ជាតិ
លោក ថោង ខុន ឲ្យអាជីវកម្មទេសចរណ៍ចំនួន៤ ប្រើប្រាស់ស្ដង់ដា SOP លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
× ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១ កញ្ញា បានដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤។ អាជីវកម្មទេសចរណ៍ទាំងនោះមាន សេវាស្នាក់នៅ, ភោជនីយដ្ឋាន-អាហារដ្ឋាន, រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ការជំរុញចលនាទេសចរណ៍ក្នុងស្រុក គឺជាជំហ៊ានដំបូងនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់វិធានសុវត្ថិភាពស្ដង់ដា SOP ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ តាមតំបន់ទេសចរណ៍ ជាពិសេសដើម្បីរក្សាស្ថិរភាពអាជីវកម្មទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ថាវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដា ប្រតិបត្តិអប្បបរមា(SOP) ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ចនិងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។
លោក ថោង ខុនបញ្ជាក់យ៉ាងដូច្នេះថា៖ « មូលដ្ឋានអាជីវកម្មទេសចរណ៍ណាបំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩»។អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ពីសុវត្ថិភាពទេសចរណ៍ របស់អាជីវកម្មរបស់ខ្លួនដើម្បីសាងទំនុកចិត្តដល់ភ្ញៀវទេសចរ។
© រក្សាសិទ្ធិដោយ thmeythmey.com