ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកក្រុងតូក្យូ កីឡាករតេក្វាន់ដូបារាំងដើមកំណើតវៀតណាម ដែលមានឈ្មោះថា Kong Bopha បានរងការខកចិត្ត នាការប្រកួតដណ្តើមមេដាយសំរឹទ្ធវិញ្ញាសា K44-61 គីឡូក្រាម កាលពីល្ងាចទី២ ខែកញ្ញា ដោយបានចាញ់អត្តពលិកពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី Daniil Sidorov ក្នុងលទ្ធផល ៣៣-២៣។
នាការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ កីឡាករបារាំង Kong Bopha បានចាញ់កីឡាករអេហ្ស៊ីប Mohamed Elzayat ២០-១០ តែបានយកឈ្នះកីឡាករអ៊ូសបេគីស្ថាន Zukhriddin Tokhirov ៣៧-២៤ នៅវគ្គ Repechage សម្រាប់ឱកាសទី២។
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ឱកាសទី២ (Repechage) កីឡាករវ័យ៤០ឆ្នាំរូបនេះ បានបន្តយកឈ្នះកីឡាករអាស៊ែរបៃហ្សង់ Imamaddin Khalilov ក្នុងលទ្ធផល ២៩-២៦ ប៉ុន្តែឈានដល់វគ្គដណ្តើមមេដាយសំរឹទ្ធ គេបានចាញ់កីឡាករ ពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី Daniil Sidorov ៣៣-២៣។
សម្រាប់វិញ្ញាសា K44-61 គីឡូក្រាម នេះ កីឡាករប្រេស៊ីល Nathan Cesar Sodario Torquato ឈ្នះមេដាយមាស កីឡាករអេហ្ស៊ីប Mohamed Elzayat បានមេដាយប្រាក់ រីឯកីឡាករពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី Daniil Sidorov និងកីឡាករ តួកគី Mahmut Bozteke បានមេដាយសំរឹទ្ធស្ទួន។
កីឡាករបារាំង Kong Bopha បានត្រឹមចំណាត់ថ្នាក់លេខ៥ស្ទួន ជាមួយកីឡាករអ៊ីតាលី Antonio Bossolo និងមានចំណាត់ថ្នាក់ល្អជាងគូប្រជែង៤នាក់ទៀត។
កើតនៅប្រទេសវៀតណាម Kong Bopha បានទៅរស់នៅប្រទេសបារាំង តាំងពីអាយុ៣ឆ្នាំ។ កាលនៅក្មេងអត្តពលិករូបនេះ ចូលចិត្តមើលភាពយន្តរបស់ Jacky Chan, Bruce Lee និង Jean Claude Van Damme ដែលធ្វើឲ្យគាត់មានចំណាប់លើសិល្បៈក្បាច់គុន ជាពិសេសប្រដាល់។
កាលពីអាយុ១៨ឆ្នាំ គាត់បានរងគ្រោះថ្នាក់ពិការដៃទាំងសងខាង ដោយសារតែគ្រាប់បែកកែច្នៃមួយ របស់មិត្តភក្តិខ្លួននៅក្នុងសង្កាត់។ បន្ទាប់ពីគ្រោះថ្នាក់ បុប្ផា បានប្តូរពីកីឡាប្រដាល់ ទៅហាត់តេក្វាន់ដូវិញ ដោយប្រើពេល២៥ម៉ោង ក្នុង១សប្តាហ៍។
VIDEO
ចាប់ពីឆ្នាំ២០០៩ Kong Bopha បានឈ្នះមេដាយមាសពិភពលោក ៤លើក និងជើងឯកអឺរ៉ុប២លើក។ តាមពិតទៅ អ្វីដែលមិត្តអ្នកអានចាប់អារម្មណ៍បំផុតនោះ គឺឈ្មោះ គង់ បុប្ផា ដោយស្រដៀងនឹងឈ្មោះខ្មែរ តែសារព័ត៌មានថ្មីៗ មិនមានព័ត៌មានលម្អិតឡើយ។ បើតាមសារឆ្លើយឆ្លងមួយនៅលើបណ្តាញសង្គម Instagram កីឡាកររូបនេះ អះអាងថា គាត់មានដើមកំណើតវៀតណាម ហើយឪពុកខ្លួនបានកើត និងធ្លាប់រស់នៅកម្ពុជា។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កីឡាកររូបនេះ ក៏ធ្លាប់បានបង្ហោះរូបថត ស្តីពីដំណើរកម្សាន្តនៅកម្ពុជា កាលពីឆ្នាំ២០១៧ដែរ ដោយគេបានទៅដល់ខេត្តកំពត និងកោះរុងសន្លឹម ក្នុងខេត្តព្រះសីហនុ៕