កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann ទៅ At Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈ Barcelona ព្យាយាមដោះស្រាយបញ្ហាហិរញ្ញវត្ថុ
01, Sep 2021 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បានទៅចូលរួមជាមួយក្លិបចាស់ Atletico Madrid នៅក្នុងលក្ខខណ្ឌខ្ចីជើង ពី Barcelona ស្របពេលដែលក្លិបអ្នកមានបុណ្យនៅក្របខណ្ឌLa Liga អេស្ប៉ាញមួយនេះ កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។



Griezmann ត្រូវលេងឱ្យក្លិបចាស់ខ្លួននេះ ពេញមួយរដូវកាលនេះ ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងនោះ ក៏ទុកចន្លោះឱ្យ At Madrid អាចមានឱកាសទិញយកខ្សែប្រយុទ្ធវ័យ៣០ឆ្នាំនេះ ទៅចូលរួមក្លិបជាអចិន្ត្រៃយ៍ផងដែរ។ 
 
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានចាកចេញពី At Madrid ហើយមករួមរស់ជាមួយ Barcelona កាលពីអំឡុងឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនជាង១៤៧លានដុល្លារ។ អំឡុងពេលបង្ហាញខ្លួននៅ Barca ១០២ប្រកួតកន្លងមកនេះ Griezmann រកបានតែ៣៥គ្រាប់ និងជួយឱ្យក្លិបអ្នកមានបុណ្យឈ្នះ បានពានរង្វាន់ Copa del Rey តែមួយប៉ុណ្ណោះ ។
 
ចំពោះការបញ្ចេញ Griezmann ឱ្យ At Madrid ខ្ចីជើងនេះ គឺ Barcelona ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុនេះ អាចសន្សំប្រាក់បានជាង៨២ម៉ឺនដុល្លារ (£ 600 000) ក្នុងមួយសប្ដាហ៍ថែមទៀត លើកីឡាករសញ្ជាតិបារាំងនេះ។ At Madrid ជាអ្នកទទួលបន្ទុកលើប្រាក់ឈ្នួល Griezmann។
 
ក្រៅពី Griezmann ក្លិប Barca ក៏បានបញ្ចេញកីឡាករផ្សេងទៀត ដូចជា លក់កីឡាករ Emerson Royal ឱ្យក្លិបTottenham Hotspur នៅក្នុងតម្លៃជាង៣៥លានដុល្លារ និង Ilaix Moriba ឱ្យក្លិប RB Leipzig ក្នុងតម្លៃជិត១៩លានដុល្លារ។ Barcelona ក៏បានបោះបង់ Messi ដោយសារមិនអាចបន្តកុងត្រា ព្រោះជាប់បញ្ហាលក្ខខណ្ឌប្រាក់ខែ នៅលីគLa Liga នេះ បើទោះ Messi ព្យាយាមទម្លាក់ប្រាក់ឈ្នួលមកត្រឹមពាក់កណ្ដាលក្តី ។ Barcelona ព្យាយាមបញ្ចេញកីឡាករប្រាក់ឈ្នួលខ្ពស់ជាបន្តបន្ទាប់ ដើម្បីរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ។
 
ទន្ទឹមនឹងការបញ្ចេញ Griezmann ឱ្យ At Madrid ខ្ចីជើងនេះ Barcelona ក៏បានចុះកុងត្រាយក កីឡាករ Luuk De Jong ពី Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលយូរវិញដែរ នៅពេលបិទបញ្ចប់ទីផ្សារដោះដូរនេះ។ Barcelona ត្រូវរ៉ាប់រងប្រាក់ឈ្នួលឱ្យ De Jong ជាង៤៨ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។
 
Griezmann គឺជាកីឡាករទី១១ហើយ ដែលត្រូវ Barca បញ្ចេញទៅក្លិបផ្សេង ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនេះ។ មុនមកលេងនៅ Barca នេះ Griezmann បានលេងឱ្យ At Madrid ២៥៧ប្រកួត ដោយស៊ុតបញ្ចុលទីបាន១៣៣គ្រាប់ និងជួយឱ្យក្រុមមួយនេះ ឈ្នះពាន Europa League, Uefa Super Cup and Spanish Super Cup ទៀតផង៕
 

Tag:
 បាល់ទាត់
  La Liga
  Griezmann
© រក្សាសិទ្ធិដោយ thmeythmey.com