ជាតិ
តំបន់ខ្លះប្រឈមជំនន់ទឹកភ្លៀង ខណៈកម្ពុជារងឥទ្ធិពលខ្យល់សមុទ្រ និងសម្ពាធទាបពីឥណ្ឌា ១សប្ដាហ៍ទៀត
01, Sep 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងមួយ និងប្រព័ន្ធសម្ពោធទាប ចាប់ពីថ្ងៃទី១-៧ខែកញ្ញា ។ អំឡុងពេលនេះ កម្ពុជាក៏ រងឥទ្ធិពលខ្យល់សមុទ្រBreeze ផងដែរ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម ។


ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ សីហា បានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងមួយសប្ដាហ៍នេះ ។ ជាមួយគ្នានេះ ភូមិសាស្រ្តមួយចំនួន ក្នុងតំបន់វាលទំនាបកណ្ដាល នឹងមានជំនន់ទឹកភ្លៀងកើតឡើង។
 
ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ដែរ។ រីឯ តំបន់មាត់សមុទ្រ  អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ ទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដូចគ្នា។ លើសពីនេះ ក្នុងផ្ទៃសមុទ្រជាពិសេសបរិវេណក្បែរបណ្ដាកោះ អាចមានរលកសមុទ្រកើតឡើងក្នុងកម្រិតមធ្យម។
 
ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ៕
 
 
 

Tag:
 អាកាសធាតុ
  សម្ពោធទាបឥណ្ឌា
  ខ្យល់សមុទ្រBreeze
© រក្សាសិទ្ធិដោយ thmeythmey.com