ជាតិ
៨ខែកន្លងមក កម្ពុជានាំចេញ​ស្វាយស្រស់កើន​ដល់ទៅ​២៥១ភាគរយ ភាគច្រើនទៅវៀតណាម​ ថៃ ចិន
05, Sep 2021 , 10:59 pm        
រូបភាព
រូបភាពពីគណនីហ្វេសប៊ុក លោក វេង សាខុន។
រូបភាពពីគណនីហ្វេសប៊ុក លោក វេង សាខុន។
ភ្នំពេញ៖ ត្រឹមរយៈពេល៨ខែឆ្នាំ២០២១ កម្ពុជានាំស្វាយស្រស់ចេញទៅទីផ្សារអន្តរជាតិ បានចំនួន ១៦៣ ៨២៨,៥៥តោន និងតំណាប់ស្វាយចំនួន ១៤,០៨៧តោន។ ទីផ្សារនាំចេញធំសម្រាប់កម្ពុជាមាន ប្រទេសវៀតណាម ថៃ និងចិន។ នេះបើតាមលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


 
យោងតាមលទ្ធផលនៃការនាំចេញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញស្វាយស្រស់ក្នុងរយៈពេល៨ខែនេះ មានការកើនឡើងចំនួន ២៥១ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ក្នុងចំណោមស្វាយស្រស់ចំនួន ១៦ម៉ឺនតោន ក្នុងនោះជាង ១៤ម៉ឺនតោន ទៅប្រទេសវៀតណាម, ទៅប្រទេសថៃជាង ២.២ម៉ឺនតោន, ប្រទេសចិនជាង ២០០តោន, សាធារណរដ្ឋកូរ៉េប្រមាណ ១២៤តោន និងប្រមាណ ៦៧តោន ទៅហុងកុង សិង្ហបុរី និងកូវ៉ែត។
 
ដោយឡែក ការនាំចេញតំណាប់ស្វាយវិញ កើនឡើង ១៩៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ ក្នុងនោះតំណាប់ស្វាយជាង ១.១ម៉ឺនតោន នាំចេញទៅចិន, ប្រទេសថៃជាង ១ពាន់តោន, ហ្វីលីពីនជាង ៧៣៥តោន, ជប៉ុនជាង ៥០០តោន និងជាង ១០០តោនទៀត ទៅកាន់ប្រទេសវៀតណាម អង់គ្លេស សាធារណរដ្ឋកូរ៉េ អាម៉េរិក កាហ្សាក់ និងរូស្ស៊ី។ 
 
បើតាមរបាយការណ៍ដដែល ក្រៅពីស្វាយស្រស់ និងតំណាប់ស្វាយ កម្ពុជាក៏បាននាំចេញស៊ីរ៉ូស្វាយប្រមាណ ៤ពាន់តោន កើនឡើង ៧៩.០៤ភាគរយ។ ក្នុងនោះ នាំចេញទៅហ្វីលីពីន ៣៩២១.៦២តោន និង ១៤៨តោន ទៅកាន់ប្រទេសថៃ។ 
 
សូមជម្រាបថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅទីផ្សារអន្តរជាតិសរុប ៥៤៤,៨៩៤.៨៧តោន ទៅកាន់ប្រទេសទិសដៅចំនួន ៦៦ គឺមានការកើនឡើងចំនួន ២,៦២១,៥៦៦.០៣តោន ស្មើនឹង ៨៩.៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០៕
 
 
 

Tag:
 ដំណាំស្វាយ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com