ជាតិ
​ មន្ត្រីជំនាញ​រក​ឃើញ​អាល់កុលក្លែងក្លាយដល់ទៅ១២៥តោននៅភ្នំពេញនា​៨ខែកន្លងមក
04, Sep 2021 , 9:59 pm        
រូបភាព
អាល់កុលក្លែងក្លាយប្រមាណ ២០តោន ត្រូវបានអាជ្ញាធរបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។ រូបភាពពី អគ្គនាយកដ្ឋាននការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និ
អាល់កុលក្លែងក្លាយប្រមាណ ២០តោន ត្រូវបានអាជ្ញាធរបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។ រូបភាពពី អគ្គនាយកដ្ឋាននការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និ
ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) សាខារាជធានីភ្នំពេញ បានរកឃើញ និងរឹបអូសអាល់កុលក្លែងក្លាយប្រមាណ ១២៥តោន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ អាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានដកហូតពីបណ្ដាផ្ទះអាជីវកម្មលក់ដូរ ឱសថស្ថាន និងកន្លែងស្តុកទុកជាដើម។


 
មិនមែនជារឿងថ្មីឡើយ ដែលមន្ត្រីជំនាញ ក.ប.ប រឹបអូស និងបំផ្លាញអាល់កុលក្លែងក្លាយ ឬមេតាណុល ជាតម្រូវការប្រើប្រាស់ចំបាច់ ដើម្បីសម្លាប់មេរោគ។ អាល់កុលក្លែងក្លាយទាំងនោះ បានចរាចរលើទីផ្សារ ដោយសារមានតម្លៃទាបជាង អាល់កុលសុទ្ធនោះ។
 
លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey25 តាមខ្សែទូរសព្ទថា ក្នុងចំណោមអាល់កុលប្រមាណ ១២៥តោន ដែលមន្ត្រីរឹបអូសបាន ក្នុងនោះអាល់កុល ប្រមាណ ៩០តោន ត្រូវបានបំផ្លាញរួចហើយ។ ក្រៅពីនេះ ចំនួនដែលនៅសេសសល់ គឺរង់ចាំការបំផ្លាញចោល នៅពេលបន្ទាប់។
 
ចំពោះអាល់កុលក្លែងក្លាយសេសសល់ ដែលមិនទាន់ចាត់ការបំផ្លាញចោលនោះ មួយចំនួនត្រូវបានរក្សាទុកនៅសាខា ក.ប.ប និងមួយចំនួនទៀតរក្សាទុក នៅទីតាំង​ដែលរកឃើញ ខណៈអ្នកប្រព្រឹត្តត្រូវបានដោះស្រាយតាមនីតិវិធីច្បាប់។ ជុំវិញបញ្ហានេះ លោក មាលី លើកឡើងថា៖ «បទល្មើសដែលយើងរកឃើញ គឺមានការពិន័យអន្តរការណ៍ ទៅតាមច្បាប់ស្ដីពីបទល្មើសការពារអ្នកប្រើប្រាស់។ ចំពោះបទល្មើសធំៗវិញនោះ យើងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យខាងតុលាការដោះស្រាយតាមនីតិវិធីបន្ទាប់»។
 
បច្ចុប្បន្នការជួញដូរអាល់កុលក្លែងក្លាយ អាជ្ញាធរនៅតែរកឃើញជាបន្តបន្ទាប់ លោក ហេង មាលី អះអាងថា ក.ប.ប នឹងបន្តពង្រឹងការចុះអនុវត្តបន្ថែម និងខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការចរាចរអាល់កុលក្លែងក្លាយបន្តទៀត។ លោក ក៏បានអំពាវនាវ ដល់អាជីវករទាំងអស់ ប្រកបអាជីវកម្មដោយសុចរិត ឯអ្នកប្រើប្រាស់ទៀតសោត ត្រូវប្រុងប្រយ័ត្នក្នុងការទិញអាល់កុលមកប្រើប្រាស់ គឺត្រូវជ្រើសរើសអាល់កុល ដែលមានយីហោ ទីតាំងផលិតត្រឹមត្រូវ។ 
 
សូមជម្រាបថា សារធាតុមេតាណុល ប្រើប្រាស់សម្រាប់សម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធិភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយ និងស្រា ហើយទទួលទានលើសកម្រិត៕
 
 
 
 
 
 

Tag:
 អាល់កុលក្លែងក្លាយ
  ភ្នំពេញ
  ក.ប.ប
  ហេង មាលី
© រក្សាសិទ្ធិដោយ thmeythmey.com