាស្ត្រនឹងត្រូវបានកត់ត្រាម្ដងទៀត
31, Aug 2021 , 5:30 pm        
រូបភាព
ជោគជ័យគ្រប់យ៉ាង គឺកើតចេញពីអាជីព នៅMan Utd ។ នេះជាសម្រង់សាររបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ផ្ញើជូន Sir Alex Ferguson អតីតអ្នកចាត់ការក្រុម Man Utd ។



មុនពេលមកកាន់ទឹកដី Old Traffold ខ្សែប្រយុទ្ធឆ្នើមវ័យ៣៦ឆ្នាំរូបនេះ បានបង្ហាញពីក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ដែលមិនអាចកាត់ថ្លៃបាន ចំពោះក្រុមរហ័ស្សនាមបិសាចក្រហមមួយនេះ។ សម្រាប់ Ronaldo ក្លិប Man Utd ជាកន្លែងផ្ដល់ឱកាសឱ្យរូបគេអភិវឌ្ឍន៍សមត្ថភាព រហូតក្លាយជាកីឡាករល្អនៅលើពិភពលោក។
 
តាមរយៈហ្វេសប៊ុកខ្លួន ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖«លីគក្នុងស្រុកដំបូងរបស់ខ្ញុំ , ពានដំបូងរបស់ខ្ញុំ , ឱកាសជាប់ជម្រើសជាតិព័រទុយហ្គាលលើកដំបូងរបស់ខ្ញុំ, Champions League លើកដំបូងរបស់ខ្ញុំ , ស្បែកជើងមាស និងពានរង្វាន់ Ballon d’Or លើកដំបូងរបស់ខ្ញុំ គឺសុទ្ធតែកើតចេញពីទំនាក់ទំនងពិសេសរវាងខ្ញុំ និងក្រុមបិសាចក្រហម។ ប្រវត្តិសាស្រ្តត្រូវបានកត់ត្រាពីអតីតកាល ហើយប្រវត្តិសាស្ត្រនឹងត្រូវបានកត់ត្រាម្ដងទៀត។ អ្នកចាំសម្ដីរបស់ខ្ញុំទៅ»។

Ronaldo ដែលទើបធ្វើតេស្តសុខភាពជោគជ័យនាទីក្រុងLisbon ប្រទេសព័រទុយហ្គាល កាលពីថ្ងៃទី៣០ សីហា នឹងត្រូវបង្ហាញខ្លួនជាថ្មីម្តងទៀត សម្រាប់ក្លិបបិសាចក្រហម ក្រោយពេលរូបគេជួយក្រុមជម្រើសជាតិព័រទុយហ្គាល ជម្រុះពានរង្វាន់ World Cup ២០២២ រួចនាសប្តាហ៍នេះ ។
 
ម្ចាស់ពានរង្វាន់ Ballon dÓr ៥លើករូបនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ ប្រាប់ទៅកាន់គេហទំព័ររបស់ក្រុមMan Utd ថា៖« ក្រុមបិសាចក្រហមជាទីកន្លែងដ៏ពិសេសបំផុតមួយហើយ ក៏សំខាន់ក្នុងបេះដូងខ្ញុំជានិច្ច។ ខ្ញុំបានទទួលសារជាច្រើនលើសលុប ចាប់តាំងពីការប្រកាសវិលត្រឡប់របស់ខ្ញុំ តាំងពីថ្ងៃសុក្រមក។ ខ្ញុំពិតជាមិនអាចរង់ចាំបាននោះទេ ក្នុងការបង្ហាញខ្លួនលេងជាលើកដំបូង ព្រមទាំងចង់ឃើញអ្នកគាំទ្រជាច្រើននៅក្នុងកីឡដ្ឋាន ដែលជាផ្ទះចាស់របស់ខ្ញុំខ្លាំងណាស់។ខ្ញុំនឹងមកជួយក្រុមក្រោយពេលការប្រកួតឲ្យក្រុមជម្រើសជាតិរួចរាល់ ហើយខ្ញុំក៏សង្ឃឹមថាក្រុមនឹងទទួលបានជោគជ័យក្នុងរដូវកាលនេះផងដែរ»។
 
ដោយឡែកលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកក្រុមបិសាចក្រហម បាននិយាយថា Ronaldo គឺជាមនុស្សម្នាក់ដ៏អស្ចារ្យបំផុតក្នុងពិភពលោកនេះ ហើយការវិលត្រឡប់របស់រូបគេ នឹងជួយដល់ក្រុម ជាពិសេសកីឡាករវ័យក្មេងជាច្រើន ដែលទទួលបានបទពិសោធន៍ល្អៗនៅលើទីលាន។ 
 
Ronaldo ធ្លាប់រួមរស់ជាមួយ Man Utd រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់២០០៩ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី១១៨គ្រាប់ ក្នុងការបង្ហាញខ្លួន២៩២ប្រកួត មុននឹងចាកចេញទៅ Real Madrid និងបន្តអាជីពនៅ Juventus កាលពីឆ្នាំ២០១៨។
 
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល វ័យ ៣៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់រហូតដល់ទៅជាង៣០ សម្រាប់ក្លិប ក្រុមជម្រើសជាតិនិងពានរង្វាន់ផ្ទាល់ខ្លួន ក្នុងនោះរូមមាន ពានរង្វាន់ Ballon dÓr ៥លើក,UEFA Champion league ៥ដង, FIFA Club World Cup ៤ដង, ពានរង្វាន់លីគកំពូលទាំងនៅ អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី ៧ដង, UEFA Euro ១ដង, និងពានរង្វាន់កីឡាករល្អផ្សេងៗទៀត ។ រូបគេក៏ជាកីឡាករដំបូង ដែលឈ្នះពានរង្វាន់ប្រចាំលីគកំពូល៣ផ្សេងគ្នាផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com