អន្តរជាតិ
ចិនប្រាប់អាម៉េរិកថា ភាពតានតឹងប្រទេសទាំងពីរអាចប៉ះពាល់កិច្ចសហការផ្នែកអាកាសធាតុ
× ភាពតានតឹងផ្នែកនយោបាយរវាងចិន និងអាម៉េរិក នឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើបញ្ហាការ ប្រែប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ព្រមានបែបនេះក្នុងជំនួបវីដេអូអនឡាញជាមួយប្រេសិតអាកាសធាតុអាម៉េរិកថ្ងៃទី១ ខែកញ្ញា។ ទាំងចិន និងទាំងអាម៉េរិកជាប្រទេសដែល បញ្ចេញឧស្ម័នកាបូនិចច្រើនជាងគេទីមួយ និងទីពីរលើពិភពលោក។
បញ្ហាបម្រែបម្រួលអាកាសធាតុ ជាផ្នែកមួយដែលចិន និងអាម៉េរិក នៅអាចនិយាយគ្នាបាន បើទោះជាមានបញ្ហាមើលមុខមិនត្រូវជាច្រើនក្ដី។ ប៉ុន្តែកិច្ចសហប្រតិបត្តិការលើវិស័យនេះ ទំនងរងហានិភ័យ បើទំនាក់ទំនងជារួមរវាងមហាអំណាចទាំងពីរកាន់តែយ៉ាប់យ៉ឺននោះ។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសចិន វ៉ាង យី ក៏និយាយរឿងនេះត្រង់ៗទៅកាន់ប្រេសិតពិសេសអាម៉េរិកសម្រាប់កិច្ចការបម្រែបម្រួលអាកាសធាតុ ចន ឃែរី ដែលកំពុងធ្វើទស្សនកិច្ចនៅចិន។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននៅថ្ងៃទី១ ខែកញ្ញា ភាគីទាំងពីរ ពិភាក្សាអំពីកិច្ចសហការដើម្បីទប់ទល់នឹងការឡើងកម្ដៅរបស់ផែនដី។ លោក វ៉ាង ប្រាប់លោក ឃែរី ថា៖
«កិច្ចសហការលើបញ្ហាអាកាសធាតុនឹងមិនអាចប្រព្រឹត្តិទៅបានឡើយប្រសិនបើទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរមិនស្ដារឡើងវិញ»។
លោក វ៉ាង បញ្ជាក់ពីជំហរចិនទៀតថា ទីក្រុងប៉េកាំងសុខចិត្តចំណាយពេលវេលា និងកម្លាំងដើម្បីទៅ ពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញរឿងអាកាសធាតុដែលប្រទេសទាំងពីរមានការព្រួយបារម្ភដូច គ្នា។ រដ្ឋមន្ត្រីការបរទេសចិនបន្ថែមថា ភាគីទាំងពីរគួរតែរក្សាការសន្ទនា និងទំនាក់ទំនងដោយឈរលើ មូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងអនុវត្តកិច្ចសហប្រតិបត្តិការដែលផ្ដលប្រយោជន៍ទាំងសង ខាង។
ក្រៅពីនេះ ប្រមុខការទូតចិន ក៏ទទូចឱ្យ អាម៉េរិកគួរឈប់សម្លឹងមើលចិនក្នុងរូបភាពជាគូប្រកួតប្រជែង និងសត្រូវ ហើយអាម៉េរិកក៏គួរឈប់ដើររិះគន់បង្ក្រាបចិនផងដែរ។
ក្នុងជំនួបខាងលើ លោក ឃែរី បានលើកឡើងថា អាម៉េរិកប្តេជ្ញាសហការជាមួយប្រទេសដទៃទៀតលើ ពិភពលោកស្តីពីបញ្ហាអាកាសធាតុហើយចិនជាដៃគូដ៏សំខាន់មួយ។ អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ ក៏ជំរុញឱ្យចិនចូលរួមជាមួយអាម៉េរិកចាត់វិធានការបន្ថែមដើម្បីកាត់បន្ថយការបំភាយឧស្ម័ន កាបូនិចផងដែរ។
គួរបញ្ជាក់ថាលោក ឃែរី បានជួបជាមួយប្រេសិតពិសេសចិនសម្រាប់កិច្ចការអាកាសធាតុ Xie Zhenhua ដែរដើម្បីពិភាក្សាជុំវិញវិធានការរួមគ្នាទប់ស្កាត់បញ្ហាពីការប្រែប្រួល អាកាសធាតុ។ អ្នកឃ្លាំ មើលបញ្ហាអាកាសធាតុចង់ឃើញកិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំងពីរលេចចេញជាផ្លែផ្កា ជាមួយការប្ដេជ្ញាចិត្តដោះស្រាយវិបត្តិទាំងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com