ជាតិ
លោក នេត្រ ភក្ត្រា៖ អ្នកចោលសំរាមតាមតំបន់ទេសចរណ៍ នឹងត្រូវផាកពិន័យ
06, Sep 2021 , 8:59 pm        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
ដោយ:
ភ្នំពេញ៖ និន្នាការដើរកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ មានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ សំរាមនៅតំបន់ទេសចរណ៍ទាំងនោះ ក៏នៅតែជាបញ្ហាប្រឈមដែរ។ ជុំវិញនឹងបញ្ហាបរិស្ថាននេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា មន្ទីរបរិស្ថាន អាចផាកពិន័យ ទេសចរ ដែលចោលសំរាមផ្ដេសផ្ដាស ដើម្បីការពារបរិស្ថានតាមតំបន់ធម្មជាតិ។ តម្លៃនៃការផាកពិន័យ យ៉ាងតិចណាស់ ២ម៉ឺនរៀល។


ការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដែលធ្វើឱ្យទេសចរអាចដើរកម្សាន្តតាមតំបន់ដាច់ស្រយាល គឺជាការនាំយកប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន ព្រមទាំងបញ្ឈប់ការចូលព្រៃកាប់ឈើ។ ការដើរកម្សាន្តរបស់ទេសចរទាំងនោះបានរួមចំណែកជួយប្រជាជនក្នុងសហគមន៍ និងការពារធនធានធម្មជាតិ។ ប៉ុន្តែវត្តមានភ្ញៀវទេសចរទៅតំបន់ធម្មជាតិ ក៏នាំមកនូវបញ្ហាសំរាម នៅសល់ពាសវាលពាសកាលលាយឡំជាមួយធម្មជាតិដែរ។
 
ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងបរិស្ថាន បានបន្តដាក់ធុងសំរាម និងឡដុតសំរាម តាមតំបន់ទេសចរណ៍ ប៉ុន្តែភ្ញៀវទេសចរមួយចំនួនមិនបានយកសំរាមបោះចោលក្នុងធុងសំរាមនោះទេ។ មូលហេតុនេះហើយ បានធ្វើឱ្យមានសំរាមសេសសល់បន្ទាប់ពីភ្ញៀវដើរកម្សាន្តហើយ។ ជុំវិញបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់សារព័ត៌មានThmeyThmey25 ថា មន្ទីរបរិស្ថាននឹងផាកពិន័យ ដល់អ្នកចោលសំរាមផ្ដេសផ្ដាស។
  

ការរៀបចំដាក់ឡដុតសំរាម នៅខេត្តកែប ។ រូបភាពពី លោក នេត្រ ភក្ត្រា

លោក នេត្រ ភក្ត្រា បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកមួយចំនួនបានយល់ពីបញ្ហាបរិស្ថាន ប៉ុន្តែមានជនមួយចំនួននៅចោលសំរាមផ្ដេសផ្ដាស។ ចំពោះបញ្ហានេះមន្ទីរបរិស្ថាន នឹងផាកពិន័យ ដល់ជនទាំងឡាយណាដែលចោលសំរាមនៅតំបន់ទេសចរណ៍។ ការផាក គឺទៅតាមស្ថានទម្ងន់ យ៉ាងតិចក៏ ២០ ០០០ រៀលដែរ។ ការផាកនេះមានចែងក្នុងប្រកាសអន្តរក្រសួង ក្នុងនោះមានក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ»។
 
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់ភ្ញៀវទេសចរឱ្យវិចខ្ជប់សំណល់របស់ខ្លួន មកចោលក្នុងធុងសំរាមវិញ បន្ទាប់ពីដើរកម្សាន្តរួច។ ការធ្វើបែបណនេះនឹងអាចរក្សានិរន្តភាពទេសចរណ៍បៃតង ដែលអាចឱ្យចំនួនទេសចរនៅតំបន់នោះមានការកើនឡើង និងអាចជួយជំរុញដល់ជីវភាពប្រជាជនមូលដ្ឋាន។
 
សូមជម្រាបផងដែរថាបច្ចុប្បន្នក្រសួងបរិស្ថាន គ្រប់គ្រងតំបន់ការពារធម្មជាតិ ៧១កន្លែងដែលមានផ្ទៃដីប្រមាណ៧លាន ២សែនហិកតា។ ក្រសួងបានបង្កើតសហគមន៍ការពារធម្មជាតិ ១៣២កន្លែង ក្នុងនោះ៣៦សហគមន៍បានបម្រើសេវាកម្មទេសចរណ៍។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានកំពុងធ្វើការលើគម្រោងអភិវឌ្ឍអេកូទេសចរណ៍ ១៨គម្រោងធំៗ និងគម្រោងតូចៗចំនួន ១៩៦៕
 

Tag:
 ThmeyThmey25
  នេត្រ ភក្ត្រា
  តំបន់ទេសចរណ៍ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com