ជាតិ
កូនសត្វកុកពាក់អំបោះ ៤ក្បាល ត្រូវបានជួយសង្គ្រោះនៅស្ទឹងត្រែង
05, Sep 2021 , 8:59 am        
រូបភាព
ដោយ:
កូនកុកពាក់អំបោះចំនួន៤ក្បាល ដែលពលរដ្ឋយកចេញពីសម្បុកក្នុងព្រៃលិចទឹកបាតអាង ក្នុងខេត្តស្ទឹងត្រែង  ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរ និងក្រុមការងារប្រចាំខេត្តរតនគិរីនៃអង្គការ BirdLife សហការជាមួយអង្គការ ACCB កាលថ្ងៃទី២៩ខែសីហា។ សត្វទាំង៤ក្បាលនោះ នឹងត្រូវយកទៅស្តារកាយនិតិសម្បទានៅអង្គការ BirdLife ប្រចាំខេត្តរតនគិរី ប្រមាណជា៦០ថ្ងៃមុនលែងចូលព្រៃធម្មជាតិវិញ។



កូនសត្វកុកពាក់អំបោះ ឬសត្វកសចំនួន ៤ក្បាល ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង យកពីសម្បុកនៅក្នុងបរិវេណព្រៃលិចទឹកបាតអាង កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ​ដើម្បី​យកមកចិញ្ចឹម។
 
លោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោងជីវិតសត្វស្លាបអន្តរជាតិរបស់អង្គការ BirdLife បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កូនសត្វទាំង៤ក្បាល ដែលត្រូវបានប្រជាពលរដ្ឋចាប់ចេញពីសម្បុកក្នុងទីតាំងខាងលើ គឺនៅក្រៅតំបន់ការពារ។ តាមការសន្និដ្ឋានអ្នកជំនាញ កូនសត្វកុកពាក់អំបោះទាំង៤ក្បាលនេះ អាចមានអាយុចន្លោះ ២ខែទៅ២ខែកន្លះ ចាប់ពីថ្ងៃញាស់។

 រូបភាពដោយអង្គការ Birdlife 

កូនសត្វទាំង ៤ក្បាលនេះ មិនទាន់មានសមត្ថភាពអាចស្វែងរកចំណីដោយខ្លួនឯងបាននោះទេ ដូច្នេះក្រុមការងារអង្គការ BirdLife ត្រូវយកទៅស្ដារនិតិសម្បទាមួយរយៈសិនមុនលែងចូលព្រៃធម្មជាតិ។ «យើងឃើញថាវានៅតូច ទើបត្រូវយកទៅមើលថែសិន។ បើគិតទៅក្រុមការងារអាចចំណាយពេល១ខែទៅ១ខែកន្លះ យើងអាចលែងពួកវាចូលព្រៃបានក្រោយពេលវារឹងមាំល្មមអាចរកចំណីដោយខ្លួនឯង»។ នេះជាការបញ្ជាក់របស់លោក  ថុល សុវណ្ណារិទ្ធ។
 
ប្រធានគម្រោងជីវិតសត្វស្លាបអន្តរជាតិរបស់អង្គការ BirdLife រូបនេះ បន្តថា កន្លងមកសត្វនៅតាមព្រៃ ​ដូចជា សត្វស្លាបតែងត្រូវបានគំរាមកំហែងពីពលរដ្ឋមួយចំនួនតូច ដែលរស់នៅតាមតំបន់ទាំងនោះ ប៉ុន្ដែក្រុមការងារអង្គការ BirdLife  និងអង្គការដៃគូ រួមជាមួយអាជ្ញាធរតែងចុះបណ្ដុះបណ្ដាល និងអប់រំពីសារៈសំខាន់នៃការថែរក្សា និងអភិរក្សសត្វព្រៃ និងសត្វស្លាបជាបន្តបន្ទាប់។ ​
 
ក្នុងនាមជាអ្នកអភិរក្សសត្វស្លាបមួយរូប លោក សុវណ្ណារិទ្ធ សង្ឃឹមថា ​នឹងមានការចូលរួម​ចំណែកអភិរក្សសត្វគ្រប់ប្រភេទពីពលរដ្ឋ អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ការពារនោះ ដើម្បីសម្រួល ឬកាត់បន្ថយផលប៉ះពាល់នានា ដល់អាយុជីវិតសត្វ។ «ខ្ញុំសុំឱ្យពលរដ្ឋមូលដ្ឋានឈប់បរបាញ់ ឬសម្លាប់ជីវិតពួកវាទៅ ហើយបញ្ឈប់សកម្មភាពនៃការធ្វើអាជីវកម្មសាច់​​ ឬជីវិតរបស់ពួកវានៅលើទីផ្សារ ដើម្បីធ្វើយ៉ាងណាអាចអភិរក្សធនធានកម្រឱ្យនៅមានក្នុងព្រៃធម្មជាតិ សម្រាប់ប្រយោជន៍ពលរដ្ឋទាំងអស់គ្នា។ ម្យ៉ាងវិញទៀតសូមឱ្យអាជ្ញាធរពាក់ព័ន្ធរឹតបន្ដឹងច្បាប់ ដែលត្រូវអនុវត្តឱ្យធ្ងន់ជាងនេះក្នុងការដាក់ពិន័យ អ្នកប្រព្រឹត្តិដើម្បីចូលរួមដំណើរការអភិរក្សប្រភេទសត្វកម្រទាំងនោះ»។ នេះជាសំណូមពររបស់លោក ថុល សុវណ្ណារិទ្ធ។
សូម​បញ្ជាក់ថា កុកពាក់អំបោះ ឬ សត្វកស គឺជាសត្វដែលត្រូវបានចាត់ចូលជាប្រភេទជិតទទួលរងការគំរាមកំហែង (Nearly Threatened) ក្នុងបញ្ជីក្រហមពិភពលោក (IUCN Red List)៕
 
 
 
​​​
 
 
 
 
 

Tag:
 រតនគិរី
  សង្គ្រោះ
  កូនកុកពាក់អំបោះ
© រក្សាសិទ្ធិដោយ thmeythmey.com