ជាតិ
«យាយម៉ៅពេជ្រនិល» ក្លាយជាឈ្មោះឃុំមួយនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
× រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត ឃុំ«យាយម៉ៅពេជ្រនិល» ជាឃុំថ្មីមួយនៅខេត្តកំពង់ស្ពឺ។ ឃុំយាយម៉ៅពេជ្រនិល មានភូមិចំនួន៩ ដែលត្រូវបានកាត់ចេញពីឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច។ នេះបើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០សីហា។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសប្បទានសែនជ័យ និងភូមិស្រល់ នឹងត្រូវកាត់ចេញពីឃុំត្រែងត្រយឹង ដោយត្រូវស្ថិតនៅក្នុង ឃុំយាយម៉ៅពេជ្រនិលវិញ។ ប៉ុន្តែភូមិទាំង៩នេះ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមប្រឹក្សាឃុំត្រែងត្រយឹងដដែលសិន ខណៈមិនទាន់មានក្រុមប្រឹក្សាឃុំយាយម៉ៅពេជ្រនិលនៅឡើយ។
យ៉ាងណាមិញ ក្នុងសេចក្ដីសម្រេចនេះ ក៏បានលើកឡើងថា ឃុំយាយម៉ៅពេជ្រនិល ក៏នឹងត្រូវឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាអាណត្តិទី៥ ស្របតាមខ្លឹមសារមាត្រា១៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងឃុំសង្កាត់ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com