ជាតិ
អាជ្ញាធរបិទការឡើងចុះទស្សនាផ្នែកខាងលិចប្រាសាទភិមានអាកាស ព្រោះទ្រុឌទ្រោមខ្លាំង
01, Sep 2021 , 9:29 am        
រូបភាព
ការឡើងចុះទស្សនានៅផ្នែកខាងលិចនៃប្រាសាទភិមានអាកាសត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយសារប្រាសាទមានភាពទ្រុឌទ្រោម ដែលវាអាចបង្កហានិភ័យខ្ពស់ដល់អ្នកចូលទស្សនា។

 
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ភាពទ្រុឌទ្រោម នៃប្រាសាទភិមានអាកាស ដោយសារកត្តាអាយុកាល និងធម្មជាតិ ហើយអាជ្ញាធរកំពុងសិក្សា ដើម្បីមានការជួសជុលជាបន្ទាន់ ក្នុងពេលឆាប់ៗ។ អ្នកនាំពាក្យរូបនេះបន្តថា៖« ប្រាសាទភិមានអាកាស ទ្រុឌទ្រោមជណ្តើរផង ផ្នែកផ្សេងៗទៀតដូចជា ផ្នែកខាងក្រោមនៃប្រាសាទ និងផ្នែកខាងលើនៃប្រាសាទក៏មានបញ្ហាដូចគ្នាដែរ។ និយាយរួម វាទ្រុឌទ្រោម ហើយយើងត្រូវការសិក្សា ជួសជុលជាបន្ទាន់»។ 
 
ប្រាសាទភិមានអាកាស ជាប្រាសាទមួយដ៏សំខាន់ ដែលស្ថិតនៅចំកណ្តាលបរិវេណអតីតព្រះរាជវាំងអង្គរធំ។ នាពេលបច្ចុប្បន្ន ប្រាសាទនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅលេងកម្សាន្ត និងមានបងប្អូនមួយចំនួនអញ្ជើញទៅបួងសួងសុំសេចក្តីសុខផងដែរ។
 
ប្រាសាទភិមានអាកាស ឬប្រាសាទវិមានអាកាស សង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័ន នៅដើមសតវត្សទី១១។  ប្រាសាទនេះ សង់អំពីថ្មភក់នៅផ្នែកខាងលើ ដោយជើងគ្រឹះធ្វើពីថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ នៅអេហ្សីបដូច្នោះដែរ ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់មានប្រវែងប្រហែលជា ១២ ម៉ែត្រមានសណ្ឋានបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក៕
 
 
 

Tag:
 ថ្មីៗ២៥
  អាជ្ញាធរជាតិអប្សរា
  ប្រាសាទភិមានអាកាស
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com