ជាតិ
៨ខែកន្លងមក កម្ពុជានាំចេញអង្ករបានជាង៣៤ម៉ឺនតោន​
04, Sep 2021 , 8:59 am        
រូបភាព
កម្ពុជា បាននាំ​ចេញអង្ករចំនួន ៣៤៣ ៤៤៧តោន ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ដែលបានឱ្យដឹងបរិមាណនៃការនាំចេញសរុបនេះ គឺធ្លាក់២៣,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។



ចំពោះអង្ករដែលកម្ពុជាបាននាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ២៤២ ៤៣២តោន, អង្ករសគ្រប់ប្រភេទចំនួន ៩៤ ៤៤១តោន និងអង្ករចំហុយចំនួន ៦ ៥៧៤តោន។
ចំណែកទឹកប្រាក់ដែលទទួលបានពីការនាំចេញ​នេះ មានចំនួន ៣៤៨,៣៥លានដុល្លារ ដោយថយចុះ១៧ភាគរយ ធៀបនឹងឆ្នាំ ២០២០។

CRF ពន្យល់ពីមូលហេតុនៃការនាំចេញអង្ករធ្លាក់ចុះយ៉ាងដូច្នេះថា៖«ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប្រព័ន្ធភស្តុភារ ដឹកជញ្ជូនប្រឈមក្នុងកម្រិតខ្ពស់ ជាពិសេសតម្លៃនៃការដឹកជញ្ជូនតាមកប៉ាល់ និងកង្វះទូកុងតឺន័រសម្រាប់អង្ករទៅកាន់ទីផ្សារអឺរ៉ុប​»។

យ៉ាងណាក៏ដោយសហព័ន្ធស្រូវអង្ករកម្ពុជា កត់សម្គាល់ថា ការនាំចេញអង្កររបស់កម្ពុជា ចាប់ផ្តើមមានសញ្ញាល្អឡើងវិញដែរ។ កាលពីខែសីហា កម្ពុជានាំចេញអង្ករបានជាង៣,៣ម៉ឺនតោន  កើនឡើង៥១ភាគរយធៀបនឹងខែសីហាឆ្នាំទៅ។ ទឹកប្រាក់ដែលបានពីការលក់អង្ករមានចំនួន​ ២៤,៥លានដុល្លារ។ បើតាម CRF ​ចិនជាប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ បន្ទាប់មកគឺបណ្តាប្រទេសអឺរ៉ុប ទីផ្សារអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត​។

សូមជម្រាបថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅទីផ្សារអន្តរជាតិជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត៣០០លានដុល្លារ៕




Tag:
 ​អង្ករ
  CRF
© រក្សាសិទ្ធិដោយ thmeythmey.com