អន្តរជាតិ
និយតករសុខាភិបាលប្រេស៊ីល ផ្អាកប្រើប្រាស់វ៉ាក់សាំង Sinovac ចំនួន១២លានដូស
05, Sep 2021 , 9:29 pm        
រូបភាព
និយតករសុខភាលប្រេស៊ីល Anvisa នៅថ្ងៃទី៤ ខែកញ្ញា បានប្រកាសផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង១២លានដូសរបស់ក្រុមហ៊ុនរបស់ចិន Sinovac Biotech ដែលផលិតនៅក្នុងរោងចក្រមួយដែលគ្មានការអនុញ្ញាត។



នៅថ្ងៃទី៣ ខែកញ្ញា វិទ្យាស្ថាន Butantan ដែលជាមជ្ឈមណ្ឌលជីវវេជ្ជសាស្ត្រសហការជាមួយជាមួយក្រុមហ៊ុន Sinovac នៅទីក្រុងSao Paulo បានជូនដំណឹងដល់និយតករ Anvisa ថា វ៉ាក់សាំងជាង១២,១លានដូស ដែលបញ្ជូនទៅប្រេស៊ីល ត្រូវបានផលិតក្នុងរោងចក្រដែលគ្មានច្បាប់អនុញ្ញាត។ វិទ្យាស្ថាន Butantan ក៏បានព្រមាននិយតករ Anvisa ទៀតថា វ៉ាក់សាំងជាង៩លានដូស ដែលកំពុងដឹកមកប្រេស៊ីល ក៏ត្រូវបានផលិតក្នុងរោងចក្រដែលគ្មានការអនុញ្ញាតតែមួយនេះផងដែរ។
 
«វ៉ាក់សាំងទាំងនេះ មិនត្រូវបានត្រួតពិនិត្យ និងមិនត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងគ្រាអាសន្នដោយ Anvisa ឡើយ»។ ស្ថាប័នត្រួតពិនិត្យឱសថដដែលបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។ Anvisa បន្ថែមថា វ៉ាក់សាំងទាំងនេះមិនទាន់បង្ហាញភាពភាពមិនប្រក្រតីណាមួយឡើយទេ ហើយការហាមឃាត់នេះគឺជាវិធានការការពារជាមុនដើម្បីចៀសវាងការប៉ះពាល់ដែលអាចកើតមានណាមួយលើ ប្រជាជនប៉ុណ្ណោះ។
 
ក្នុងរយៈពេល ៩០ ថ្ងៃនៃការផ្អាកប្រើប្រាស់វ៉ាក់សាំង Sinovac នេះ និយតករសុខាភិបាលប្រេស៊ីលនឹងចុះត្រួតរោងចក្រដែលផលិតវ៉ាក់សាំង និងស្វែងយល់បន្ថែមអំពីកម្រិតសុវត្ថិភាពនៃដំណើរការផលិតវ៉ាក់សាំងផងដែរ។
 
គួរបញ្ជាក់ថា វ៉ាក់សាំងដែលរដ្ឋាភិបាលប្រេស៊ីលបានចាក់ជូនពលរដ្ឋនៅដើមឆ្នាំនេះ សុទ្ធសឹងតែជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac។ មកទល់ពេលនេះ ប្រជាជនប្រេស៊ីលជាង៣០ភាគរយនៃចំនួនប្រជាជនសរុប បានការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com