ជាតិ
ភ្ញៀវធុរកិច្ច​ជិត១ម៉ឺននាក់ បាន​មក​កម្ពុជា​កាលពីអំឡុងខែកក្កដា កន្លងមក
04, Sep 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្ញៀវអន្តរជាតិបែបធុរកិច្ចចំនួន ៩ ៩៨៤នាក់ បានមកកម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ។ តួលេខនេះ ថយចុះជាង ៥០ភាគរយបើធៀបនឹងខែកក្កដា ឆ្នាំ២០២០។ ទោះជាភ្ញៀវធុរកិច្ច ប៉ុន្តែភ្ញៀវបរទេសទាំងនោះបានចូលរួមជំរុញអាជីវកម្មទេសចរណ៍កម្ពុជាបានមួយកម្រិត ខណៈកម្ពុជាមិនទាន់ផ្ដល់ទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស ។



ការអូសបន្លាយនៃជំងឺកូវីដ-១៩ ក្នុងសាកលលោក បានធ្វើឱ្យការធ្វើដំណើររបស់ជនបរទេសមានការថយចុះ ព្រោះការរឹតត្បិតការធ្វើដំណើរ គួបផ្សំនឹងការខ្លាចជំងឺកូវីដ-១៩។ ជាក់ស្ដែងជាង ១ឆ្នាំមកកម្ពុជាមិនបើកទទួលទេសចរបរទេសទេ ដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្មទេសចរណ៍ និងអាជីវកម្មដឹកភ្ញៀវទេសចរ។ ទោះជាយ៉ាងនេះក្ដី ចលនាការធ្វើដំណើររបស់ជនបរទេស ក្នុងការធ្វើធុរកិច្ចក៏បានចូលរួមជំរុញអាជីវកម្មទេសចរណ៍បានមួយកម្រិតផងដែរ។
 
ជាក់ស្ដែងក្នុងខែកក្កដាកន្លងទៅ ភ្ញៀវអន្តរជាតិធុរកិច្ចជិត ១ម៉ឺននាក់បានធ្វើដំណើរកម្ពុជា តាមច្រកទ្វារអន្តរជាតិភ្នំពេញ ដោយផ្លូវអាកាស និងផ្លូវគោក។ ការមកដល់របស់ជនបរទេសទាំងនោះ បានជួយផ្ដល់ចំណូលដល់ម្ចាស់អាជីវករ តាមរយៈការធ្វើចត្តាឡីស័ក និងការធ្វើដំណើរ។
 
ភ្ញៀវធុរកិច្ចមកកម្ពុជាក្នុងខែកក្កដា គឺមានជនជាតិថៃ ៤ ១៤១នាក់, ចិន ២ ៧៣១នាក់, វៀតណាម ៥៦២នាក់, អាម៉េរិក ៤៧១នាក់, កូរ៉េខាងត្បូង ៣៣៨នាក់, តៃវ៉ាន់ ២៩៣នាក់, បារាំង ២២២នាក់, ឥណ្ឌូនេស៊ី ១៧៧នាក់, ម៉ាឡេស៊ី ១២២នាក់ និងហ្វីលីពីន ១១៣នាក់។
 
កន្លងមកលោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានផ្ដល់បទសម្ភាសដល់សារព័ត៌មាន ThmeyThmey25 តាមតេលេក្រាមថា ភ្ញៀវអន្តរជាតិធុរកិច្ចទាំងនោះ ពេលមកដល់កម្ពុជាក៏បានធ្វើឱ្យវិស័យទេសចរណ៍មានសកម្មភាពដែរ​ ព្រោះក្រៅពីធ្វើធុរកិច្ច ភ្ញៀវទាំងនោះក៏បានដើរកម្សាន្តតាមតំបន់ទេសចរណ៍។« ភ្ញៀវធុរកិច្ចក៏បានជួយទេសចរណ៍មួយផ្នែកដែរ។ កាលណាមានភ្ញៀវធុរកិច្ចមក ក៏ជាឱកាសសម្រាប់ទាក់ទាញទេសចរអន្តរជាតិដែរ »។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក កន្លងមក។
 
គួរបញ្ជាក់ផងដែរថា រយៈពេល៧ខែមកនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិធុរកិច្ចចំនួន ១១២ ៥៤៤នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ១៤៦​ ០២៤នាក់៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com