អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា នឹងចុះចេញពីតំណែងនៅចុងខែនេះ ក្រោយកាន់អំណាច១ឆ្នាំ
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នឹងមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចឡើយ។ នេះបើតាមការប្រកាសរបស់មន្រ្តីជាន់ខ្ពស់បក្ស LDP នៅថ្ងៃទី៣ ខែកញ្ញា។ ការណ៍នេះមានន័យថា លោក ស៊ូហ្កា នឹងមិនបន្តតំណែងនាយករដ្ឋមន្ត្រីឡើយ បន្ទាប់កាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីស៊ូហ្កា យូស៊ីហ៊ីដេ បានឡើងកាន់តំណែងប្រធានបក្សប្រជាធិបតេយ្យសេរី និងតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក អាបេ ស៊ិនហ្សូ បានលាលែងពី តំណែងកាលពីខែកញ្ញាឆ្នាំ២០២០ ដោយសារបញ្ហាសុខភាព។ បក្ស LDP នឹងបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មីនៅថ្ងៃទី២៩ ខែកញ្ញា តែលោក ស៊ូហ្កា នឹងមិនចូលរួមឡើយ។
អគ្គលេខាធិការបក្ស LDP លោក Toshihiro Nikai ប្រាប់អ្នកសារព័ត៌មានថា លោក ស៊ូហ្កា ប្រកាសបំណងរបស់លោកក្នុងកិច្ចប្រជុំបន្ទាន់របស់មន្រ្តីជាន់ខ្ពស់នៅថ្ងៃទី៣ ខែកញ្ញា។ លោក Nikai បន្តថា លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា នឹងបន្តការយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តែលោកសោកស្ដាយចំពោះការសម្រេចចិត្តរបស់លោក ស៊ូហ្កា ។
ប្រធានបក្ស LDP ថ្មី នឹងក្លាយជានាយករដ្ឋមន្រ្តីផងដែរ ដោយសារកាន់កាប់សំឡេងភាគច្រើនក្នុងសភាជាន់ទាបទៅហើយ។ អតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអូ គីស៊ីដា ជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានបក្សថ្មី។ លោក ហ្វូមីអូ រិះគន់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់លោក ស៊ូហ្កា ហើយជំរុញឱ្យមាន កញ្ចប់ថវិកាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
បេក្ខជនដែលឈ្នះការប្រកួតប្រជែងតំណែងកៅអីប្រធានបក្ស LDP ត្រូវដឹកនាំបក្សក្នុងការបោះឆ្នោតជ្រើសរើសសមាជិកនៅថ្ងៃទី១៧ ខែតុលាខាងមុខផងដែរ៕
Tag:
ជប៉ុន
ស៊ូហ្កា យូស៊ីហ៊ីដេ
© រក្សាសិទ្ធិដោយ thmeythmey.com