អន្តរជាតិ
ថៃ គ្រោងបើកប្រទេសទាំងមូលទទួលទេសចរវិញដើមឆ្នាំ២០២២
06, Sep 2021 , 9:29 pm        
រូបភាព
ឆ្នេរខ្សាច់នៅកោះភូកេតប្រទេសថៃ។ រូបថត Xinhua
ឆ្នេរខ្សាច់នៅកោះភូកេតប្រទេសថៃ។ រូបថត Xinhua
ដោយ:
ក្រសួងទេសចរណ៍ និងកីឡាថៃ ប្រកាសផែនការទទួលទេសចរវិញទូទាំងប្រទេសក្នុងខែមករាឆ្នាំ២០២២ ខាងមុខនេះ។ ភ្ញៀវទេសចរ នឹងអាចដើរកម្សាន្តនៅដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ខណៈថៃកំពុងរៀបចំស្តង់ដាសុវត្ថិភាពក្នុងប្រទេសដើម្បីធានាសុវត្ថិភាពក្នុងប្រទេស និងទេសចរ។ យ៉ាងណាមិញ គម្រោងនេះ ក៏ផ្អែកលើភាពស៊ាំក្នុងសហគមន៍ផងដែរ



តាមផែនការ តំបន់ដែលមានសុវត្ថិភាពក្នុងប្រទេសថៃ នឹងបើកទទួលទេសចរវិញចាប់ពីដើមខែតុលា ឆ្នាំ២០២០ ខណៈប្រទេសទាំងមូលអាចនឹងបើកទទួលទេសចរអន្តរជាតិដោយមិនចាំបាច់ចត្តាឡីស័ក ក្នុងខែមករាឆ្នាំ២០២២។ ការបើកទទួលទេសចរអន្តរជាតិក្នុងប្រទេសថៃ គឺធ្វើឡើងតាមវិធានការធ្វើដំណើរពិសេសដែលអនុញ្ញាតឱ្យទេសចរទៅពីប្រទេសដែលមានហានិភ័យនៃជំងឺកូវីដ-១៩ ទាប ឱ្យទៅកម្សាន្តនៅប្រទេសថៃ។ 
 
រដ្ឋមន្រ្តីទេសចរណ៍ថៃ Phiphat Ratchakitprakarn និយាយក្នុងកិច្ចប្រជុំរវាងក្រសួង និងអាជ្ញាធរទេសចរណ៍ថា ខេត្តឈៀងមៃ ហួហ៊ីន និងជលបុរី ដែលបានរៀបចំស្តង់ដាសុវត្ថិភាពរួច នឹងបើកទទួលទេសចរតាមការគ្រោងទុកក្នុងខែតុលានេះ។ ដោយឡែក ខេត្តពេជ្របូរណ៌ ក៏កំពុងប្រញាប់រៀបចំស្តង់ដាសុវត្ថិភាពឱ្យបានរួចរាល់ ដើម្បីបើកទទួលភ្ញៀវក្នុងខែតុលានេះដែរ។
 
ដោយឡែក ការបើកទទួលទេសចរនៅរាជធានីបាងកក នឹងត្រូវពន្យារសិន។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោក Phiphat បញ្ជាក់ថា ក្រុងបាងកក គ្រោងបើកទទួលទេសចរក្នុងខែតុលា ប៉ុន្តែដោយសារប្រជាជនក្នុងតំបន់ត្រូវចាក់វ៉ាក់សាំងដូសទី២រួចរាល់ចុងខែតុលា ដូច្នេះការបើកទីក្រុងបាងកក ត្រូវពន្យាពេលដល់ខែវិច្ឆិកាវិញ។
 
ជាមួយគ្នានេះដែរ ថៃកំពុងប្រញាប់ រៀបចំស្តង់ដារសុវត្ថិភាពSOP ក្នុងប្រទេសឱ្យបានរួចរាល់ ក្នុងឆ្នាំនេះ ដើម្បីបើកទទួលទេសចរនៅដើមឆ្នាំក្រោយ៕
 

Tag:
 ThmeyThmey
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com