កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសចិន Zheng Tao ៖ «កូនស្រី មើលមកប៉ា! ប៉ាអាចហែលយ៉ាងលឿន ទោះបីគ្មានដៃ»
04, Sep 2021 , 4:54 pm        
រូបភាព
ដោយ: ធីតា
កីឡាករហែលទឹកចិន Zheng Tao បានឈ្នះមេដាយមាស៤ពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ ហើយអត្តពលិកដែលគ្មានដៃទាំងសងខាងរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីបណ្តាពលរដ្ឋចិន ជាមួយនឹងសារតាមវីដេអូដ៏មានអត្ថន័យទៅកាន់កូនស្រីខ្លួន។

 
«កូនស្រី មើលមកប៉ា! ប៉ាអាចហែលយ៉ាងលឿន ទោះបីជាប៉ាគ្មានដៃទាំងសងខាង»។ កីឡាករដែលកើតនៅខេត្តគុនមិញ វ័យ៣០ឆ្នាំរូបនេះ បានផ្ញើសារជាវីដេអូ ទៅកាន់កូនស្រីតូចអាយុ២ឆ្នាំរបស់ខ្លួន បន្ទាប់ពីការប្រកួតមួយ។
 
ទោះបីនេះជាវីដេអូទៅកាន់កូនស្រី ដែលមិនទាន់ដឹងក្តីច្បាស់ ប៉ុន្តែវាបានក្លាយជាសារអប់រំ និងលើកទឹកចិត្តដល់មនុស្សជាច្រើនឲ្យមានការប្រឹងតស៊ូជម្នះរាល់ឧបសគ្គ បើទោះបីខ្លួនពិការ ឬខ្វះខាតផ្នែកណាមួយក៏ដោយ។


 
Zheng បានបាត់បង់ដៃទាំងពីររបស់ខ្លួន ដោយសារតែការឆក់អគ្គិសនី កាលពីនៅវ័យក្មេង។ សម្រាប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូនេះ គេបានឈ្នះមេដាយមាសដល់ទៅ៤លើវិញ្ញាសា (S5-ហែលសេរី ៥០ម៉ែត្រ, ហែលផ្ញា៥០ម៉ែត្រ, ហែលមេអំបៅ៥០ម៉ែត្រ និងហែលសេរីបណ្តាក់ចម្រុះ 4x50ម៉ែត្រ)។ សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ-S5 គេបានទទួលចំណាត់ថ្នាក់លេខ៤។
 
នាពេលទទួលបានមេដាយមាសលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ ពលរដ្ឋចិនបាននាំគ្នាអបអរពេញបណ្តាញសង្គម ព្រោះនោះជាមេដាយមាសប៉ារ៉ាឡាំពិកទី៥០០របស់ចិន បើគិតចាប់តាំងពីប្រទេសនេះចូលក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកឆ្នាំ១៩៨៤នៅក្រុងញូវយ៉ក។
 
 
មកដល់នេះ Zheng ឈ្នះមេដាយ៩ហើយពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ដោយធ្លាប់បានមេដាយមាស១ និងសំរឹទ្ធ២ពីរព្រឹត្តិការណ៍ London 2012 មេដាយមាស១ ប្រាក់១ពី Rio de Janeiro 2016 និងមេដាយមាស៤ពី Tokyo 2020។ ក្រៅពីនេះ គេក៏ធ្លាប់បានមេដាយមាសពិភពលោក៤លើកផងដែរ៕
 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com