អន្តរជាតិ
អង់គ្លេសផ្ដល់​ប្រាក់៤១លានដុល្លារឱ្យប្រទេសជិតខាងអាហ្វហ្កានីស្ថានដែលទទួលជនភៀសខ្លួន
03, Sep 2021 , 2:42 pm        
រូបភាព
ពលរដ្ឋអាហ្វហ្កានីស្ថានឆ្លងកាត់ព្រំដែនចូលប៉ាគីស្ថាន។ រូបថត Xinhua
ពលរដ្ឋអាហ្វហ្កានីស្ថានឆ្លងកាត់ព្រំដែនចូលប៉ាគីស្ថាន។ រូបថត Xinhua
រដ្ឋាភិ​បាលចក្រភពអង់គ្លេស នៅថ្ងៃទី៣ខែកញ្ញាប្រកាសថា ខ្លួននឹងផ្ដល់ជំនួយជាសាច់ប្រាក់ចំនួន៣០លានផោន(ស្មើ៤១លានដុល្លារ) សម្រាប់ជួយគាំទ្រដល់ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន​ដែលត្រូវទទួលជនភៀស ខ្លួន។ ក្រោយក្រុមតាលីបង់វាយកាន់កាប់អំណាចជាថ្មី ប្រទេសជិតខាងអាហ្វហ្កានីស្ថានត្រូវរងបន្ទុកបន្ថែមទៀត និងដោះស្រាយបញ្ហាលំហូរជនភៀសខ្លួនរាប់ម៉ឺននាក់។

 
រដ្ឋាភិ​បាលចក្រភពអង់គ្លេសលើកឡើងថា ជំនួយ៤១លានដុល្លារសម្រាប់ប្រទេសជិតខាងអាហ្វហ្កានីស្ថាន នឹង ត្រូវបែងចែកជាពីរចំណែក។ ក្នុងនោះ ទឹកប្រាក់១០លានផោនឬស្មើ១៣លានដុល្លារ នឹងត្រូវផ្តល់ភ្លាមៗឱ្យទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ (UNHCR) និងអង្គការមនុស្សធម៌ផ្សេងទៀតដើម្បី ផ្ដល់ជាជម្រក និងកន្លែងអនាម័យដល់ជនភៀសខ្លួននៅតាមព្រំដែន។ ចំណែកថវិកាដែលនៅសល់ នឹងត្រូវផ្ដល់ ឱ្យប្រទេសជិតខាងអាហ្វហ្កានីស្ថានដែលមានជនភៀសខ្លួនហូរចូលជាច្រើននាក់ដើម្បីផ្តល់ការផ្គត់ផ្គង់ចាំបាច់។
 
«នេះជារឿងចាំបាច់ដែលពួកយើងត្រូវជួយដល់ជនភៀសខ្លួនពីអាហ្វហ្កានីស្ថាន ហើយនេះជាការទប់ស្កាត់កុំឱ្យ បញ្ហានេះប៉ះពាល់ដល់ស្ថិរភាពតំបន់»។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab សង្កត់ធ្ងន់បែបនេះក្នុងសេចក្ដីប្រកាសផ្ដល់ជំនួយនៅថ្ងៃទី៣ ខែកញ្ញា។ លោក Raab បន្ថែមថា ​ជំនួយនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់ចក្រភពអង់គ្លេសក្នុងការទទួលខុសត្រូវផ្នែកមនុស្សធម៌ និងការគាំទ្រប្រទេសក្បែរអាហ្វហ្កានីស្ថានដែលនឹង ទទួលបន្ទុកចំណាយថវិកាលើជនភៀសខ្លួន។
 
ទីភ្នាក់ងារ UNHCR បានអះអាងថា នៅក្នុងប៉ុន្មានខែខាងមុខ ប្រជាជនអាហ្វហ្កានីស្ថានកន្លះលាននាក់អាចនឹង ភៀសខ្លួនចេញពីប្រទេសហូរចូលប្រទេសជិតខាងដូចជាប៉ាគីស្ថាន, តាហ្ស៊ីគីស្ថាន, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន និង តួកម៉េនីស្ថាន។ តាហ្ស៊ីគីស្ថានដែលមានព្រំប្រទល់ជាប់អាហ្វហ្កានីស្ថាន បានសន្យាទទួលយកជនភៀសខ្លួន ចំនួន១០ម៉ឺននាក់។
 
គួររំលឹកថា នៅដើមខែកញ្ញានេះដែរ ចក្រភពអង់គ្លេសបានប្រកាសថា ក្នុងឆ្នាំនេះខ្លួននឹងបង្កើន ជំនួយមនុស្សធម៌ និងជំនួយសម្រាប់ការអភិវឌ្ឍទ្វេដងដល់អាហ្វហ្កានីស្ថានដែលមានចំនួនថវិកា២៨៦លានផោនឬស្មើ៣៩៥ លានដុល្លារ៕
 

Tag:
 អង់គ្លេស
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com