កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិក៖ Haider Ali ឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រសម្រាប់ប៉ាគីស្ថាន
04, Sep 2021 , 8:29 am        
រូបភាព
ដោយ: រួបរួម
ក្រោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍មុនៗ កីឡាករ Haider Ali បានឈ្នះមេដាយមាសបន្ថែមទៀតជាប្រវត្តិសាស្ត្រសម្រាប់ប៉ាគីស្ថានក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្រុងតូក្យូ។ នេះជាជោគជ័យដ៏ធំធេងបំផុតសម្រាប់ប៉ាគីស្ថាន ក្នុងប្រវត្តិសាស្ត្រ១៣ឆ្នាំ។



Haider Ali អាយុ៣៦ឆ្នាំ មានបញ្ហាពិការខួរក្បាល ហើយបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកឆ្នាំ២០០៨ នៅប៉េកាំង ដោយមេដាយមេដាយប្រាក់លើវិញ្ញាសាលោតកម្ពស់ F37/38 ហើយនៅឆ្នាំ២០១៦ នាក្រុង Rio de Janeiro គេបានឈ្នះមេដាយសំរឹទ្ធ១បន្ថែមទៀត លើវិញ្ញាសាលោតកម្ពស់ T7។

នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ក្រុងតូក្យូនេះ Ali ចូលរួមប្រកួតក្នុងវិញ្ញាសាចោលថាស F37 ដោយសម្រេចបានក្នុងចម្ងាយ៥៥,២៦ម៉ែត្រ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើកដំបូងជាប្រវត្តិសាស្ត្រសម្រាប់ប៉ាគីស្ថាន។ កីឡាករអ៊ុយក្រែន Mykola Zhabnyak បានមេដាយប្រាក់ និងកីឡាករប្រេស៊ីល Joao Victor Teizeira de Souza Silva បានមេដាយសំរឹទ្ធ។

បើគិតចាប់តាំងពីការចូលរួមប៉ារ៉ាឡាំពិកលើកដំបូងនៅឆ្នាំ១៩៩២មក ប៉ាគីស្ថាន បានឈ្នះមេដាយចំនួន៣ ហើយសមិទ្ធផលទាំងអស់ គឺសម្រេចបានដោយ Haider Ali តែម្នាក់គត់។

«ការឈ្នះមេដាយមាសនៅពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កីឡាជនពិការក្នុងប្រទេសរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា អាចរួមចំណែកលើកទឹកចិត្តដល់ជនពិការផ្សេងទៀតក្នុងប្រទេសចូលរួមប្រកួតប្រជែងកីឡាជនពិការ»។ Ali បានលើកឡើងយ៉ាងដូច្នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com