ជាតិ
សេដ្ឋកិច្ច
កម្ពុជា ប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាង៦៤​លានតោន ត្រឹមឆ្នាំ២០៣០
03, Sep 2021 , 11:17 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង៦៤​លានតោន នៅក្នុងក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់ នៅត្រឹមឆ្នាំ២០៣០ ។  នេះជាការបញ្ជាក់តាមប្រព័ន្ធវីដេអូរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី​៣ ខែកញ្ញានេះ។ វេទិកានេះ រៀបចំ​ដោយប្រទេសចិន ក្រោមមូលបទ«ថាមពល អាកាសធាតុ បរិស្ថាន»។

 
ក្នុងសុន្ទរកថាថតទុកជាង៩នាទីនោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖«​​ដ្បិតតែ កម្ពុជាជាប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍទាប រាជរដ្ឋាភិបាល​កម្ពុជាមានការប្តេជ្ញា ចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល​ នយោបាយដ៏សំខាន់ និង​សម្រាប់រយៈពេលវែង»។
  
 
​ក្រៅពីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមដោះស្រាយបញ្ហា​ថាមពល អាកាសធាតុ និងបរិស្ថាន ប្រមុខរដ្ឋាភិបាល ក៏ទទួលស្គាល់ថាបញ្ហា​ថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុនេះ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុកសម្រាប់មនុស្ស​ជាតិ​ទាំងមូល។ បញ្ហានេះ បានបន្តគំរាមកំហែងដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីជារួម ​តាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម។ 
 
សម្រាប់សម្តេច ហ៊ុន សែន បញ្ហាទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាព​ចាំបាច់ នៃការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរ​ពីការផលិត និងប្រើប្រាស់​ថាមពល​ដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត អាចកកើតឡើងវិញ និងមាន​ប្រសិទ្ធភាពជាងមុន​។ 
 
យ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហាថាមពល អាការធាតុ និងបរិស្ថាន គឺជាកិច្ចដ៏លំបាក​មួយ ដែលទាមទារឱ្យមានការចូលរួមប្រកដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអ​ស់។ ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានអំពាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងគ្រប់ភាគី​ពាក់ព័ន្ធ ដើម្បីបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព និងជាពិសេសការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់។ 
 
«ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមាន​ការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេស​ទៅដល់បណ្តាប្រទេសដែលមានធនធានទាប​»។ នេះជាការបន្ថែមរបស់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបន្តដោយការសាទរចំពោះគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូន ​នៅក្នុង​ប្រទេស​ចិនផងដែរ ខណៈកម្ពុជាបានចូលរួមដោយជោគជ័យក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត អស់ពេលជាច្រើនឆ្នាំមកហើយនោះ។  
 
សម្រាប់ប្រមុខរដ្ឋាភិបាល ឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកដោយចីរភាព ដ៏សំខាន់មួយសម្រាប់កម្ពុជា នៅក្នុងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាស្វាគមន៍​ការចូលរួម​ក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជន ចំពោះឥណទានកាបូននេះ​។
 
គួរកត់សម្គាល់ថា កម្ពុជាចាប់ផ្តើមលក់​ឥណទាន​កាបូន​ចាប់តាំងពីឆ្នាំ២០១៦មក ហើយគិត ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ថវិកា​ចំនួន ១១,៦​លាន​ដុល្លារ ពី​ការលក់​ឥណទាន​កាបូន​។ បច្ចុប្បន្ន​កម្ពុជា​កំពុង រក​ដៃគូ​ផ្សេងៗ ដើម្បី​ទិញ​កាបូន​ដែល​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅតាម​តំបន់ការពារធម្មជាតិ​នានា ដែល​នៅ​សេសសល់​ច្រើនផងដែរ៕
 
 
 
 
 

Tag:
 បរិស្ថាន
 ឥណទានកាបូន
 ឧស្ម័នផ្ទះកញ្ចក់
© រក្សាសិទ្ធិដោយ thmeythmey.com