កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ចំណាយប្រាក់ជាង ១, ៥ពាន់លានដុល្លារ សម្រាប់ទីផ្សារដោះដូរកីឡាករ ដើមរដូវកាលនេះ
01, Sep 2021 , 2:59 pm        
រូបភាព
កីឡាករខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ Cristiano Ronaldo បានបញ្ចប់ការផ្ទេរដោយជោគជ័យនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការវិលត្រឡប់មកកាន់ទឹកដីចាស់របស់ខ្លួន ក្លិប Manchester United នៅចំថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរតែម្តង។ Ronaldo បានជួយរុញការចំណាយរបស់ក្លិបនៅ Premier League នាទីផ្សារដោះដូររដូវកាលនេះ ឡើងដល់ជាង ១.៥ពាន់លានដុល្លារ។



ក្របខណ្ឌបាល់ទាត់ Premier League របស់អង់គ្លេស បានចំណាយប្រាក់ជាង ១.៥ពាន់លានដុល្លារក្នុងទីផ្សារដោះដូរកីឡាករ នារដូវកាល ២០២១-២០២២នេះ ដែលទាបជាង១១ភាគរយ បើធៀបនឹងឆ្នាំ ២០២០ រដូវកាលមុន។ នេះបើយ៉ោងតាមការបង្ហាញពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Deloitte។ 
 
នាថ្ងៃចុងក្រោយនៃការបិទទីផ្សារដោះដូរកីឡាករ ក្លិបនៅ Premier League បានចំណាយប្រាក់ជាង ២០០លានដុល្លារ ហើយការចំណាយនោះបានរុញច្រានក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេសមួយនេះ ឲ្យចំណាយប្រាក់លើស ១ពាន់លានដុល្លារ ។
 
ថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ រួមមាន៖

ក្លិបមាន់ខ្នាយយមាស Tottanhem Spur យកបានខ្សែការពារ Emerson Royal ពីBarcelona ក្នុងតម្លៃ ៣៤លានដុល្លារ
ក្លិប Leeds United យកបាន Daniel James ពីបិសាចក្រហម តម្លៃ ៣៤លានដុល្លារ
ក្លិប Brighton បាននាំយកកីឡាករ Marc Cucurella ពីក្លិប Getafe របស់អេស្ប៉ាញ តម្លៃ ១៩លានដុល្លារ 
ក្លិប Westham យកបានកីឡាករ Alex Kral ពីក្លិប Spartak Moscow ក្នុងលក្ខខ័ណ្ឌខ្ចីជើង 
ក្លិប Leicester City ក៏បានខ្ចីជើងកីឡាករ Ademola Lookman ពីក្លិប RB Leipzig រយៈពេលយូរ
ក្លិប Burnley យកបានកីឡាករ Conor Roberts ក្លិប Swansea តម្លៃ ២០លានដុល្លារ
ក្លិប Crystal Palace យកបានកីឡាករ  Odsonne Edouard ពីក្លិប Celtic តម្លៃ ២០លានដុល្លារ
ក្លិបកំភ្លើងធំ Arsenal យកបានកីឡាករ  Takehiro Tomiyasu ពីក្លិប Bologna តម្លៃ១៧លានដុល្លារ ខណៈកីឡាករ២រូបដូចជា Hector Bellerin និង Riess Nelson ត្រូវបានដាក់ឲ្យក្លិបផ្សេងខ្ចីជើង។
 
ក្លិបដែលចំណាយលុយច្រើន ទិញកីឡាករនារដូវកាលនេះក្នុងក្របខ័ណ្ឌ Premier League ៖

កាំភ្លើងធំ Arsenal ក្រុមបិសាចក្រហម Manchester United ក្រុមមេឃខៀវ Manchester City ក្រុមតោខៀវ Chelsea គឺជាក្រុមធំ៤ ដែលបានចំណាយលុយយ៉ាងច្រើន ក្នុងការនាំចូលកីឡាករថ្មីៗ នារដូវកាល ២០២១ នេះ។
 
ក្លិបមេឃខៀវ Manchester City បាននាំចូលកីឡាករ មានតម្លៃថ្លៃបំផុតគឺ Jack Grealish ដែលយកមកពីក្លិប Aston Villa ក្នុងតម្លៃ ១៣៨លានដុល្លារ។
 
ក្លិបតោខៀវ Chelsea ដែលជាម្ចាស់ពានរង្វាន់ UEFA Champion Leagues បានចំណាយប្រាក់នាំយកកីឡាករខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Inter Milan ក្នុងតម្លៃជាង ១៣០លានដុល្លារ។
 
ក្លិបបិសាចក្រហម Manchester United វិញបានចំណាយប្រាក់នាំយកកីឡាករ៣រូប រួមមាន Cristiano Ronaldo តម្លៃ ៣៤លានដុលា្លរ Jadon Sancho តម្លៃ ១០០លានដុល្លារ និង Rafael Varane តម្លៃ ៤៦លានដុល្លារ។
 
ក្លិបកាំភ្លើងធំ Arsenal បាននាំមកនូវកីឡាករជាច្រើនដូចជា Ben White តម្លៃ៦៨លានដុល្លារ កីឡាករ Martin Odegaard តម្លៃ ៤១លានដុល្លារ និងកីឡាករអ្នកចាំទី Aron Ramsdale តម្លៃ ៣១លានដុល្លារ។
 
បើទោះជាមានការដោះដូរនាំចូលមកនៅកីឡាករថ្លៃៗយ៉ាងណាក្តី ប៉ុន្តែប្រាក់ចំណាយនៅក្នុងទីផ្សារដោះដូរនៃក្របខ័ណ្ឌ Premier League របស់អង់គ្លេស គឺមានការថយចុះ១១ភាគរយ បើធៀបនឹងរយៈពេល២ឆ្នាំចុងក្រោយនេះ៕

Tag:
 បាល់ទាត់
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com