COVID-19
ជាតិ
សេដ្ឋកិច្ច
CMAC បន្តដោះមីនក្នុងតំបន់ប្រាសាទព្រះវិហារ និងកោះកេរ ខណៈតំបន់នេះ កំពុងទាក់ទាញទេសចរណ៍
01, Sep 2021 , 11:23 am        
រូបភាព
ទិដ្ឋភាពព្រៃនៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ នៅខេត្តព្រះវិហារ
ទិដ្ឋភាពព្រៃនៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ នៅខេត្តព្រះវិហារ
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ និងCMAC នឹងសហការគ្នាបោសសម្អាតមីន ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ សម្រាប់ផែនការឆ្នាំ២០២២ខាងមុខ ដើម្បីស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្រោយជំងឺកូវីដ-១៩ ស្រាកស្រាន្ត។ ក្នុងកិច្ចប្រជុំរវាងអាជ្ញាធរជាតិព្រះវិហារ និង CMAC កន្លងមក ក៏បានលើកឡើងពីការងារ​បោស​សម្អាតមីន និងធ្វើបច្ចុប្បន្នភាព នៃការបោសសម្អាតមីន ក្នុងតំបន់រមណីយដ្ឋានប្រាសាទទាំងពីរ។


 
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រជុំជាមួយអង្គភាព CMAC ដើម្បីពិនិត្យមើលចំណុចអាទិភាព នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ ដែលត្រូវសម្អាតមីន។ យ៉ាងណាក៏ដោយ លោក ពុទ្ធិការ ថាការងារនេះ ត្រូវរង់ចាំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីសិក្សាស៊ីជម្រៅពីតំបន់ដែលប្រឈមខ្លាំង។ 
 
អគ្គនាយកអាជ្ញាធរជាតិព្រះវិហាររូបនេះ បន្ថែមថា តំបន់ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ជាគោលដៅទេសចរណ៍ដ៏សំខាន់ ដូច្នេះតំបន់ទាំងនោះអាចកំណត់ជាគោលដៅអាទិភាពក្នុងការសម្អាតមីន ដើម្បីបង្ការផលប៉ះពាល់ដល់ប្រជាជន និងដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយពេល ជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។
 
«ប្រហែលជាយើងត្រូវធ្វើការជាមួយគ្នាមួយរយៈទៀត ព្រោះខាង CMAC នៅព្រះវិហារ ត្រូវធ្វើការជាមួយ CMAC នៅខាងភ្នំពេញ។ ដោយសារការប្រជុំមិនទាន់ចប់ ដូច្នេះយើងមិនទាន់ដឹងថា យើងត្រូវការពេលប៉ុន្មាន ដើម្បីបោសសម្អាត និងត្រូវដាក់កម្លាំងប៉ុន្មាន ដើម្បីធ្វើការងារនោះដែរ»។ នេះជាការបញ្ជាក់របស់លោក គង់ ពុទ្ធិការ។
 
លោក ម៉ិញ ស្រ៊ន ប្រធានកងឯកភាពកម្ចាត់មីនទី៦ (CMAC) ទទួលបន្ទុកដោះមីន ក្នុងខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា លោកពុំទាន់អាចប្រាប់ពីទំហំផ្ទៃដី ដែលត្រូវដោះមីន ក្នុងតំបន់ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរបានឡើយ ដោយត្រូវរង់ចាំមន្ត្រីជំនាញចុះសិក្សាដល់ទីតាំងផ្ទាល់។ ទោះជាយ៉ាងណា លោក ម៉ិញ ស្រ៊ន ថាគោលបំណង នៃការប្រជុំជាមួយអាជ្ញាធរជាតិព្រះវិហារ ដើម្បីរៀបចំផែនការបោសសម្អាតមីន នៅតំបន់ប្រាសាទទាំងពីរ សម្រាប់ផែនការឆ្នាំ២០២២ខាងមុខ។ 
 
លោក ម៉ិញ ស្រ៊ន បញ្ជាក់ដូច្នេះ៖ «ជាលទ្ធផលទំហំផ្ទៃដីដែលត្រូវដោះមីននោះ មានប៉ុន្មានកន្លែង យើងមិនទាន់អាចប្រាប់បានទេ ត្រូវរង់ចាំមន្ត្រីជំនាញចុះទៅសិក្សាដល់ទីតាំងផ្ទាល់សិន។ ប្រហែលជាសប្ដាហ៍ក្រោយ ទើបយើងអាចជម្រាបព័ត៌មានច្បាស់លាស់បាន»។
 
សូមបញ្ជាក់ថា CMAC បានធ្វើការងារលើការដោះមីន នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ តាមផែនការរបស់រាជរដ្ឋាភិបាល ដោយមានជំនួយពីបរទេស និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់៕
 
 
 
 
 

Tag:
 ប្រាសាទ
  CMAC
  មីន
  ប្រាសាទព្រះវិហារ
  ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com