ជាតិ
ខ្លាឃ្មុំធំពីរក្បាល មិនអាចលែងចូលព្រៃធម្មជាតិវិញ ក្រោយពិការភាព
07, Sep 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយស្តារនីតិសម្បទារួច សត្វខ្លាឃ្មុំធំញីចំនួនពីរក្បាល មិនអាចលែងចូលព្រៃធម្មជាតិវិញទេ ដោយសារពិការភាព។ នេះបើតាមការអង្កេតតាមលក្ខណៈបច្ចេកទេសរបស់ ប្រធានគម្រោងនៅកម្ពុជា Free the Bears។


លោក ជួន វុទ្ធី ប្រធានគម្រោងនៅកម្ពុជា Free the Bears បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា  ខ្លាឃ្មុំញីពីរក្បាលនេះ មានរបួសដាច់ប្រអប់ជើងខាងស្ដាំដូចគ្នាៗ ហើយត្រូវបានព្យាបាល និងថែទាំអស់រយៈពេលជិត២ខែមកហើយ ។ ក្រោយស្តារនីតិសម្បទារួចមក លោក វុទ្ធី បានសង្កេតឃើញថា សុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់ខ្លាឃ្មុំទាំងពីរនេះ ល្អប្រសើរជាមុន នឹងឡើងទម្ងន់បាន៥គីឡូទៀតផង។ បច្ចុប្បន្នសត្វខ្លាឃ្មុំនេះ មានអាយុជាងកន្លះឆ្នាំ ហើយ អាចស៊ីចំណីបានធម្មតា។


រូបភាពដោយអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ

«ក្រុមការងារបច្ចេកទេសមិនទាន់សម្រេចលែងពួកវាចូលព្រៃវិញឬយ៉ាងណានៅឡើយទេ។ ទី១ អាចដោយសារថា ពួកវាត្រូវនៅស្តារនីតិសម្បទាបន្តយូរទៅទៀត ។ ទី២ មុននឹងយើងសម្រេចចិត្តឱ្យពួកវាទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ក៏ត្រូវសិក្សាពីឱ្យច្បាស់សិន ថាតើពួកវានៅមានចរិតសត្វព្រៃកម្រិតណា និងទី៣ ព្រៃដែលត្រូវលែងពួកវាចូលត្រូវជាព្រៃ ដែលមានសុវត្ថិភាពខ្ពស់បំផុតទើបអាចទុកចិត្តបាន»។ នេះបើតាមលោក ជួន វុទ្ធី។
 
បច្ចុប្បន្ន មជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃ្មុំ Free the Bears នៅភ្នំតាម៉ៅមានសត្វខ្លាឃ្មុំសរុបចំនួន ១២២ក្បាល ដែលកំពុងទទួលការមើលថែ និងស្តារនីតិសម្បទា ដោយក្រុមការងារបច្ចេកទេសសត្វប្រភេទនេះ៕
 

 រូបភាពដោយអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ
 

Tag:
 អង្គការសម្ព័នភាពសត្វព្រៃ
  ខ្លាឃុំ
  Free the Bears
© រក្សាសិទ្ធិដោយ thmeythmey.com