COVID-19
ជាតិ
កម្ពុជា មានវ៉ាក់សាំងSinovac​ ២លានដូស​ទៀត​ សម្រាប់ធ្វើជាដូស​ទី៣ ​
31, Aug 2021 , 9:59 pm        
រូបភាព
វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃ​ទី៣១ ខែសីហានេះ ដែលធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ សរុប២៧លានដូស។

 
បើតាមប្រមុខរដ្ឋាភិបាល វ៉ាក់សាំងទាំង២លានដូសដែលកម្ពុជាបញ្ជាទិញនេះ នឹងប្រើសម្រាប់ការចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ដែលចាក់រួចទាំង២ដូសរួចហើយ។ សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ៖«វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ»។
 
កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជំរុញ នៅដើមខែសីហា លើក្រុមគ្រូពេទ្យ និងមន្ត្រីរាជការជួរមុខ ក៏ដូចជាក្រុមពលរដ្ឋដែលមានហានិភ័យខ្ពស់។ គិតត្រឹមថ្ងៃទី៣០ ខែសីហា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ មានជាង ៦១ម៉ឺននាក់ហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបន្តទៀតថា បច្ចុប្បន្នកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋ ជិត១០,៧លាននាក់ ឬស្មើនឹង ៦៦,៨៤ភាគរយ បើធៀបនឹងចំនួនប្រជាជន១៦លាននាក់ ដោយក្នុងនោះមានកុមារ និងយុវវ័យ ជាង១,៥១លាននាក់ និងពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ជាង៩, ១៧នាក់​។  ក្នុងចំណោមពលរដ្ឋទាំងជាង១០,៧លាននាក់នោះ មាន ៨,៤៥លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ទាំង២ដូស។
 
គិតត្រឹមដំណាច់ខែសីហានេះ កម្ពុជាមានវ៉ាក់សាំង​កូវីដ-១៩ ប្រមាណ ២៧លានដូស​ហើយ​ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមមាន ៦,៧លានដូស វ៉ាក់សាំង Sinovac មានជាង១៦,៥លានដូស។ ក្រៅពីនេះ​ អាមេរិកក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូសផងដែរ៕
 
 
 
 
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com