ជាតិ
ជាខេត្តតូច តែកែប ជាតំបន់ទេសចរណ៍សមុទ្រដ៏មានសក្តានុពល
× កែប គឺជាខេត្តតូចជាងគេ ក្នុងចំណោមជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។ មានផ្ទៃដីតូចមែនពិត ប៉ុន្តែខេត្តកែប ដែលបង្កើតឡើងនៅឆ្នាំ២០០៨នេះ មានសក្តានុពលយ៉ាងច្រើនសម្បូរបែបដល់ទៅ៣៥កន្លែង ដែលមានឆ្នេរកែប, តំបន់សក្តានុពលកោះ, បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត។
ខេត្តកែបត្រូវបានបង្កើតឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដោយបំបែកចេញពីខេត្តកំពត និងមានទីរួមខេត្តឈ្មោះថា «ក្រុងកែប»។ បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ចំណងជើងថា« យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រកម្ពុជា» ខេត្តកែប មានផ្ទៃដីប្រមាណ៣៣៦គីឡូម៉ែត្រការ៉េ ដែលជាផ្ទៃដីតូចជាងគេ ធៀបនឹងបណ្តាខេត្តជាប់សមុទ្ររបស់កម្ពុជា។
នៅតាមបណ្តោយឆ្នេរប្រវែង ២៦គីឡូម៉ែត្រ គេឃើញមានដើមកោងកាង និងថ្មខ្មៅៗ។ ទឹកដីកែបនេះ មានកូនភ្នំតូចៗ ដែលសម្បូរទៅដោយព្រៃឈើ ស្ថិតនៅដាច់ៗពីគ្នា។ ជួរភ្នំកែប មានកម្ពស់៣០០ម៉ែតរ លយរហូតដល់សមុទ្រ។ នៅឆ្នាំ១៩៨០ ជើងភ្នំនេះ ត្រូវបានរៀបចំឲ្យមានឆ្នេរខ្សាច់ ជាទីក្រុងទេសចរណ៍សមុទ្រមួយ ដែលធ្លាប់មានប្រជាប្រិយភាព នៅក្នុងទស្សវត្សឆ្នាំ១៩៦០។ តែទីក្រុងនេះ ត្រូវបានបំផ្លាញដោយសង្គ្រាម ហើយការកសាងឡើងវិញប្រព្រឹត្តទៅយឺតៗ ព្រោះត្រូវរងការប្រកួតប្រជែង ពីក្រុងព្រះសីហនុ។ យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងកែបចាប់ផ្តើមមានសកម្មភាពឡើងវិញ ហើយចំនួនទេសចរជាតិ និងអន្តរជាតិ កើនឡើងយ៉ាងរហ័ស។
បើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់សារព័ត៌មានថ្មីថា៖« ខេត្តកែប កំពុងរៀបចំ និងពង្រីករមណីយដ្ឋានមួយចំនួនទៀត ដូចជាការចាក់ឆ្នេរ។ ការរៀបចំខ្សាច់កែច្នៃ នឹងធ្វើនៅតំបន់ផ្សារក្តាម និងមុខសាលាខេត្តផងដែរ»។ លោកបន្តថា បច្ចុប្បន្ន ខេត្តកែបមានតំបន់ទេសចរណ៍២០កន្លែង ដែលមានឧទ្យានជាតិកែប ជាបេះដូងនៃក្រុងកែប។
ប្រធានមន្ទីរទេសចរណ៍រូបនេះបានបន្ថែមថា ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តខេត្តកែបអាចជិះទូកមើលថ្ងៃលិច ក៏ដូចជាស្ទូចត្រី និងមុជទឹកមើលផ្កាថ្ម។ លើសពីនេះ ក៏មានតំបន់ភ្នំវល្លិ៍ ដែលជាទីតាំងសល់ពីសម័យខ្មែរក្រហម។ ទីតាំងនេះ ធ្លាប់ជាមជ្ឈមណ្ឌលធំជាងគេរបស់មេដឹកនាំខ្មែរក្រហម ដែលបច្ចុប្បន្នបានក្លាយជាទីតាំងដ៏មានសក្តានុពល ផ្នែកទេសចរណ៍ប្រវត្តិសាស្រ្ត។ ក្រៅពីទីតាំងទេសចរណ៍ ក៏មានម្ហូបសមុទ្រនៅផ្សារក្តាម ដែលភ្ញៀវទេចរមិនដែលមើលរំលង។
ក្នុងចំណោមតំបន់ជាច្រើនកន្លែងក្នុងខេត្តកែប កោះទន្សាយ ជាកោះជិតជាងគេ ដែលមានចម្ងាយ ៤,៥គីឡូម៉ែត្រ ពីក្រុងកែប។ កោះនេះមានផ្ទៃដី២គីឡូម៉ែត្រការ៉េ ដែលមានខ្សាច់សក្បុស និងមានទឹកសមុទ្រថ្លាល្អ រាក់ ហើយមានជម្រាលសមជាកន្លែងសម្រាប់ហែលកម្សាន្ត។ នៅបាតសមុទ្រមានផ្កាថ្ម សារាយ និងសត្វសមុទ្រជាច្រើន។ អ្នកភូមិតិចតួចរស់នៅដោយការនេសាទ សមុទ្រតូចតាច ថែរក្សាចម្ការដូង និងបម្រើសេវាទេសចរណ៍។ ចំណែកផលដែលគេប្រមួលបាន ត្រូវយកមកលក់នៅផ្សារកែប៕
© រក្សាសិទ្ធិដោយ thmeythmey.com